ឯកឧត្តម ខៀវ កាញារីទ្ធ ចុះសាកសួរ​សុខទុក្ខ ផ្ដល់​សំភារៈ​ថវិកា​ដល់​អតីត​គ្រូបង្រៀន នៅ​វិទ្យាល័យ​ជី​ហែ​

25-January-2016 | ដោយ មួយឡា

​កំពង់ចាម​៖ នា​ថ្ងែទី​២៣ ខែ​មករា ឆ្នាំ​២០១៦ បន្ទាប់ពី​ការចូលរួម​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ នៅ​សាលាស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កោះសូទិន​បាន​ឆ្លៀតឱកាស​ចូលរួម​សួរសុខទុក្ខ​ចំពោះ​លោកគ្រូ សាង សាន ដែល​បង្រៀន​នៅ​វិទ្យាល័យ​ជី​ហែ ឃុំ​ពាមប្រធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម បច្ចុប្បន្ន​កំពុងមាន​ជំងឺលើសឈាម​។
 
​ពិធី​សំណេះសំណាល​នោះ​ក៏មាន​ការចូលរួម​ពី​លោក ផេន សុផល អភិបាលស្រុក​កោះសូទិន លោក ហេង ហ៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក មន្ត្រី​សាលាស្រុក មេឃុំ​ពាមប្រធ្នោះ និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​នាឱកាស​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សំដែង​នូវ​ក្ដី​អាណិត​ចំពោះ​លោក​គ្រួ សាង សាន ហើយ​សូម​កោតសរសើរ​សកម្មភាព​របស់​លោកគ្រូ​នាពេល​កន្លងមក​បាន​បំពេញការងារ​ក្នុងនាម​ជា​គ្រូ​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ លះបង់​តស៊ូ​ដើម្បី​បង្រៀន​សិស្សានុសិស្ស និង​អប់រំ​សិស្ស​អោយ​ក្លាយជា​មនុស្ស​ល្អ​ក្នុងសង្គម​។ គួរបញ្ជាក់​ផងដែ​រថា ស្ថានភាព​លោកគ្រូ សាង សាន នាពេលនេះ​មាន​សភាព​ធូរស្បើយ​ច្រើន​ហើយ តែ​កំពុង​នៅ​ព្យាបាល​បន្ត  បន្ទាប់មក​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានឧ​ប​ត្ត​ម្ភ ថវិកា​ចំនួន​២០០​ដុល្លា និង គ្រឿង​ឧបភោគបរិភោគ​មួយចំនួនទៀត​។ ឯកឧត្តម​បាន​សន្យា​ចេញថ្លៃ​រាល់​ការចំណាយ ព្យាបាល​ជំងឺ​លោកគ្រូ សាង សាន ឲ្យ​ជាសះស្បើយ ហើយ​និង​សាងសង់​បង្គន់​អនាម័យ​ជូន​លោកគ្រូ​សំរាប់​ប្រើប្រាស់​ទៀតផង​។

​តំណាង​គ្រួសារ​រួមទាំង​លោកគ្រូ សាង សាន មាន​ក្ដី​ត្រេកអរ​និង​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​និង​ក្រុមការងារ​ក្រសួង​ក៏ដូចជា​លោក​អភិបាលស្រុក រួមទាំង​អាជ្ញាធរ​ឃុំ ភូមិ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​និងឧ​ប​ត្ត​ម្ភដល់​គ្រួសារ​គាត់​ដែល​កំពុង​ជួប​ការខ្វះខាត​ថវិកា​ក្នុង​ការព្យាបាល​ជំងឺ និង​សូម​ជូនពរឲ្យ​ក្រុមការងារ​គ្រប់​ស្ថាប័ន​ជួបប្រទះ​តែ​សេចក្ដីសុខ និង​ឈ្នះ​មារ​សត្រូវ​ដើម្បី​រួមគ្នា​ដឹកនាំ​មូលដ្ឋាន​ស្រុក​រីកចំរើន​តទៅ​អនាគត​។​

​បន្ត​មកទៀត នៅ​ល្ងាច​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៦ លោក ផេន សុផល អភិបាលស្រុក​កោះសូទិន រួម​ដំណើរ មន្ត្រី​សាលាស្រុក ក្រុមប្រឹក្សា​ឃុំ​ពង្រ  បាន​នាំយក​ថវិកា​របស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​កោះសូទិន ចំនួន​២០០​ដុល្លា រួមជាមួយ​ថវិកា​អតីត​សិស្ស​ដែល​ធ្លាប់​រៀន​ក្នុង​ទ​ស្សវ​ត្យ​ទី​៨០​និង​ទី ៩០  ចំនួន​៣០០​ដុល្លា​។ ជាមួយគ្នានេះ ថវិកា​២,២៤០,០០០​រៀល ជា​ថវិកា​នៃ​ការរួបរួម​ប្រមូលគ្នា​របស់​សប្បុរសជន យកទៅ​ចូលរួម​បុណ្យសព​លោកគ្រូ ជឹម វ៉ាត អតីត​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ជី​ហែ ស្រុក​កោះសូទិន ដែល​បាន​ទទួលមរណភាព​នាពេល​ថ្មីៗ​នេះ ដោយ​រោគាពាធ ស្ថិតនៅក្នុង​ភូមិ​ប៉ាក់ណាម ឃុំ​ពង្រ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម​។​

​ក្នុងនាម​លោក​អភិបាល​ក៏​ដូច ជា​តំណាងឲ្យ​ឯកឧត្តម ខៀវ កាញារីទ្ធ សូម​ចូលរួម​សោកស្ដាយ​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ ជូន​ចំពោះ​គ្រួសារ​លោកគ្រូ ជឹម វ៉ាត ដែល​លោកគ្រូ​បាន​បង្ហាត់បង្រៀន​សិស្ស​តស៊ូ​គ្រប់បែបយ៉ាង គឺជា​គ្រូ​ដ៏​ល្អ​សំរាប់​សិស្ស​ដែល​ធ្លាប់​រៀន​នៅ​វិទ្យាល័យ​ជី​ហែ​កន្លងមក ។​

​លោក​អភិបាល​ក៏​សូម ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម​និង​លោកជំទាវ លោក លោកស្រី​មិត្តភក្តិ​ទាំងអស់​ដែលមាន​សទ្ធា​ជ្រះថ្លា​ចូល​បុណ្យ​គំរប់​៧​ថ្ងៃ​លោកគ្រូ ជឹម វ៉ាត និង​សូម​ជូនពរ​សព្វ​សាធុកា​កើតមាន​ដល់ លោក លោកស្រី​គ្រប់​សប្បុរសជន​ទាំងអស់ និង​សមប្រកប​បានតែ​សេចក្ដីសុខ​គ្រប់​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ ដោយ​មែន​កំសត់​

 

ចំនួនអ្នកទស្សនា

    20591857

  • ថ្ងៃនេះ4421
  • ម្សិលមិញ11441
  • សប្តាហ៍នេះ34251
  • ខែនេះ149401
  • ឆ្នាំនេះ149401
  • សរុប20591857