ពិធីបុណ្យទន្លេលើកទី ២ នឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី ១១ ដល់ ទី១៣ ខែមីនាខាងមុខនេះ នៅខេត្តកំពង់ចាម ដែលនេះជាពិធីបុណ្យរំលឹកគុណទន្លេ របស់ព្រះរាជាណាចក្រកម្ពុជា។
ការរៀបចំបុណ្យទន្លេនេះឡើង គឺដើម្បីបំផុសចលនាឲ្យប្រជាពលរដ្ឋ ចូលរួមអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តភាព ហើយវាក៏ចូលរួមអភិវឌ្ឍផលិតផលទេសចរ ដោយផ្តោតទៅលើ ធនធានធម្មជាតិ នៅតាមដងទន្លេមេគង្គផងដែរ។
កាលពីប្រារព្ធ ពិធីបុណ្យទន្លេលើកទី ១ គឺមានការតាំងបង្ហាញផលិតផលកសិកម្មជាច្រើន នាំមកពីបណ្តាខេត្តនានា ដែលមានប្រមាណជា ១០០ស្តង់ ហើយក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកីឡា ៧ប្រភេទឲ្យប្រកួត រួមមាន ប្រណាំងទូកប្រពៃណី ចំបាប់បុរាណ ឆ័ត្រយោង រត់ប្រណាំង ប្រណាំងកង់ ហែលទឹក និងប្រដាល់បុរាណ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេលើកទី ១ បានប្រារព្ធឡើងនៅក្នុងខេត្តក្រចេះ រយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី ១៣ ដល់ ១៥ ខែមីនា ឆ្នាំ ២០១៥កន្លងទៅនេះ ដែលទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជា ១សែននាក់៕