ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយសម្រេចចូលរួមសង្កេតការណ៍លើការប្រឡងជ្រើសជ្រើស សិស្សចៅក្រមជំនាន់ទី៧នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ ដែលគម្រោងធ្វើឡើងនៅចុងខែកុម្ភៈខាងមុខនេះ។
នៅលើទំព័រហ្វេសប៊ុក ក្រសួងយុត្តិធម៌បានសរសេរថានៅរសៀលថ្ងៃទី២៥ ខែមករា ក្រសួងយុត្តិធម៌បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការប្រឡងជ្រើសរើស សិស្សចៅក្រមជំនាន់ទី៧ នៅទីស្តីការក្រសួងដោយមានការចូលរួមដោយឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ បើតាមព័ត៌មានលើហ្វេសប៊ុក ក្រសួងយុត្តិធម៌បានសម្រេចយកថ្ងៃទី២៧និង២៨ខែកុម្ភៈ សម្រាប់ការប្រឡងជ្រើសរើសសិស្សចៅក្រមនិងបានស្នើសុំកិច្ចសហការពី អង្គភាពប្រឆាំងអំពើពុករលួយចូលរួមសង្កេតការណ៍លើដំណើរទាំងមូលនៃ ការប្រឡងជ្រើសរើសនេះ ដើម្បីធានាឲ្យកាន់តែមានតម្លាភាពនិងភាពជឿទុកចិត្ត។
គួររំឭកថាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ អង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធមិនចូលរួមអង្កេតការណ៍លើដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រមជំនាន់ទី៧នៃរាជបណ្ឌិតសភា វិជ្ជាជីវៈតុលាការនោះទេ ដោយអង្គភាពនេះអះអាងថាស្ថាប័នរាជបណ្ឌិតសភា គ្មានឆន្ទៈនិងមិនមានការសហការល្អជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ។ ភ្លាមៗនោះ ក្រសួងយុត្តិធម៌បានប្រកាសលើកពេលប្រឡងដែលគ្រោងធ្វើនៅខែធ្នូ ឆ្នាំ២០១៥និងសម្រេចបញ្ជូនក្រុមការងារដើម្បីពិនិត្យឡើងវិញនូវបែបបទនិងនីតិវិធីប្រឡងសិស្សចៅក្រមជំនាន់ទី៧៕
ប្រភព៖ rasmeinews