សម្ដេច​តេ​ជោ ហ៊ុន សែន សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ធ្ងន់ៗ បង្វែរ​ទៅ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ជំនួស​វិញ​

26-January-2016 | ដោយ មួយឡា

ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៥ មករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​បើក​វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥ ។​

​ពិធី​នេះ​មានការ​ចូលរួម​ពី​គ្រប់​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​ស្រូវ​អង្ករ រួមមាន​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សហគមន៍​កសិកម្ម ក្រុមហ៊ុននាំចេញ​អង្ករ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​ដឹកជញ្ជូន តំណាង​ដៃគូ​អភិវឌ្ឍន៍ និស្សិត និង​ភ្ញៀវ​ជាតិ អន្តរជាតិ​មួយចំនួនទៀត​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា វេទិកា​នេះ ពិត​ជាមាន​សារសំខាន់​ដើម្បី​ធ្វើការ​ពិភាក្សា​លើ​បញ្ហា​ស្រូវ​អង្ករ ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ការជំរុញ​លើកស្ទួយ​ផលិតកម្ម​ដំណាំ​ស្រូវ ការកែច្នៃ និង​ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក និង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ទាំងមូល​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​អោយ​ស្ថាប័ន និង​ក្រុមហ៊ុន​ពាក់​ព័​ន្ឋ​នឹង​វិស័យ​ស្រូវ​អង្ករ​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត ក្នុងការ​ធ្វើអោយ​វិស័យ​ស្រូវ​អង្ករ​នេះ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត ។​

​ជាមួយគ្នា​នោះ សម្តេច​ក៏បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​មួយចំនួន​ដើម្បី​ទទួលបាន​ជោគជ័យ​លើ​វិស័យ​ស្រូវ​អង្ករ​នេះ​ដែល​ក្នុងនោះ មានដូចជា​៖ ១- ការ​ជ្រើស​ពូជស្រូវ ២- ផលិតកម្ម​ដំណាំ​ស្រូវ រួម​នឹង​ការដោះស្រាយ​បញ្ហា​ទឹក ៣- ការ​ទុកដាក់ ឃ្លាំង​ស្តុក និង​ម៉ាស៊ីន​ស​ម្ងួ​ត​ស្រូវ ៤- ការទទួល​ឥណទាន លើ​ផ្នែក​អា​ជីក​ម្ម​ស្រូវ​អង្ករ ៥- ការស្វែងរក​ទីផ្សារ នៃ​ការនាំចេញ​ស្រូវ​អង្ករ និង ៦- ការត្រៀមខ្លួន​របស់​ក​ម្ពុ​ជា​ក្នុងការ​នាំចេញ​អង្ករ​នាពេលខាងមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ការបញ្ឈប់​យក​ថ្លៃ​លើផ្លូវ​ជាតិ​លេខ​៤ គឺជា​ការចូលរួមចំណែក​លើកកម្ពស់​ជីវភាពរ​បស់​ប្រជាពលរដ្ឋ ព្រមទាំង​ជួយ​បង្កើន​ការប្រកួតប្រជែង​របស់​អ្នក​នាំចេញ​ផងដែរ តែ​ការដឹកជញ្ជូន​ធ្ងន់ៗ នៅតែ​ជា​បញ្ហា​នាំ​ឲ្យ​ផ្លូវ​ខូច​ធ្ងន់ធ្ងរ​។ ដើម្បី​បញ្ចៀស​បញ្ហា​ទាំងនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ធ្ងន់ៗ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ បង្វែរ​ទៅ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ជំនួស​វិញ ដើម្បី​បញ្ចៀស​ការ​ខូច​ផ្លូវ​។​

​នាឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ផ្ដល់​កិត្តិយស ក្នុង​ការប្រគល់​ពានរង្វាន់ ដល់​បណ្តា​ក្រុមហ៊ុន ស្រូវ​អង្ករ​មួយចំនួន ដែល​ទទួលបាន​ជោគជ័យ​លើ​ផ្នែក​អង្ករ​ដែលមាន​គុណភាព​ល្អ​ប្រណិត ព្រមទាំង​បាន​អញ្ជើញ​ទស្សនា​ស្តង់​តាំងពិព័រណ៍ បង្ហាញ​ពី​ផលិតផល​ស្រូវ​អង្ករ តាម​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ ក្នុង​បរិយាកាស​ស្និទ​ស្នាល​រីករាយ​ក្រៃលែង​៕

ចំនួនអ្នកទស្សនា

    20593577

  • ថ្ងៃនេះ6141
  • ម្សិលមិញ11441
  • សប្តាហ៍នេះ35971
  • ខែនេះ151121
  • ឆ្នាំនេះ151121
  • សរុប20593577