សម្តេចតេជោ ហ៊ុនសែន អំពាវនាវឲ្យយុវជនកម្ពុជាទាំងអស់ ឈប់ជក់បារី

29-January-2016 | ដោយ ម៉ែន កំសត់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់យុវជនទាំងអស់ឲ្យឈប់ជក់បារី និងកុំរៀនជក់បារី ដើម្បីសន្សំសំចៃប្រាក់ ថែរក្សាសុខភាពផ្ទាល់ខ្លួន ក្រុមគ្រួសារ មិត្តភក្តិអ្នកប្រាស្រ័យការងារ ឬ អ្នករស់នៅក្នុងសហគមន៍ទាំង មូលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះថា សម្តេចបានចេះជក់បារីបន្ទាប់ពីសម្តេចចូលធ្វើជាកងទ័ពតស៊ូនៅក្នុងព្រៃតាមព្រះរាជអំពាវនាវរបស់ព្រះបរមរតនកោដិ នរោត្តម សីហនុ ៤ មេសា ១៩៧០។ ការជក់បារីនេះ ដើម្បីកាត់បន្ថយភាពតានតឹងពីការរងារ កាត់បន្ថយមូស និង សត្វល្អិតខាំ។

ព្រោះតែដើម្បីមនុស្សជាទីស្រឡាញ់ជុំវិញខ្លួន សម្តេចតេជោ បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ឈប់ការជក់ បារី។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា សម្តេចបានបញ្ឈប់ការជក់បារីទាំងស្រុងនៅខែមិនា ឆ្នាំ២០១៤ ហើយមកដល់បបច្ចុប្បន្ននេះមានរយៈពេល ២២ខែហើយ។

សម្តេចតេជោបានថ្លែងអំពាវនាវទៅកាន់យុវជនខ្មែរយ៉ាងដូច្នេះ«ដោយយោងទៅលើបទពិសាធន៍ជាយុវជនជំនាន់មុន ខ្ញុំសូមអំពាវ នាវចំពោះប្រជាជនដែលបាននិងកំពុងជក់បារី សូមមេត្តាឈប់ជក់បារី។ ចំពោះយុវជន យុវនារី ដែលមិនទាន់ចេះជក់បារីសូមកុំរៀនជក់បារីវាមិនមែនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេប៉ុន្តែជាបញ្ហាសុខភាពផ្ទាល់របស់យើងម្នាក់ៗ របស់ក្រុមគ្រួសារបស់មិត្តភ័ក្តដែលរួមប្រាស្រ័យការងារជាមួយយើងរបស់សហគមន៍យើងនិងដល់បរិស្ថានដែលជាផ្នែកមួយនៃសុខភាពសាធារណៈ»។

យោងតាមរបាយការណ៍របស់សុខភាពពិភពលោកធ្លាប់បានបញ្ជាក់ថាកម្ពុជាបានខាតបង់ថវិការាប់លានដុល្លាក្នុងមួយឆ្នាំៗ ដោយសារការជក់បារី។

ខាងក្រោមគឺជាសារអំពាវនាវរបស់សម្តេចតេជោឲ្យយុវជនបញ្ឈប់ការជក់បារីនិងការរៀបរាប់ពីប្រវត្តិនៃការជក់បារីនិងការព្យាយាមកាត់ផ្តាច់បារីរបស់សម្តេចតេជោហ៊ុនសែនតាំងពីពេលមុនមកទល់ពេលបច្ចុប្បន្នមនុស្សមួយចំនួនធំនិយមជក់បារី។

"សម្រាប់ប្រទេសកម្ពុជាយើងក្រោយពីប្រទេសបានធ្លាក់ក្នុងសង្រ្គាមនៅឆ្នាំ១៩៧០ពេលនោះយុវជននៅទូទាំងប្រទេសបានក្លាយទៅជាចំណាប់ខ្មាំងនៃសង្រ្គាមដែល គ្មានផ្លូវទី៣សម្រាប់ជ្រើសរើសព្រោះប្រទេសបានបែងចែកជាតំបន់កាន់កាប់២គឺម្ខាងត្រួតត្រាដោយរដ្ឋាភិបាលចេញពីរដ្ឋប្រហារដោយសេនាប្រមុខ លន់នល់ និងម្ខាងទៀតគ្រប់គ្រងនៅតំបន់រំដោះដែលដឹកនាំដោយ សម្តេចព្រះ នរោត្តម សីហនុ។

