ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បង្ហាញនៅលើ Facebook របស់សម្តេចថា ចៅស្រីរបស់សម្តេច ឈ្មោះ ហ៊ុន ពេជ្រម៉ានីវលក្ខណ៍ ទទួលបានជ័យលាភីលេខ១ ក្នុងការប្រកួតព្យាណូ នៅសាលា ISPP រាជធានីភ្នំពេញ។
ជាមួយគ្នានោះដែរ សម្តេចតេជោ បានសំណូមពរឲ្យបងប្អូនជនរួមជាតិ មិនត្រូវធ្វេសប្រហែសទេ ក្នុងការអប់រំកូនចៅ ជាពិសេសក្នុងវ័យកុមារឲ្យ ចេះទទួលខុសត្រូវ និងប្រឹងប្រែងរៀនសូត្រ ហើយអាងលើសមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន ដើម្បីឲ្យក្លាយទៅជាវប្បធម៌ទទួលខុសត្រូវ សម្រាប់កូនចៅខ្មែរគ្រប់ជំនាន់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook ផ្លូវការរបស់សម្តេចនាយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០១៦ ថា៖ «ថ្ងៃនេះក្នុងនាមខ្ញុំជាជីតា គឺសប្បាយចិត្តខ្លាំងណាស់ដែលចៅស្រី ហ៊ុន ពេជ្រម៉ានីវលក្ខណ៍ បានទទួលជ័យលាភីលេខ១ ក្នុងការប្រកួតព្យាណូ (Piano) នៅសាលា ISPP ភ្នំពេញ។ ចៅស្រីខ្ញុំមិនត្រឹមតែចេះភាសាខ្មែរទេ គឺនាងចេះទាំងភាសាអង់គ្លេស និងភាសាចិនផងដែរ។ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ ចៅខ្ញុំ និងលទ្ធផលដ៏ល្អរបស់នាងនៅសាលារៀន គឺពិតជាបានបង្ហាញអំពីការយកចិត្តទុកដាក់ពីឪពុកម្តាយ ទោះបីរវល់មមារញឹកនិងការងារបែបណាក៏ដោយ ក៏នៅមានឱកាសអប់រំកូនបានល្អ។
កាន់តែសប្បាយថែមទៀតនៅពេលចៅចូលមករាយការណ៍ឱ្យជីតា អំពីលទ្ធផលប្រឡងរបស់គេដែលផ្តល់ឱកាសឱ្យខ្ញុំ ថតរូបជាមួយចៅយ៉ាងសប្បាយ។ ខ្ញុំស្គាល់ចិត្តយ៉ាងច្បាស់ថា ជីតាត្រូវការនូវលទ្ធផលរៀនសូត្រ ទើបគេចូលមករាយការណ៍ឱ្យជីតាមុនគេ។
ខ្ញុំសង្ឃឹមថា បងប្អូនជនរួមជាតិពិតមិនធ្វេសប្រហែសទេ ក្នុងការអប់រំកូនចៅ ជាពិសេសក្នុងវ័យកុមារឲ្យចេះទទួលខុសត្រូវ និងប្រឹងប្រែងរៀនសូត្រ ហើយអាងលើសមត្ថភាពចំណេះដឹងផ្ទាល់ខ្លួន ដើម្បីឲ្យក្លាយទៅជាវប្បធម៌ទទួលខុសត្រូវសម្រាប់កូនចៅខ្មែរគ្រប់»៕ ដោយមែនកំសត់