ព្រះរាជក្រឹត្យ ស្តីពីការតែងតាំងឯកអគ្គរាជទូតចំនួន៥រូប បានឡាយព្រះហស្តលេខា ដោយព្រះបរមនាថ នរោត្តម សីហមុនី ដែលសម្រេចតែងតាំងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាចំនួន៥រូប កាលពីថ្ងៃទី០៤ មករា ឆ្នាំ២០១៦ ។
ព្រះរាជក្រឹត្យបានគូសបញ្ជាក់ថា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពទាំង៥រូបនេះ រួមមាន៖
ទី១. លោក តាន់ ប៊ុនប៉ា ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត និងជាឯកអគ្គរាជទូតតែងតាំងប្រចាំសហភាពអារ៉ាប់អេមីរ៉ាត រដ្ឋកាតា ព្រះរាជាណាចក្របារ៉ែន និងប្រទេសអូម៉ង់ (Sultanate of Oman) ដែលមាននិវេសនដ្ឋាននៅរដ្ឋកូវ៉ែត ដែលបច្ចុប្បន្ន លោកជាអធិការនៃអគ្គាធិការដ្ឋាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ទី២. លោក ស្មាន ម៉ាណាន ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋអារ៉ាប់អេ ហ្ស៊ីប ដែលបច្ចុប្បន្ន លោកជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំរដ្ឋកូវ៉ែត និងជាឯកអគ្គរាជទូតប្រចាំសហភាពអារ៉ាប់អាមីរ៉ាត រដ្ឋកាតា ព្រះរាជាណាចក្របារ៉ែន និងប្រទេសអូម៉ង់ (Sultanate of Oman) ដែលមាននិវេសនដ្ឋាននៅរដ្ឋកូវ៉ែត។
ទី៣. អ្នកស្រី រត្ន ម៉ានី ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្ន អ្នកស្រីជាប្រធាននាយកដ្ឋានសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ទី៤. លោក ចែម វីឌ្យ៉ា ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងជាឯកអគ្គរាជទូតតែងតាំងប្រចាំប្រទេសអេស្ប៉ាញ អ៊ីតាលី ព័រទុយហ្គាល់ ក្រិក បូរីក្សត្រអង់ដ័រ ម៉ាល់តា និងស៊ីប ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស ដែលបច្ចុប្បន្ន លោកជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
និងទី៥. លោក មាសកេត្ថ ដាវីដ ជាប្រតិភូអចិន្ត្រៃយ៍រងនៃស្ថានប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រ កម្ពុជាប្រចាំអង្គការយូណេស្កូ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ដោយមានឋានជាអគ្គរាជទូត ដែលបច្ចុប្បន្ន លោកជាអនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ការប្រកាសតែងតាំងឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពទាំង៥រូបនេះ គឺយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០១១៦/០០១ លេខនស/រកត/០១១៦/០០៣ លេខនស/រកត/០១១៦/០០៥ លេខនស/រកត/០១១៦/០០៦ និងលេខនស/រកត/០១១៦/០០៧ ដែលឡាយព្រះហស្តលេខាកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ដោយព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
ប្រភព ៖ thmeythmey.com