យុវជនគ្មានផ្លូវជ្រើសរើសម្រាប់ឲ្យយើងនៅផ្លូវចន្លោះកណ្តាលនោះទេ។ សម្រាប់ខ្ញុំដែលតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ គឺខ្ញុំបានក្លាយខ្លួនទៅជាយុទ្ឋជនម្នាក់នៃកងទ័ពតាំងពីថ្ងៃទី ៤ ខែ មេសា ១៩៧០ បន្ទាប់ពីរដ្ឋប្រហាររបស់ លន់ នល់ នៅថ្ងៃទី១៨ មិនា ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ក្រោយពីចូលកងទ័ពខ្ញុំបានក្លាយទៅជាអ្នកជក់បារីដោយចាប់ផ្តើមពីការរៀនជក់អាស្រ័យដោយការជក់នៅពេលនោះ គឺដើម្បី កាត់បន្ថយភាពតានតឹងក្នុងការរងារ កាត់បន្ថយមូស និងសត្វល្អិតខាំ។ ប៉ុន្តែក្រោយមកការជក់នេះគឺចាប់ក្លាយទៅជាឆ្ងាញ់ ហើយញៀន និងបន្តមកទៀត ខ្ញុំបានជក់ដើម្បីការគិត។ ខ្ញុំនៅចាំបានថាយុទ្ឋជននៅអង្គភាពខ្ញុំស្ទើរតែ១០០%ដែលចេះជក់បារីកាញៀនបារីរបស់ខ្ញុំនេះទោះបីស្ថិតក្នុងស្ថានភាពភាពលំបាកក្នុងការរកថ្នាំជក់ គឺខ្ញុំស្វែងរកស្លឹកល្ហុង និងស្លឹកឈើផ្សេងៗមក ជក់ជំនួសបារី។

នៅក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ រហូតមកទល់ ខែ មិនា ២០១៤ ខ្ញុំបានព្យាយាមឈប់ជក់បារីចំនួន១២លើក។ ចំពោះរឿងរ៉ាវ ដែលខ្ញុំចងចាំ និងគួរអោយខ្មាសអៀនខ្លួនឯង គឺនៅពេលអាពាហ៌ពិពាហ៌កូនស្រីខ្ញុំ ខ្ញុំបាននិយាយទៅកាន់អ្នកចូលរួមក្នុងពិធី ទាំងភ្ញៀវជាតិ និងអន្តរជាតិថា ប្រសិនបើខ្ញុំមានចៅ ខ្ញុំនឹងឈប់ជក់បារី ខ្ញុំនិយាយជាភាសាខ្មែរផងនិងភាសាអង់គ្លេសផងធ្វើឲ្យភ្ញៀវចូលរួមទះដៃអបអរសាទរយ៉ាងខ្លាំងប៉ុន្តែជាការគួរអោយសោកស្តាយ ដែលខ្ញុំមិនអាចធ្វើបាន។ថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០០០ ចៅស្រីរបស់ខ្ញុំបានចាប់កំណើត។

ការសន្យារបស់ខ្ញុំគឺមិនអាចអនុវត្តន៍ទៅបានរហូតមកដល់ខែ មិនាឆ្នាំ ២០១៤ ទើប ខ្ញុំប្តេជ្ញាបញ្ឈប់ការជក់បារី ដែលការប្តេជ្ញានេះមិនត្រឹមតែបំពេញនូវការសន្យាទេ ប៉ុន្តែគឺដើម្បីសុខភាពផ្ទាល់របស់ខ្ញុំ របស់ភរិយា ខ្ញុំ របស់កូនៗ និងចៅរបស់ខ្ញុំ ហើយដើម្បីអោយស្របទៅនឹងចរន្តនៃចលនារបស់ពិភពលោក ក៏ដូចជានៅកម្ពុជា ដែលទាមទារ ឲ្យកាត់បន្ថយ និងឈប់ជក់បារី ដើម្បីធ្វើអោយកម្ពុជាគ្មានផ្សែងបារី។

