អ្នកស្រី អ៊ិន ច័ន្ទបូរី បានមានប្រសាសន៍ថា ហេតុផលចម្បង ដែលសហគ្រិន ឬសហគ្រាសធំៗគួរទិញធានារ៉ាប់រងអាយុជីវិត សម្រាប់បុគ្គលិករបស់គាត់ គឺដើម្បីរក្សា និងលើកទឹកចិត្តបុគ្គលិករបស់គាត់។ ការទិញធានារ៉ាប់រងអាយុជីវិតសម្រាប់បុគ្គលិក គឺប្រៀបដូចជាការធានាសម្រាប់គ្រួសាររបស់ពួកគាត់ដែរ ពោលគឺ ប្រសិនបើគាត់មានបញ្ហាអ្វីមួយ ដែលធ្វើឲ្យបាត់បង់សមត្ថភាពរកប្រាក់ចំណូល សម្រាប់គ្រួសារគាត់ ក្រុមហ៊ុននឹងផ្តល់ប្រាក់សំណងជូនគាត់។ នេះគឺជាកត្ដាចលករមួយ ដែលនឹងជំរុញឲ្យបុគ្គលិក កាន់តែមានទឹកចិត្តក្នុងការបំពេញការងារ បើទោះបីជាគាត់ខិតខំប្រឹងប្រែងរហូតដល់មានគ្រោះថ្នាក់ក៏ដោយ ក៏គាត់មិនចាំបាច់បារម្ភពីគ្រួសាររបស់គាត់ដែរ។
អ្នកស្រី អ៊ិន ច័ន្ទបូរី បានបន្ថែមទៀតថា ហេតុផលមួយទៀត ដែលសហគ្រិនគួរទិញធានារ៉ាប់រងអាយុជីវិតសម្រាប់បុគ្គលិក គឺដើម្បីជួយសង្គម។ ប្រសិនបើស្ដ្រីមេម៉ាយ ឬចាស់ជរាបាត់បង់ស្វាមីខ្លួន ដែលជាបង្គោលចំណូលសំខាន់សម្រាប់គ្រួសារ តើនរណាជាអ្នកទទួលខុសត្រូវ? នេះគឺជាការយកចិត្តទុកដាក់មួយរបស់ម្ចាស់ក្រុមហ៊ុន ក្នុងការជួយសង្គម ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ស្ដ្រីមេម៉ាយឬចាស់ជរា ឬកុមារកំព្រាជាដើម។
សម្រាប់ក្រុមហ៊ុនមេនូឡាយហ្វ៍ អ្នកស្រីបានលើកឡើងថា គោលដៅដែលយើងបើកឲ្យមានផលិតផលមួយនេះ គឺដើម្បីជួយជំរុញឲ្យសហគ្រិននីមួយៗ ចេះយកចិត្តទុកដាក់លើបុគ្គលិករបស់គាត់។ ពីមុន យើងមានតែធានារ៉ាប់រងបែបផ្ទាល់ខ្លួន (Term Policy) ដែលអ្នកទិញអាចទិញបានសម្រាប់ម្នាក់ៗ។ ដូចនេះប្រសិនបើសហគ្រិនចង់ទិញ ជូនបុគ្គលិករបស់គាត់ ២០នាក់ គាត់ត្រូវទិញ ២០ប័ណ្ណ។ ដោយឡែក មេនូឡាយហ្វ៍បានបង្កើតនូវផលិតផលនេះឡើង ដែលផ្តល់នូវភាពងាយស្រួល និងកាត់បន្ថយការចំណាយបានយ៉ាងច្រើនផងដែរ។ ពិសេសជាងនេះទៅទៀត បុគ្គលិកដែលទទួលបានធានារ៉ាប់រងអាយុជីវិតនេះ មិនតម្រូវឲ្យមានការពិនិត្យសុខភាព មុនពេលទទួលបានធានារ៉ាប់រងនេះឡើយ៕
ប្រភព៖ Bu-Cambodia