ភ្នំពេញ៖ ប្រទេសជប៉ុនបានប្រកាសថា នឹងផ្តល់ជំនួយឥតសំណងនូវរថយន្តក្រុងចំនួន ១៨០គ្រឿងដល់កម្ពុជា ដើម្បីពង្រឹកសមត្ថភាពសេវាសាធារណៈ។ ការប្រកាសនេះបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុពិភាក្សាស្តីពី ការសិក្សាអង្កេតបឋមសម្រាប់ គម្រោងពង្រឹកសមត្ថភាពសេវាដឹកជញ្ជូនសាធារណៈ ដោយរថយន្តក្រុងក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ រវាងសាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
គម្រោងពង្រឹកសមត្ថភាព សេវាដឹកជញ្ជូនសាធារណៈនេះ នឹងត្រូវផ្តោតលើ ៤ចំណុចសំខាន់ មានដូចជា ទី១ ការសិក្សាតំបន់ខ្សែរថយន្តដែលមានកម្មករ សិស្ស និស្សិត អ្នកធ្វើការ និងអាជីវករ។ ទី២ ចំនួន និងប្រភេទរថយន្តដែលធានាបានឲ្យសមស្រប ទៅនឹងចំនួនមនុស្សទីកន្លែង និងផ្លូវដែលរថយន្តចល័តទៅមក។ ទី៣ ការសិក្សាពីចំណតរថយន្តក្នុងក្រុងហើយ ភ្ជាប់ទៅនឹងចំណតរថយន្តដែលមកពី តាមបណ្តាខេត្ត និងទី៤ ការងារគ្រប់គ្រងទាំងបុគ្គលិក និងរថយន្ត។
បើតាមផែនការឆ្នាំ ២០១៦ របស់សាលារាជធានីភ្នំពេញ នឹងបង្កើតឲ្យមានប្រព័ន្ធអេឡិចត្រូនិច តាមរយៈការឆូតកាតនៅពេលឡើងជិះរថយន្ត ដើម្បីកាត់បន្ថយចំនួនបុគ្គលិក ព្រមជាមួយនឹងពិនិត្យឡើងវិញពី គោលនយោបាយអនុគ្រោះមិនយកថ្លៃចំពោះកូនសិស្ស ព្រះសង្ឃ ជនពិការ និងចាស់ជរា។
គួរជម្រាបថា កាលពីថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៦ ជប៉ុនក៏បានផ្តល់ជំនួយឥតសំណងនូវអគារសិក្សាចំនួន បួនខ្នង ដល់អនុវិទ្យាល័យចំនួន ៤ នៅរាជធានីភ្នំពេញ ដោយចំណាយថវិកាប្រមាណជាង ២លានដុល្លារអាមេរិក៕
ប្រភព៖ Bu-cambodia