ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិក និងនិស្សិតបុគ្គលិកខ្មែរចំនួន ១១០នាក់ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត តាន់ ស៊ុង (Dr. Song Tan) បានចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។
លោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានមានប្រសាសន៍ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិក ដឹកនាំដោយលោកវេជ្ជបណ្ឌិត តាន់ ស៊ុង (Dr. Song Tan) បានចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ គឺផ្តោតលើការព្យាបាលជំងឺទូទៅ រួមមាន៖ ជំងឺកុមារ ជំងឺភ្នែក មាត់ធ្មេញ ច្រមុះត្រចៀក បំពង់-ក ក្រពះពោះវៀន រោគស្ត្រី ពិនិត្យផ្ទៃពោះ ជំងឺផ្លូវចិត្ត ជំងឺសើរស្បែក ជំងឺកាមរោគ ពិការភាព និងបង្រៀនពីការប្រើប្រាស់ដៃសិប្បនិម្មិត -ល- ព្រមទាំងផ្តល់ថ្នាំសម្រាប់ទ្រទ្រង់ដល់សេវាព្យាបាលផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង និងឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក និងនិស្សិតបុគ្គលិកខ្មែរទាំងអស់ ដែលបានចូលរួមក្នុងនាមជាបុគ្គល និងថវិការយ៉ាងសន្ធឹកសន្ធាប់ ក្នុងការផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងខេត្តពោធិ៍សាត់ ដែលកំពុងប្រឈមបញ្ហាសុខភាព។
ឯកឧត្តមបានថ្លែងទៀតថា នេះជាឱកាសល្អណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺ ហើយកន្លងមកគ្មានលទ្ធភាពព្យាបាលនោះ។ ហើយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានមកពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនដោយឥតគិតថ្លៃ សូមបងប្អូនដែលមានជំងឺផ្សេងៗ អញ្ជើញមកឲ្យបានរួសរាន់ ព្រោះក្រុមគ្រូពេទ្យ មានពេលវេលាតែរយៈពេល ១០ថ្ងៃប៉ុណ្ណោះ។
ឯកឧត្តម ក៏បានស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បន្តបេសកកម្មជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាក់ស្តែងក្នុងខេត្តពោធិ៍សាត់ ឲ្យបានញឹកញាប់៕
ប្រភព៖ ann.com