អំពើពុករលួយ​នៅ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៥០ ក្នុងចំណោម ១៦៨​ប្រទេស

28-January-2016 | ដោយ មួយឡា

​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រកឃើញថា កម្ពុជា​នៅតែ​ស្ថិតក្នុង​ចំណោម​ប្រទេស​ដែលមាន​អំពើពុករលួយ​កម្រិត​ខ្ពស់​នៅឡើយ​នៅលើ​ពិភពលោក​។ ការលើកឡើង​បែបនេះ ផ្អែកទៅលើ​របាយការណ៍​ស​ន្ទ​ស្សន៍​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០១៥ ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ដែល​បង្ហាញថា កម្ពុជា​ស្ថិតក្នុង​លេខ​រៀង​ទី​១៥០ ក្នុងចំណោម​ប្រទេស ១៦៨​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ឱក សេរី​សោ​ភក្តិ៍ មានប្រសាសន៍ថា លទ្ធផល​ស្ដីពី​អំពើពុករលួយ​ឆ្នាំ​២០១៥ នេះ បាន​ឆ្លុះបញ្ចាំង​ថា ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល​ក្នុងការ​ធ្វើកំណែទម្រង់ និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ​។​

​លោក ឱក សេរី​សោ​ភក្តិ៍ លើកឡើង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពីស​ន្ទ​ស្សន៍​ការយល់ឃើញ ពី​អំពើពុករលួយ​ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ រ៉ូយ៉ាល់ នៅ​ព្រឹក​ថ្ងៃទី​២៧ មករា​៖ "​ខណៈដែល​ការធ្វើកំណែទម្រង់​វិស័យ​មួយចំនួន​ត្រូវបាន​កត់សម្គាល់ និង​ទទួលបាន​ការស្វាគមន៍ វា​ជាការ​ចាំបាច់​ណាស់​ដែលរ​ដ្ឋា​ភិ​បាល​ត្រូវ​បន្តធ្វើ​កំណែទម្រង់​ទៅលើ ស្ថាប័ន​សាធារណៈ​នានា ដោយ​ផ្តោតទៅលើ​ស្ថាប័ន​សំខាន់ៗ ដូចជា​ប្រព័ន្ធតុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ព្រមទាំង​ស្ថាប័ន​ដែល​ផ្ដល់​សេវាសាធារណៈ​"​។​

​ភ្លាមៗ​នោះ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិនទៀង ច្រានចោល​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នេះ​ដោយ លោក លើកឡើងថា របាយការណ៍​នេះ​ធ្វើឡើង​ផ្អែកលើ​ទស្សនៈ​មនុស្ស និង​ក្រុមមនុស្ស​ដែល​ធ្វើឱ្យ​លទ្ធផល​លម្អៀង និង​មិន​ត្រឹមត្រូវ តាម​បរិបទ និង​ការ​វិវឌ្ឍន៍​ជាក់ស្ដែង​។​

លោក ឱម យ៉ិនទៀង អះអាង​ទៀតថា ស្ថាប័ន​របស់លោក​មាន​ភាព​ឯករាជ្យ​ខាង​ប្រតិបត្តិការ មិនគួរណា​អង្គការ​តម្លាភាព​កម្ពុជា លើក​បញ្ហា​នេះ​ឡើង​នោះឡើយ​៖ «​បើ​យើង​ពិនិត្យ​លើ​ភាពជាក់ស្ដែង ការដាក់​ពិន្ទុ​របៀបនេះ គ្មានអ្វី​ក្រៅពី​របៀបវារៈ​នយោបាយ​ទេ ហើយ​មិន​លើកទឹកចិត្ត​ដល់​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ទេ គឺ​គេ​តម្រូវ​តែ​នយោបាយ​របស់គេ​ទេ​។ ឧទាហរណ៍​ប្រទេស​ដែល​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ខ្លាំង បែរជា​គេ​ដាក់ពិន្ទុ​ឱ្យទាប​តាមតែ​ការនឹកឃើញ​របស់គេ​»​។​

