ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងក្តីព្រួយបារម្ភអំពីបញ្ហាគ្រឿងញៀនដែលបាននិងកំពុងវាយលុក បំផ្លាញអនាគត របស់យុវជន យុវនារីមួយចំនួន ហើយដើម្បីធានាប្រសិទ្ធភាពបំបាត់ចោលគ្រឿងញៀន ដើម្បីកម្ពុជាគ្មានគ្រឿងញៀន ប្រជាពលរដ្ឋទាំងអស់ពិសេសយុវជនកុំសេពគ្រឿងញៀន ហើយគ្រប់គ្នាត្រូវឆ្លើយថា “ទេ”។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់សម្តេចនៅព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦នេះថា ក្មួយៗ កូនៗ យុវជន យុវនារី ជាទីស្រឡាញ់!បញ្ហាគ្រឿងញៀនបានក្លាយជាប្រធានបទដ៏ធំរបស់ពិភពលោក របស់តំបន់ និងនៅតាមប្រទេសនីមួយៗ។ ដោយឡែក សម្រាប់កម្ពុជាយើង គ្រឿងញៀនបាននឹងកំពុងវាយលុកបំផ្លាញអនាគត របស់យុវជន យុវនារីមួយចំនួន ដែលធ្វើអោយពួកគេក្លាយជាជនរងគ្រោះ បណ្តាលមកពីពួកឧក្រិដ្ឋជនដែលជួញដូរ និងចែកចាយគ្រឿងញៀន។
សម្តេចតេជោ បានបន្តថា នៅក្នុងស្ថានភាពបែបនេះ បានដាក់អោយមាតាបិតា អាណាព្យាបាលរបស់យុវជន យុវនារីដែលញៀនគ្រឿងញៀន ស្ថិតក្នុងស្ថានភាពជាជនរងគ្រោះធ្ងន់ធ្ងរជាងកូនចៅដែលរងគ្រោះដោយសារ គ្រឿងញៀនទៅទៀត។ ពួកគាត់ត្រូវសម្រក់ទឹកភ្នែកដោយសារកូន គាត់ត្រូវអស់ប្រាក់កាសដោយសារកូន គាត់បាត់កិត្តិយសដោយសារកូន ហើយកាន់តែធ្ងន់ធ្ងរនៅពេលដែលកូនទៅគម្រាមឪពុកម្តាយ និងបានវាយធ្វើបាបទារលុយទៅទិញគ្រឿងញៀន ។ល។
សម្តេចតេជោបានសរសេរថា អាជ្ញាធរមានសមត្ថកិច្ចបានខិតខំយ៉ាងខ្លាំងដើម្បីទប់ស្កាត់គ្រឿងញៀន និងមានវិធានការអប់រំផង និងវិធានការផ្លូវច្បាប់ផង ដែលមានការចាប់ខ្លួនបញ្ជូនទៅតុលាការសម្រាប់អ្នកជួញដូរ និងចែកចាយគ្រៀងញៀន និងរៀបចំមណ្ឌលដើម្បីធ្វើនីតិសម្បទារអ្នកដែលញៀនគ្រឿងញៀន។ ខ្ញុំនិងភរិយា បានចូលរួមផ្គត់ផ្គង់ថវិកាប្រចាំខែសម្រាប់មជ្ឈមណ្ឌល៣ គឺ២ នៅបាត់ដំបង និង ១ នៅបន្ទាយមានជ័យ ដើម្បីបន្សាបគ្រឿងញៀនដល់អ្នកញៀនគ្រឿងញៀន។
សម្តេចបានបញ្ជាក់ថា "ខ្ញុំយល់ថាវិធានការដែលចេញពីរាជរដ្ឋាភិបាល កម្លាំងមានសមត្ថកិច្ច និងពីតុលាការ រហូតពន្ឋនាគារ វាមិនគ្រប់គ្រាន់ទេ។ ដើម្បីបំបាត់ចោលនូវគ្រឿងញៀននេះ និងដើម្បីធានាប្រសិទ្ធភាពបំបាត់ចោលគ្រឿងញៀន ដើម្បីកម្ពុជាគ្មានគ្រឿងញៀន គឺមនុស្សទាំងអស់ កុំសេពគ្រឿងញៀន ហើយគ្រប់គ្នាត្រូវឆ្លើយថា “ទេ”។ បុគ្គលម្នាក់ៗ មិនថាចាស់ ក្មេង ប្រុស ស្រី គឺត្រូវខិតខំដោយខ្លួនឯង។ រីឯគ្រួសារនីមួយៗ ត្រូវគ្រប់គ្រងអប់រំកូនចៅ នៅក្រោមអាណាព្យាបាលអោយបានល្អ។ សាលារៀន គ្រូ សាស្ត្រាចារ្យត្រូវផ្តល់ការអប់រំចំពោះសិស្សនិស្សិត។ ចំពោះសិស្ស និស្សិត តាមរយះសកម្មភាពមិត្តអប់រំមិត្តអោយចាកឆ្ងាយពីគ្រឿងញៀន ដើម្បីរួមចំណែកទប់ស្កាត់គ្រឿងញៀន។ ព្រះសង្ឃក្នុងនិកាយព្រះពុទ្ឋសាសនា ថ្នាក់ដឹកនាំសាសនាអ៊ីស្លាម គ្រូប្រដៅសាសនាក្នុងគ្រឹះសាសនា ក៏អាចចូលរួមក្នុងការងារនេះដោយការអំពាវនាវដល់បរិស័ទរបស់ខ្លួន កុំអោយប្រព្រឹត្តិគ្រឿងញៀន។ ប្រព័ន្ឋផ្សព្វផ្សាយគ្រប់ប្រភេទ សិល្បករ សិល្បការិនី ពិធីករ ពីធីការនីនៃវិទ្យុ និងទូរទស្សន៍ សុទ្ធតែមានលទ្ឋភាពធ្វើបាន កុំអោយយុវជនយុវនារីសេពគ្រឿងញៀន ។ ក្នុងនោះអ្នកលេងហ្វេសប៊ុក (Facebook fans) ក៏អាចចូលរួមវិភាគទានតាមរយៈផ្តល់មតិ (Comments) លើបញ្ហាគ្រឿងញៀនផងដែរ"។
សម្តេចតេជោបានបន្ថែមថា "ខ្ញុំយល់ថាសំខាន់ដើម្បីបញ្ចប់គ្រឿងញៀន គឺគ្រប់ៗគ្នាត្រូវតែនិយាយថា “ទេ” បដិសេធគ្រឿងញៀន នោះទើបអ្នកជួញដូរគ្រឿងញៀន ក៏គ្មានទីផ្សារដើម្បីលក់គ្រឿងញៀនទៀតដែរ។
សូមបងប្អូនកុំបារម្ភថាខ្លាចសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនគ្មាន ការងារធ្វើ ឬខ្លាចតុលាការគ្មានសំណុំរឿងគ្រឿងញៀនកាត់ក្តី និងខ្លាចពន្ឋធនាគារគ្មានមនុស្សជាប់គុកដោយសារគ្រឿងញៀន"៕
ប្រភព៖ rasmeinews