វីរុសដ៏កាចសាហាវ Zika ត្រូវបានគេដឹងថា ត្រូវបានរកឃើញនៅកម្ពុជា កាលពីឆ្នាំ ២០១០ ហើយវាជាមេរោគដែលចម្លងមកមនុស្សតាមរយៈមូសខ្លាខាំ ដែលត្រូវបានរកឃើញលើកដំបូង នៅលើសត្វស្វានៅក្នុងឆ្នាំ ១៩៤៧ នៅក្នុងប្រទេសអ៊ូហ្គង់ដា ក្នុងទ្វីបអាហ្វ្រិក។
កាលពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ វីរុសនេះត្រូវបានរកឃើញនៅក្នុងប្រទេសថៃ តែត្រូវបានធ្វើការទប់ស្កាត់ទាន់ពេល ហើយថ្មីៗនេះនៅកំឡុងខែមករា ឆ្នាំ២០១៦ វីរុស Zika ត្រូវបានគេរកឃើញនៅក្នុងប្រទេសតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។
នាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាល បានកំពុងពង្រឹងប្រព័ន្ធតាមដានជំងឺ តាមរយៈការធ្វើតេស្តអ្នកជំងឺ និងពលរដ្ឋដែលត្រលប់មកពី អាហ្វ្រិក និងអាមេរិក។
បច្ចុប្បន្នមានសេចក្តីណែនាំភ្លាមៗរបស់ CDC ដល់ប្រជាពលរដ្ឋរបស់ខ្លួន ជាពិសេសស្ត្រីមានផ្ទៃពោះ កុំឲ្យធ្វើដំណើរទៅកាន់ទីកន្លែងចំនួន ២២ស្ថិតនៅក្នុងទ្វីបអាមេរិកឡាទីន និង នៅការីប៊ីន ដែលកំពុងរាលដាលវីរុស Zika នេះ។
អ្នកដែលឆ្លងមេរោគថ្មីនេះ មានអាការៈ ក្ដៅខ្លួន ឈឺក្បាល ឡើងរមាស់ ឈឺសន្លាក់ និងភ្នែកឡើងក្រហម ពោលគឺ មានអាការៈនិងរោគសញ្ញា ដូចគ្នានឹងជម្ងឺគ្រុនឈាម។ អី្វដែលគួរឲ្យខ្លាចជាងនេះ វីរុសនេះអាចបណ្ដាលទារកក្នុងផ្ទៃ មានក្បាលតូច ឬអាចឲ្យស្ត្រីមានផ្ទៃពោះរលូតកូន ប្រសិនបើមានមេរោគនេះជ្រាបចូលក្នុងខ្លួន ជាពិសេសកុមារអាយុក្រោម ១ខួប ប្រសិនបើកុមារត្រូវមុសខ្លាខាំ នឹងអាចគ្រោះថា្នក់ដល់ជីវិត។
កាលពីពេលថ្មីៗចុងក្រោយនេះវីរុស Zika ទើបតែបានឆ្លងទៅលើបុរសជនជាតិថៃម្នាក់ និង ៣ករណីទៀតនៅសហរដ្ឋអាមេរិក។ តែសម្រាប់ប្រទេសកម្ពុជា វីរុសនេះ បច្ចុប្បន្នពុំទាន់ឃើញមានករណីឆ្លងនៅឡើយទេ។ យ៉ាងណាក៏ដោយលោកមន្ត្រីសុខាភិបាលកម្ពុជា សូមអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ ប្រុងប្រយ័ត្នចំពោះការឆ្លងនៃវីរុសថ្មីនេះ ដោយការការពារកុំឲ្យមូសខ្លាខាំ។ ហើយប្រសិនបើលោកអ្នកសង្ស័យ សូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យ ឬទូរស័ព្ទមកលេខ ១១៥/ ០១២ ៤៨៨ ៩៨១ / ០៨៩ ៦៦៩ ៥៦៧៕
ប្រភព៖ Bu-cambodia