ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ និងរបួសធ្ងន់ខណៈដែលជិះម៉ូតូឌុបគ្នាទៅធ្វើការត្រូវបានរថយន្តក្រុង របស់ក្រុមហ៊ុនវុឌ្ឃន៍ សុភាព បុកចំពាក់កណ្តាល យ៉ាងពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៦ នៅចំណុចផ្លូវលេខ ១៩៦៦ កែង១០១១ ក្រុម៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អ្នកស្លាប់ឈ្មោះ ខាន់ សារ៉ាន់ ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិ ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិត្រពាំងចិកសា ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។ ចំណែកអ្នករងរបួសធ្ងន់ ឈ្មោះ ចាន់ រិទ្ធិ ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។ រីឯតៃកុងរថយន្ត ឈ្មោះ អោម ទី ភេទប្រុសអាយុ ៣០ឆ្នាំធ្វើការនៅហ្គារាសក្រុមហ៊ុន នៅម្តុំផ្សារដើមគរ។ មានស្រុកកំណើតនៅភូមិដូង ឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុខពេលកើតហេតុគេឃើញមានបុរសពីរម្នាក់ជិះម៉ូតូហុនដាឌ្រីម ពណ៌ខ្មៅ សេរី២០១៥ មានស្លាកលេខ ភ្នំពេញ 1FJ-8326 ក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវ ១៩៦៦ ខណៈឆ្លងជិតផុតស្រាប់តែមានរថយន្តក្រុងពណ៌ស ឆ្នូតខៀវ ម៉ាក់ KIA ពាក់ស្លាកលេខភ្នំពេញ 3C-9288 ជារបស់ក្រុមហ៊ុនវុឌ្ឍន៍ សុភាព បើកបរតាមបណ្តោយផ្លូវលេខ១០១១ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំនុចខាងលើបានបុកម៉ូតូចំពាក់កណ្តាលពេញទំហឹង ខ្ទាតម៉ូតូ និងមនុស្សជាង១០ម៉ែត្របណ្តាលអោយរងរបួសធ្ងន់ដេកសន្លប់ស្តូកស្តឹងទាំងពីរនាក់នៅកន្លែងកើតហេតុ។
ប្រភពបានបន្តថា ក្រោយពីកើតហេតុមានរថយន្តសង្គ្រោះបន្ទាន់ឯកជន១គ្រឿង បានមកលើកជនរងគ្រោះតែម្នាក់ដាក់លើរថយន្តហើយត្រូវបានប្រជាពលរដ្ឋរារាំងអោយលើកអ្នករបួសទៅទាំងពីរនាក់ ក្រោយមកត្រូវបានអ្នកបើករថយន្តសង្គ្រោះ បានទម្លាក់អ្នករបួសខាងលើចុះមកវិញ។ មួយសន្ទុះក្រោយមកក៏មានរថយន្តសង្គ្រោះឈ្មោះ ឃឹម រ៉ានី មួយគ្រឿងទៀតមកដល់និងលើកអ្នករបួសតែម្នាក់ទៅបាត់បន្សល់ទុកបុរសម្នាក់សល់ដង្ហើមចង្រិតរហូតដល់ដាច់ខ្យល់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអធម។
ទាក់ទងនិងរថយន្តសង្គ្រោះទាំងពីរខាងលើត្រូវបានប្រជាពលរដ្ឋអះអាងថា រថយន្តទី១ជារបស់មន្ទីរពេទ្យ ឃឹម រ៉ានី ទួលគោកទី២ របស់មន្ទីរពេទ្យ IU សែនសុខ។
បច្ចុប្បន្នសពបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសុមៈ ដោយឡែករថយន្តបង្ក ម៉ូតូ និងអ្នកបើកបរ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕ ដោយមែន កំសត់