ភ្នំពេញ៖ នៅភោជនីយដ្ឋាន សេវេនប្រាយភ្នំពេញ ក្រសួងព័ត៌មានបានរៀបចំពីធិរំលឹកខួបលើកទី៣៧នៃកាសែតកម្ពុជា (កាសែតជំនាន់៧៩) ដែលបានរៀបចំនាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ។
ក្នុងពិធីនេះដែរ មានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ ជាមន្ត្រីរាជការក្រសួងព័ត៌មាន និងលោក លោកស្រីជា ចាងហ្វាងសារព័ត៌មានកាសែត បុគ្គលិកកាសែត ក្នុងស្រុកជាច្រើនរូបផងដែរ។
នាឱកាសដ៏រីករាយនិងស្និទ្ធស្នាលនេះ តាមការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន បានឲ្យដឹងថា ការប្រារព្ធពិធីរំលឹកខួបលើកទី៣៧នេះ គឺចង់រំលឹកដល់អ្នកកាសែត ដែលធ្លាប់ឆ្លងកាត់ពីរបបឆ្នាំ៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជាសម័យ របបខ្មៅងងឹត ហើយអ្នកកាសែតនៅជំនាន់នោះបានឆ្លងកាត់ថា ការយកព័ត៌មាន ឬការប្រមូលព័ត៌មានដើម្បីយកមកផ្សព្វផ្សាយកាលសម័យនោះជួបការលំបាក មិនដូចបច្ចុប្បន្ន បណ្ដាញព័ត៌មានមានភាពងាយស្រួល ដោយសង្គមជាតិ មានការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយប្រជាពលរដ្ឋចេះប្រើបច្ចេកវិទ្យាទំនើប មានដូចជា ហ្វេសបុក និងបណ្ដាញផ្សេងៗជាដើម។
លោកឧកញ៉ា ថុង អុយប៉ោ ប្រធានស្ថាបនិក កាសែត កោះសន្តិភាព បានលើកឡើង របៀបអ្នកកំប្លែងថា កាលសម័យនោះ មានកាសែត តិចតួចប៉ុណ្ណោះ និយាយរួមមានប្រហែល៣ទៅ៤កាសែត មិនដូចសម័យឥលូវមានកាសែតជាន់ជើងគ្នា ដើម្បីចង់បានព័ត៌មាននោះឡើយ។ លោកឧកញ៉ាក៏បានបន្តទៀតថា គាត់នៅចងចាំ កាសែតដែលមានសម័យនោះរួមមាន កាសែតកម្ពុជា កាសែតភ្នំពេញ និងកាសែតកងទ័ព ហើយកាសែតកម្ពុជា ដឹកនាំដោយ សមមិត្ត ខៀវ កាញារីទ្ធ ដែលសព្វថ្ងៃជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយស្ថាបនិកផ្សេងៗទៀត មានខ្លះក្លាយជា ទីប្រឹក្សា រដ្ឋាភិបាលខ្លះទៅនៅក្រៅប្រទេសដើម្បីស្វែងរកចំណូលសំរាប់ជីវភាពក្រោយពេលប្រទេសមានសុខសន្តិភាព ។
លោកក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបាននាំរូបលោក ឲ្យចូលរួមការងារកាសែតកម្ពុជា ហើយលោកបានប្រកបអាជីពនេះតាំងពីបាតដៃទទេរហូតដល់មានប្រជាប្រីយភាព និងទទួលបានការពេញនិយមពីសំណាក់អ្នកអាន ហើយជំនាន់នោះអ្នកកាសែតខ្លះគ្មានមធ្យោបាយ ដើរថ្មើរជើង ខ្លះជិះកង់ មួយស្រុកមានកង់តែ៤ទៅ៥ ប៉ុណ្ណោះ តែសម័យឥលូវនេះអ្នកកាសែត មានឡាន ទំនើបជិះនិងខ្លះមានវីឡាស្កឹមស្កៃទៀតផង នេះដោយសារប្រទេសមានការរីកចំរើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនេះ លោកឧកញ៉ា ក៏បានសំណូមពរដល់អ្នកសារព័ត៌មាន សូមមេត្តាគោរព វិជ្ជាជីវៈ មានសីលធម៌ ក្នុងនាមអ្នកសារព័ត៌មាន មុននឹងចេញអត្ថបទផ្សាយ រឿងអ្វីៗ សូមមេត្តាពិនិត្យឲ្យបានហ្មត់ចត់ ជៀសវាងបំភ្លើសព័ត៌មានមិនពិត ដើម្បីយកផលចំណេញផ្នែកនយោបាយនោះឡើយ ។
ពិធីរំលឹកខួបនៃអ្នកកាសែតកម្ពុជា សម័យឆ្នាំ៧៩ បានប្រកបដោយភាពសប្បាយរីករាយ និងមានជួបជុំ អាហារសាមគ្គី ១ពេលដ៏ឈ្ងុយឆ្ងាញ់ ក្រោមការឧបត្ថម្ភពីក្រសួងព័ត៌មាន៕ ដោយមែន កំសត់