ភ្នំពេញ៖ សហគមន៍កសិកម្មសង្ហាផលខេត្តបាត់ដំបងទទួលបានពានរង្វាន់ស្រូវល្អ ជាងគេនៅក្នុងប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៦ ក្នុងការប្រកួតប្រជែងរកម្ចាស់ពានរង្វាន់ស្រូវ និងអង្ករល្អប្រណិតជាងគេរបស់ប្រទេសកម្ពុជា ដែលរៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation) សហការជាមួយសម្ព័ន្ធ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Federation of Association for Small and Medium Enterprise of Cambodia)។
គណៈកម្មការវាយតម្លៃស្រូវអង្ករ កម្ពុជាបានជ្រើសរើសប្រភេទស្រូវអង្ករជាង ៧០ មកពីតាមក្រុមហ៊ុន និងសហគមន៍នៅទូទាំងប្រទេស ឲ្យចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្ត ក្នុងពិធីអបរអរសាទរបុណ្យស្រូវអង្ករកម្ពុជា លើកទី៥ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ បន្ទាប់ពីគណៈកម្មការពិនិត្យវាយតម្លៃរួច ក្រុមហ៊ុន និងសហគមន៍ចំនួន ៥ បានទទួលពានរង្វាន់ស្រូវល្អ និងអង្ករប្រណិតកម្ពុជាប្រចាំឆ្នាំ២០១៦ រួមមាន ទីមួយ សហគមន៍កសិកម្មសង្ហាផលខេត្តបាត់ដំបង បានទទួលពានរង្វាន់ ស្រូវល្អប្រចាំឆ្នាំ ទីពីរ ក្រុមហ៊ុន Signature of Asia ខេត្តព្រះវិហារ ទទួលបានពានរង្វាន់អង្ករសគ្រាប់វែង ទីបី ក្រុមហ៊ុន AMRU Rice (Cambodia) Co., Ltd. ទទួលពានរង្វាន់អង្ករចំហុយ ទីបួន ក្រុមហ៊ុន Hung Hiep (Cambodia) Co., Ltd. បានទទួលពានរង្វាន់អង្ករក្រអូបធម្មតា និងទីប្រាំ, ក្រុមហ៊ុន City Rice Import Export Co., Ltd បានទទួលពានរង្វាន់អង្ករក្រអូបប្រណិត។
លោក និល សុភាព ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធអង្គការកសិករកម្ពុជា ដើម្បីអភិវឌ្ឍន៍ (ស.អ.ក.អ) និងជាតំណាងសហគមន៍កសិកម្មសង្ហាផលខេត្តបាត់ដំបង មានអារម្មណ៍រីករាយជាខ្លាំង នៅពេលសហគមន៍របស់លោកទទួលបានពានរង្វានស្រូវល្អកម្ពុជាប្រចាំឆ្នាំ ២០១៦។ លោកនិយាយថា ពានរង្វាន់នេះ ជាសមិទ្ធផលមួយដែលសហគមន៍របស់លោកបានខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ និងជ្រើសរើសពូជស្រូវល្អ យកមកចូលរួមក្នុងការប្រកួតឆ្នាំ ២០១៦ ។ លោកថ្លែងយ៉ាងដូច្នេះថា៖«សហគមន៍យើងជាង ២០០គ្រួសារ បានពិសោធន៍ជ្រើសរើស ពូជស្រូវរំដួល បានចូលរួមប្រកួតប្រជែង ព្រោះពូជស្រូវរំដូលកម្ពុជា បានជាប់ពានរង្វាន់ស្រូវ អង្ករលេខមួយ ថ្នាក់ពិភពលោកក្នុងឆ្នាំ ២០១២ ២០១៣ និងឆ្នាំ២០១៤»។
ក្នុងវេទិកាបុណ្យស្រូវអង្ករ កម្ពុជាលើកទី៥នេះ លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើឲ្យរដ្ឋាភិបាល បង្កើតគណៈកម្មការចម្រុះមួយ ដើម្បីជួយជ្រោមជ្រែងទាំងការចាប់ផ្តើម និងការអនុវត្តគម្រោងផ្សេងៗ ឲ្យកាន់តែទទួលបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់ ក្នុងវិស័យស្រូវអង្ករកម្ពុជា។ លោកស្នើថា គណៈកម្មការនេះ គួរមានសមាសភាពពីក្រសួងពាក់ព័ន្ធផ្សេងៗ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្មនិងសិប្បកម្ម, ក្រសួងរ៉ែនិងថាមពល, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងធនធានទឹកនិងឧតុនិយម។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រូបនេះបានបញ្ជាក់ដូច្នេះថា លោកយល់ថា នេះជាគំនិតនិងវិធីដ៍សំខាន់ ដើម្បីប្រមូលផ្តុំគ្រប់ភាគីពាក់ពាក់ព័ន្ធទាំងអស់ឲ្យឯកភាពគ្នា ទៅលើគំនិតនិងគោលការណ៍រួម ក្នុងគោលបំណងធ្វើឲ្យមានការសម្រេចចិតត្តនិងទំនួលខុសត្រូវ ច្បាស់លាស់៕
ប្រភព៖ thmeythmey