ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៦ មករា ស្អែកនេះ កម្រិតសីតុណ្ហភាពនៅតាមបណ្តាខេត្តមួយចំនួន នៅកម្ពុជា មានការធ្លាក់ចុះខ្លាំង ពី ១៦ ដល់ ១៤ អង្សារសេ។ ក្រសួងធនធានទឹក និង ឧតុនិយម ឲ្យដឹងថា ការចុះត្រជាក់នេះ ដោយសារតែកម្ពុជាទទួលរងឥទ្ធិពលជ្រលងសម្ពាធខ្ពស់ស៊ីបេរី។ ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់នេះ នឹងអស់ឥទ្ធិពលវិញ ចាប់ពីថ្ងៃទី ២៧ ខែមករា ខាងមុខនេះ។
កម្រិត សីតុណ្ហភាពអប្បបរមា ធ្លាក់ចុះខ្លាំងពី ១៦ ដល់ ១៤ អង្សារសេ នៅតាមបណ្តាខេត្តចំនួន ៩ នៅកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៦ ខែ មករា ស្អែកនេះ។ ខេត្តទាំងនោះរួមមាន ខេត្ត ឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ស្ទឹងត្រែង រតនៈគិរី និង មណ្ឌលគិរី។ នេះបើតាមការបញ្ជាក់របស់ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និង ឧតុនិយម។
ជាមួយគ្នានេះ ខេត្តមួយចំនួនដែលស្ថិតនៅតាមជួរភ្នំដងរែក សីតុណ្ហភាពនឹងអាចចុះត្រជាក់ រហូតដល់ ១២ ឬ ១១ អង្សារសេ។ យ៉ាងណាមិញ ចំពោះខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មិនមានការធ្លាក់ចុះខ្លាំង គួរឲ្យកត់សម្គាល់នោះទេ ពោលគឺចន្លោះពី ២២ ទៅ ២៤ អង្សារសេតែប៉ុណ្ណោះ ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញវិញ សីតុណ្ហភាពអប្បបរមា ធ្លាក់ចុះចន្លោះពី ១៩ ទៅ ២១ អង្សារសេ។
ពាក់ព័ន្ធនឹងការចុះត្រជាក់ដែលបានគ្របដណ្តប់តំបន់មួយចំនួននៅ កម្ពុជានេះ លោក ចាន់ យុត្ថា ឲ្យដឹងថា ដោយសារតែកម្ពុជាកំពុងទទួលរងឥទ្ធិពលប្រព័ន្ធជ្រលងសម្ពាធខ្ពស់ ស៊ីបេរី ឬមូសុងឥសាន។
យ៉ាងណាក៏ដោយ សីតុណ្ហភាពចុះត្រជាក់ខ្លាំងនេះ នឹងថមថយឥទ្ធិពលទៅវិញ ហើយ សីតុណ្ហភាពអតិបរមា នឹងចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ២៧ ខែ មករា ខាងមុខនេះ។
លោក ពន្យល់ថា ជាទូទៅក្នុងមួយឆ្នាំ នៅរដូវរំហើយ កម្ពុជា ទទួលរងឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់នេះ រយៈពេលពី ១៤ ទៅ ២០ ថ្ងៃ ប៉ុន្តែ នៅឆ្នាំ ២០១៦ នេះ មានលក្ខណៈចម្លែក។ ចម្លែកដោយសារតែ ឆ្នាំនេះ កម្ពុជានឹងរងឥទ្ធិពលមូសុងឥសាន ដែលធ្វើឲ្យសីតុណ្ហភាពត្រជាក់ខ្លាំង នេះត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ៕
ប្រភព៖ km.rfi.fr