ត្បូងឃ្មុំ៖ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ វេលាម៉ោង ១២និង ៣០នាទី ឯកឧត្តម លី ឡេង អភិបាលរងនៃគណ:អភិបាល ខេត្តត្បូងឃ្មុំ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញ ជួបជាមួយ មន្ត្រីក្រសួងការបរទេសកម្ពុជា និងមន្រី្តស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីពិនិត្យទីតាំង និងការរៀបចំ ពិធីបដិសណ្ឋារកិច្ចព្រះរាជាថៃ ដែលយាងមកនៅថ្ងៃខាងមុខនេះ ក្នុងបរិវេណសាលាបឋមសិក្សាតំបែរ ។
នៅក្នុងការជួបសំណេះសំណាលនោះដែរមានការចូលរួម ពីមន្ត្រីរាជការសាលាខេត្ត លោកអភិបាលស្រុកតំបែរ អធិការនគរបាលស្រុក តំណាងអាជ្ញាធរឃុំ និងមន្ត្រីដែលពាក់ព័ន្ធច្រើននាក់ទៀត។
បន្ទាប់មកឯកឧត្តម លី ឡេង អភិបាលរងខេត្តត្បូងឃ្មុំ បានសំដែងនូវក្ដីអំណរសាទរ យ៉ាងកក់ក្ដៅចំពោះប្រតិភូក្រសួងការបរទេស កម្ពុជា និងស្ថានទូតថៃ ប្រចាំកម្ពុជា ដែលបានចូលរួមនិងអញ្ជើញមកពិនិត្យទីតាំងជាកិត្តយសដ៏ធំធេងសម្រាប់ខេត្តត្បូងឃ្មុំ ហើយឯកឧត្តមក៏បានបញ្ជាក់ថា វាជាមោទនភាពសំរាប់ប្រទេសកម្ពុជា រួមទាំងប្រជាជននៅក្នុងខេត្តត្បូងឃ្មុំ ដែលព្រះរាជាថៃទ្រង់យាងមកដើម្បីទតមើលនូវស្ថានភាពរស់នៅក៏ដូចជាសមិទ្ធផលនានាដែលសម្រេចបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមក៏សង្ឃឹមយ៉ាងមុតមាំថា ដំណើរយាងមក របស់ព្រះរាជាថៃ មកលើទឹកដីស្រុកតំបែរខេត្តត្បូងឃ្មុំ និងប្រព្រឹត្តទៅប្រកបដោយភាពរលូននិងសុវត្ថិភាព ពុំមានឧបសគ្គ មករារាំងនូវដំណើរការនៃការយាងមកនេះឡើយ។
បន្តមកទៀត ក្រុមការងារនិងប្រតិភូអមបានចុះពិនិត្យមើលទីតាំងដែលជាកន្លែងសំរាប់រៀបចំបដិសណ្ឌារកិច្ច ទទួលព្រះរាជាថៃ នាពេលខាងមុខដ៏ខ្លីនេះដែលនឹងប្រារព្ធរៀបចំក្នុងបរិវេណសាលាបឋមសិក្សាតំបែរ ស្ថិតកុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បន្ទាប់ពីពិនិត្យរួចមកក្រុមការងារនិងប្រតិភូអមដំណើរបានវិលត្រលប់ទៅវិញ ប្រកបដោយភាពរីរាយយ៉ាងក្រៃលែង៕