ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី ( John Kerry ) បានធ្វើដំណើរតាមយន្តហោះ មកដល់ភ្នំពេញហើយ កាលពីម៉ោង ៧ យប់ ថ្ងៃចន្ទ ទី២៥ ខែមករា ឆ្នាំ២០១៦ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ផ្លូវការរយៈពេល ២ ថ្ងៃ នៅកម្ពុជា។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក នៅកម្ពុជា គឺដើម្បីជំរុញ និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា និងអាមេរិក។
សន្តិសុខ ត្រូវបានរឹតបន្តឹងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ត្រូវបានដាក់ពង្រាយ សូម្បីតែអ្នកកាសែត ក៏ត្រូវបានឆែកឆេរយ៉ាងម៉ត់ចត់ផងដែរ។
បន្ទាប់ពីចុះចតនៅភ្នំពេញ លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងទៅទស្សនកិច្ចសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែង នាព្រឹកព្រលឹមថ្ងៃអង្គារ ២៦ មករានេះ មុនពេលលោក ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាព្រឹកថ្ងៃទី២៦ ខែមករា។ បន្ទាប់ពីជួបពិភាក្សាជាមួយប្រមុខការទូតកម្ពុជា លោក ចន ឃែរី នឹងជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព ព្រមទាំងជួបលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
នៅម៉ោង ១២ និង ៣០ នាទី លោក ចន ឃែរី នឹងធ្វើសន្និសីទកាសែត ស្តីពី ដំណើរទស្សនកិច្ចរបស់លោក នៅសណ្ឋាគារ រ៉ាហ្វ័រ ឡឺ រ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ។
សូមរម្លឹកថា ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិកនៅកម្ពុជា នាពេលនេះ គឺធ្វើឡើង មុនដំណើរផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងទៅចូលរួមកិច្ចប្រជុំកំពូលរវាងអាមេរិក និងមេដឹកនាំអាស៊ាន នៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសហរដ្ឋអាមេរិក៕
ប្រភព ៖ cen.com.kh