ភ្នំពេញ៖ នៅរសៀល ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាព នៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមពិធីបុណ្យសពរបស់ប្រជាពលរដ្ឋ ២នាក់ដែលរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ បានទទួលមរណភាពថ្ងៃផ្សេងគ្នា តែតំកល់ក្នុងវត្តតែមួយ គឺវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ពិធីនោះក៏មានវត្តមានចូលរួមពី លោក ចាន់ បណ្ឌិត តំណាងអភិបាលខណ្ឌដូនពេញ និងជាប្រធានយុវជនប្រតិកម្មរហ័សខណ្ឌដូនពេញ មន្ត្រីសាលាខណ្ឌ ក្រុមការងារយុវជនខណ្ឌ សង្កាត់ ក្រុមប្រឹក្សាសង្កាត់ ផ្សារកណ្ដាលទី១ តំណាងសង្កាត់ទួលសង្កែ មេភូមិ និង មន្ត្រីពាក់ព័ន្ធច្រើនរូបទៀត។
សម្ដេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសំដែងនូវក្ដីសោកស្ដាយ និងចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំ ទៅកាន់គ្រួសារនៃសព ហើយសម្ដេចក៏សូមបួងសួងនិងឧទ្ទិសកុសលដល់សពដែលបានស្លាប់នាពេលនេះ សូមទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមអោយវត្ថុស័ក្តិសិទ្ធិដែលមានក្នុងលោកមេត្តាតាមថែរក្សាដល់គ្រួសារនៃសព សូមសមប្រកបតែសេចក្ដីសុខចំរុងចំរើនជានិរន្ត។ នាឱកាសនោះសម្ដេច ក៏បានចូលរួមផ្ដល់ជូននូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដល់គ្រួសារនៃសពសម្រាប់យកដោះស្រាយចាត់ចែងក្នុងពិធីបុណ្យនិងប្រើប្រាស់ក្នុងជីវភាពផ្សេងទៀត។
តំណាងគ្រួសារសពមានសេចក្ដីត្រេកអរឥតឧបមានិងបានថ្លែងនូវអំណរគុណចំពោះថ្នាក់ដឹកនាំ និង ក្រុមការងារខណ្ឌសង្កាត់ដែលតែងតែគិតគូរពីទុក្ខលំបាក គ្រប់កាលៈទេសៈស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម ហើយសម្ដេចបានបន្តការអភិវឌ្ឍប្រទេសគ្រប់វិស័យ និងដោះស្រាយនូវរាល់សំណូមពរជូនប្រជាពលរដ្ឋបានល្អប្រសើរ៕ ដោយមែនកំសត់