ខ្ញុំមិនអាចណែនាំទៅកាន់ប្រជាពលរដ្ឋអោយឈប់ជក់បារីបានទេ ប្រសិនបើខ្ញុំនៅតែបន្តជក់។ ព្រោះថាបោសសំអាតផ្ទះខ្លួនឯង មិនស្អាតផង តើទៅបោសសំអាតផ្ទះគេយ៉ាងណា? ប្រីយមិត្តដែលលេងហ្វេសប៊ុគបានចូលបានដាក់សំណួរថា (តើវិធីឈប់ជក់ បារីធ្វើយ៉ាងម៉េច?) ខ្ញុំបានឆ្លើយតបទៅគាត់វិញថា គឺការតាំងចិត្តឈប់ជក់ ព្រោះបទពិសោធន៍របស់ខ្ញុំ គឺខ្ញុំដាក់បារីទាំងនៅគ្រប់ ទីកន្លែងធ្វើការ ទាំងក្នុងហោប៉ៅអាវ ក្នុងឡាន ទាំងបារីមែនទែន បារីសិប្បនិម្មិត(Electric Cigarette) ទាំងថ្នាំបៀម និងស្ករ បៀម (gums)។ ប៉ុន្តែខ្ញុំមិនពាល់វាតែម្តង។ គិតពីខែមិនា ឆ្នាំ ២០១៤ មកទល់បបច្ចុប្បន្ននេះមានរយះពេល ២២ ខែហើយ ដែលខ្ញុំបានផ្តាច់បារីចោលបានទាំងស្រុង។

រយះពេល២២ខែនេះខ្ញុំលែងគេចចេញពីចៅៗព្រោះខ្លាចចៅទទួលផលប៉ះពាល់ដោយផ្សែងបារីដែលពីមុនខ្ញុំតែងតែរត់ចេញឬពន្លត់បារីចោលភ្លាមពេលចៅៗមកលេងម្តងៗ ឬពេលដែលខ្ញុំទៅមើលចៅ។ ភរិយាខ្ញុំក៏លែងត្អូញត្អែរអំពីការធំក្លិនបារីនៅក្នុងផ្ទះនិងក្នុងបន្ទប់។

ថ្ងៃទី ២៨ មករា ២០១៦ នេះ គឺចៅស្រីរបស់ខ្ញុំគ្រប់អាយុ ១៦ ឆ្នាំ ។ កាដូធំជាងគេសម្រាប់នាង គឺខ្ញុំបានបំពេញតាមការសន្យា ដែលថាពេលមានចៅគឺខ្ញុំឈប់ជក់បារី ។

ដោយយោងទៅលើបទពិសាធន៍ជាយុវជនជំនាន់មុន ខ្ញុំសូមអំពាវនាវចំពោះប្រជាជន ដែលបាននិងកំពុងជក់បារី សូមមេត្តាឈប់ជក់បារី ។

ចំពោះយុវជនយុវនារីដែលមិនទាន់ចេះជក់បារីសូមកុំរៀនជក់បារីវាមិនមែនគ្រាន់តែសន្សំប្រាក់កាសប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសុខភាពផ្ទាល់របស់យើងម្នាក់ៗរបស់ក្រុមគ្រួសារយើងរបស់មិត្តភក្តិដែលរួមប្រាស្រ័យការងារជាមួយយើងរបស់សហគមន៍យើងនិងដល់បរិស្ថានដែលជាផ្នែកមួយនៃសុខភាពសាធារណៈ៕"

ចំនួនអ្នកទស្សនា

    19629797

  • ថ្ងៃនេះ1141
  • ម្សិលមិញ2891
  • សប្តាហ៍នេះ19991
  • ខែនេះ66091
  • ឆ្នាំនេះ402351
  • សរុប19629797