អគ្គនាយកដ្ឋាន​កាំកុងត្រូល បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ស្វែងរក​សារធាតុ​គីមី​ក្នុង​ស្ករត្នោត

29-January-2016 | ដោយ មួយឡា

​អគ្គនាយកដ្ឋាន​កាំកុងត្រូល កំពុងបើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ ស្វែងរក​សារធាតុ​គីមី​ក្នុង​ស្ករត្នោត ។ ស្រប​ពេលដែល​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន និង​វៀតណាម ជិត​ឈានចូល​មកដល់ អគ្គនាយកដ្ឋាន​ត្រួតពិនិត្យ​ទំនិញ និង​ចំណីអាហារ ឬ​ហៅថា អគ្គនាយកដ្ឋាន​កាំកុងត្រូល កំពុងបើក​ប្រ​ត្តិ​ប​ត្តិ​ការណ៍​ទ្រង់ទ្រាយ​ធំ នៅ​ទូទាំងប្រទេស ដើម្បី​ស្វែងរក និង​ទប់ស្កាត់ ការ​ចរាចរ​ចំណីអាហារ មាន​សារ​ធាតុគីមី នៅតាម​ទីផ្សារ​។ ប្រតិបត្តិការ​នេះ ក៏​បន្ទាប់ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល ទើបបាន​រកឃើញ​ស្ករត្នោត លាយ​សារ​ធាតុគីមី ប្រមាណ​ជិត ៥​ពាន់​គីឡូក្រាម នៅក្នុង​ទីក្រុង​ភ្នំពេញ និង​បាន​កម្ទេចចោល កាលពី​រសៀល​ថ្ងៃទី ២៨​មករា រួចមក​។

​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ត្រួតពិនិត្យ​ផ្នែក​សុវត្ថិភាព​ចំណីអាហារ នៃ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​វិទ្យុ​បារាំង​ឲ្យ​ដឹងថា សមត្ថកិច្ច​ចម្រុះ ដោយមាន​ការចូលរួម​ពី​សំណាក់​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រុមមន្ត្រី​ជំនាញ​កាំកុងត្រូល នៅ​ថ្ងៃទី ២៨​មករា ទើបបាន​កម្ទេចចោល​ទាំងស្រុង នូវ​ស្ករត្នោត ដែលមាន​លាយ​សារធាតុ​គីមី ចំនួន ៤​ពាន់​៨​រយ​គីឡូក្រាម​។ ការកម្ទេច​ចោល​នេះ បន្ទាប់ពី​សមត្ថកិច្ច បាន​លប​ឆ្មក់​ចាត់វិធានការ នៅ​កន្លែង​ផលិត​ស្ករត្នោត និង​កន្លែង​ស្តុក​ម្សៅ​គីមី​នេះ ២​កន្លែង ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​ក្រោយពី​បាន​រឹបអូស នូវ​សារ​ធាតុគីមី​ទាំងនោះ​ហើយ សមត្ថកិច្ច បាន​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់​ទីតាំង​ទាំង ២ យកទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​។ ចំណែក​ទីតាំង​ទាំងពីរ ត្រូវបាន​នគរបាល​បិទទ្វារ​អាជីវកម្ម​បណ្តោះអាសន្ន​សិន រង់ចាំ​បើក​ការស៊ើបអង្កេត​បន្ថែម​នៅពេល​ក្រោយ​។​

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ សារធាតុ​គីមី​នោះ មាន​ឈ្មោះថា សូ​ដ្យូ​ម ហ៊ី​ដ្រូ​ស៊ុ​ល​ហ្វី​ត​។ ហើយ​សារធាតុ​នោះ ជា​ធាតុ​ផ្សំ​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ស្ករត្នោត​មើល​ពី​សម្បក​ក្រៅ ហាក់ដូចជា​មានគុណ​ភាព​ល្អ ក្រហមឆ្អិនឆ្អៅ និង​មាន​ក្លិន សារធាតុ​ហាក់​មានឱជារស​បំផុត​។ ប៉ុន្តែ​ធាតុពិត​នៃ​សារធាតុ​នោះ គឺ​វា​អាច​បណ្តាល​ឲ្យ​អ្នក​បរិភោគ​មាន សំពាធ​ឈាម​ប្រែប្រួល មាន​អាកា​រៈ​វិលមុខ ហើយ​ថែមទាំង​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​អាច​បណ្តាល​ឲ្យ​ស្លាប់ ប្រសិនបើ​ទទួលទាន​ជាប្រចាំ​។ តាម​មន្ត្រី​ជំនាញ កុមារ ជា​មុខសញ្ញា ដែល​នឹង​អាច​ទទួលផល​ប៉ះពាល់​បំផុត​ពីសារ​ធាតុ​នេះ​។ ក្រោយពេល​បរិភោគ កុមារ អាច​ប្រឈម​នឹង​កង្វះ​សមត្ថភាព​ផ្នែក​ប្រាជ្ញា​សា្មរ​តី មាន​ជំងឺ​រ៉ាំ​រៃ និង​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​តែម្តង​។​

​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បញ្ជាក់ថា កន្លងមក​សារធាតុ​នេះ ក៏​ត្រូវបាន​ប្រើប្រាស់ ទៅលើ​ខ្ញី ឬ​ស្លឹកក្រៃ​ហាន់ ឬ សណ្តែក ជាដើម ដើម្បី​បង្កើន​រូបរាង​វា​ឲ្យ​មើលទៅ​ស្រស់​ល្អ គួរ​ឲ្យ​ចង់​ទទួលទាន​។ អគ្គនាយកដ្ឋាន​នេះ មានការ​ព្រួយបារម្ភ​ខ្លាច​ស្ករត្នោត ដែលមាន​លាយ​សារធាតុ​គីមី សូ​ដ្យូ​ម ហ៊ី​ដ្រូ​ស៊ុ​ល​ហ្វី​ត នេះ​មានការ​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​ផ្សេងទៀត​។ ដូច្នេះ ទើប​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ប៉ុន្មាន​ថ្ងៃនេះ នៅតាម​បណ្តា​ខេត្ត​ទូទាំងប្រទេស​កម្ពុជា​។​

​គួរ​ជម្រាបជូន​ថា កម្ពុ​ជាមាន​ស្តង់ដារ​ចំណីអាហារ​ដល់​ទៅ ៤៥២​ប្រភេទ ប៉ុន្តែ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រកឃើញថា មានតែ​១២​ប្រភេទ​ប៉ុណ្ណោះ​ក្នុងចំណោម​នោះ ដែល​ត្រូវ​បានប្រកាស​ឱ្យ​អនុវត្ត ជា​សាធារណៈ​។ ក្រសួងពាណិជ្ជកម្ម បាន​ប្តេជ្ញា​ថា នឹង​ព្យាយាម​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​ផលិតផល ទំនិញ និង​សេវា ដែល​កម្ពុជា​បាន​បង្កើត​តាំងពី​ឆ្នាំ​២០០០​មក ឲ្យ​រួចរាល់ នៅក្នុង​ឆ្នាំ ២០១៦​នេះ​៕

​ប្រភព​៖ RFI

ចំនួនអ្នកទស្សនា

    19630337

  • ថ្ងៃនេះ1681
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20531
  • ខែនេះ66631
  • ឆ្នាំនេះ402891
  • សរុប19630337