​អំពើពុករលួយ​មាន ៦​ទម្រង់ គឺ​ការស៊ីសំណូក ការកេងប្រវ័ញ្ច ការលួចបន្លំ ការ​សម្លុត​គំរាម បញ្ហា​បក្សពួក ឬ​គ្រួសារនិយម និង​អំពើពុករលួយ​ផ្នែក​នយោបាយ​។​

​របាយការណ៍​ស​ន្ទ​ស្សន៍​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០១៥ របស់​អង្គការ​តម្លាភាព​អន្តរជាតិ បង្ហាញថា កម្ពុជា​ទទួលបាន​ពិន្ទុ ២១ ស្ថិតក្នុង​លេខ​រៀង​ទី​១៥០ ក្នុងចំណោម​ប្រទេស ១៦៨​។ ចំណាត់ថ្នាក់​នេះ​បង្ហាញថា កម្ពុ​ជាមាន​ស្ថានភាព​អំពើពុករលួយ​ខ្លាំងជាងគេ​នៅ​អាស៊ីអាគ្នេយ៍ គឺ​ស្ថិតនៅក្រោម​មី​យ៉ាន់​ម៉ា និង​ឡាវ ទៅទៀត​។​

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បញ្ជាក់ថា ការទទួលបាន​ពិន្ទុ​តិច​នេះ គឺ​ដោយសារ​កម្ពុជា ទទួលបាន​ពិន្ទុ​ទាប​នៅក្នុង​ស​ន្ទ​ស្សន៍​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌ ពិភពលោក​ឆ្នាំ​២០១៥​។ លោក ព្រាប កុល បន្តទៀតថា កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ជា​រឿង​ដ៏​ចាំបាច់​បំផុត​ដែល​កម្ពុជា ត្រូវធ្វើ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​

​កាលពី​ឆ្នាំ​២០១៤ កម្ពុជា​ក៏​ទទួលបាន​ពិន្ទុ ២១ ដូចគ្នា តែ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១៥៦ ក្នុងចំណោម​ប្រទេស ១៧៥​។​

​យោងតាម​លោក ព្រាប កុល ការទទួលបាន​ចំណាត់ថ្នាក់​ល្អ​ឡើង​មិនមែន​បង្ហាញ​ស្ថានភាព​ប្រឆាំង អំពើពុករលួយ​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ល្អ​ជាង​ឆ្នាំ​២០១៤​ទេ តែ​ដោយសារតែ​ប្រទេស​មួយចំនួន​ត្រូវបាន​ដកចេញ​ពី​បញ្ជី​វាយតំ​លៃ​របស់ អង្គការ​តម្លាភាព​អន្តរជាតិ​។ លោក​បាន​បន្តទៀតថា តាមពិត​នៅ​កម្ពុជា ទោះ​ជាមាន​កំណែទម្រង់​និង​ភាពល្អប្រសើរ​នៅក្នុង​វិស័យ​ខ្លះ ដូចជា​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួង​អប់រំ​...​តែ​ក៏មាន​វិស័យ​ខ្លះ​ធ្លាក់​ក្នុង​អំពើពុករលួយ​ខ្លាំង​ឡើង ពោលគឺ​វិស័យ​យុត្តិធម៌ ដែល​ទាញ​ពិន្ទុៈ​ពី​វិស័យ​ផ្សេងៗ​អោយនៅ​២១​ដូច​ឆ្នាំ​២០១៤​ដដែល​៕

​ប្រភព​៖ rasmeinews

ចំនួនអ្នកទស្សនា

    20595517

  • ថ្ងៃនេះ8081
  • ម្សិលមិញ11441
  • សប្តាហ៍នេះ37911
  • ខែនេះ153061
  • ឆ្នាំនេះ153061
  • សរុប20595517