ពោធិ៍សាត់ៈ នៅស្រុកខ្មែរ មុននេះគ្រួសារជាប់ឯកទគ្គកម្មខាងបង្កើតកូនបានច្រើនជាងគេ មានតែគ្រួសារស្តេចល្ខោនបាសាក់ លោក សាំង សូស័ក្ក ខណៈដែលគាត់មានប្រពន្ធដល់៩ រស់ក្រោមដំបូលតែមួយនិងមានកូនដល់ទៅជាង៣០នាក់។ ប៉ុន្តែដោយឡែកគ្រួសារក្រីក្រមួយដែលពួកគាត់ប្រតិបត្តិសង្វាស សម្ព័ន្ធភាពតាមគន្លងច្បាប់ឯកព័ន្ធភាពមួយរយភាគរយ ប្តីមួយប្រពន្ធមួយរយៈពេលតែជាង២០ឆ្នាំសោះពួកគេបង្កើតកូនបាន ដល់ទៅ២១នាក់។គ្រួសារដែលដណ្តើមឯតទគ្គកម្មខាងបង្កើតកូនបានច្រើន ជាងគេ ដោយប្រើមេតែមួយនោះ រស់នៅភូមិថ្នល់លេខ៣ ឃុំកំពង់ស្ទោង ស្រុកពោធិ៍សាត់ ក្រុងពោធិ៍សាត់។ អ្នកមីងជាប្រពន្ធឈ្មោះ ផាន់ ទៀន អាយុ៥០ឆ្នាំ ប្តីឈ្មោះ ខាន់ ខួយ បានស្លាប់រយៈ៣ឆ្នាំមកហើយ ដោយបន្សល់ទុកនូវកូនឲ្យរញង់រស់នៅជាមួយម្តាយមេម៉ាយ។
ក្នុងជំនួបជាមួយ នៅគេហដ្ឋាន ស្ត្រីដែលបង្កើតកូនបាន២១នាក់រូបនោះបាននិយាយជាមួយស្នាមញញឹម ប្រិមប្រិយថា៖«និយាយពីការផលិតកូន មិនថាតែក្នុងភូមិនេះទេ ពេញមួយប្រទេសខ្មែរ គ្មាននរណាផលិតកូនទាន់ខ្ញុំទេ ដាក់មានៗតែម្តង។ តែបើនិយាយពីទ្រព្យធននោះ ខ្ញុំមិនហ៊ានប្រជែងទេ អានោះចាញ់គេដាច់ហើយ»។ ស្ត្រីរូបនេះបន្តថា៖«គិតទៅមើលមាននរណាធ្វើបានដូចខ្ញុំទៅ? រៀបការឆ្នាំ១៩៨០ ក្រោយបែក ប៉ុល ពត បង្កើតបានកូនដល់ទៅ២១នាក់ មាននរណាគេបង្កើតបានដូចខ្ញុំ? ហើយចិញ្ចឹមរស់ទាំងអស់គ្មានតក់គ្មាននាឡិមួយទេ បើទោះជាជីវភាពក្រលំបាកយ៉ាងណាក៏ដោយ គ្មានឲ្យកូនៗទៅផ្ញើគេឲ្យរស់ក្រោមការបីបាច់អ្នកណាម្នាក់ឡើយ »។
បន្ថែមលើការអះអាងនេះ អ្នកមីង ផាន់ ទៀន បានបញ្ជាក់ឲ្យដឹងថា៖ «កូនទាំង២១នាក់នោះ មានស្រី១១ ប្រុស១០នាក់។ ក្នុងនោះកូនច្បងអាយុ៣១ឆ្នាំ ចំណែកកូនពៅអាយុ៧ឆ្នាំ»។
តែយ៉ាងណា ស្ត្រីដែលបង្កើតកូនបានច្រើនជាងជ្រូកវ័យ៥០រូបនេះក៏បានត្អូញ ត្អែរពីការលំបាកនឹងជីវភាពខ្វះមុខខ្វះក្រោយផងដែរ។ អ្នកស្រីនិយាយថា៖«ជីវភាពខ្ញុំក្រីក្រតាំងពីដូនតា ហើយមកខ្ញុំក៏កូនច្រើន វាមានភាពលំបាកណាស់សម្រាប់ខ្ញុំនិងប្តីខ្ញុំ។ កាលពីគាត់នៅរស់មួយថ្ងៃជើងគាត់មិនសូវជានៅជាប់ដីទេ ថ្ងៃណាក៏នៅលើចុងត្នោតដែរ ឡើងត្រង និងដាក់ទឹកត្នោតជួនយកមកលក់ដូរអង្ករដាំបាយចិញ្ចឹមកូនៗ»។
អ្នក មីង ទៀន បញ្ជាក់ថា៖ «ពេលគាត់នៅរស់ចំណូលចូលគ្រួសារយ៉ាងហោចណាស់ក៏បានមួយថ្ងៃ២ទៅ៣ ម៉ឺនរៀលដែរ តែចំណូលនេះនៅមិនទប់នឹងការចំណាយទេ។ មួយថ្ងៃបើសន្សំសំចៃណាស់ក៏អស់៣៥០០០រៀលដែរ ព្រោះអាហារក្នុងផ្ទះគឺចាំបាច់ត្រូវទិញគេទាំងអស់។ ចំណែកឯអង្ករដាំបាយចំនួនកន្លះតៅ(២៥កំប៉ុង)ទើបគ្រាន់ក្នុងមួយ ថ្ងៃ»។
អ្នកស្រី ទៀន បន្ថែមថា៖ «ក្រោយពីបាត់បង់កម្លាំងស្នូលប្តីស្លាប់ទៅគ្មានអ្នកឡើងត្នោតនោះ ពួកខ្ញុំកូនៗដើរស៊ីឈ្នួលគេខួបប្រាំងខួបវស្សាមួយថ្ងៃបាន២-៣ ម៉ឺន ដែរ តែពេលនេះការចំណាយក្នុងគ្រួសារមិនដូចពីមុនទេ របស់របរឡើងថ្លៃណាស់»។
បើតាមការសង្កេតមើលពីសភាពសាច់ឈាម និងរូបរាងកាយ ដ្បិតថា មីង ផាន់ ទៀន បានចែករំលែកតំណក់ឈាមឲ្យទៅកូនៗដល់ទៅ២១នាក់ យ៉ាងណាក៏ដោយ តែស្ត្រីកូន២១នាក់រូបនេះ ហាក់នៅមានសាច់ឈាមទ្រលុកទ្រលន់មិនចាញ់ស្ត្រីស្របាលគ្នាដែលមាន កូនតិចនោះឡើយ។ ផាន់ ទៀន បានឲ្យដឹងថា៖«បើនិយាយពីការបង្កើតកូនសម្រាប់ខ្ញុំគឺងាយណាស់។ ខ្ញុំរៀបការប្តីនៅឆ្នាំ១៩៨០ រៀបការតែប្តីម្នាក់ទេរៀបការហើយគឺផ្តើមមានកូនដំបូងតែម្តងតាំង ពីកូនដំបូងរហូតកូនទី២១ ខ្ញុំមិនដែលពិបាកក្នុងការបង្កើតម្តងណាទេ ដូចគេឈឺពោះបត់ជើងហើយសុខភាពទៀតក៏ល្អដែរ កំណើតកូនណាក៏ដូចកូនណាមិនដែលចេះចាញ់ឬ ទាស់អីម្តងណាទេ ធ្វើអ្វីក៏បាន»។
ស្ត្រីកូនច្រើនបញ្ជាក់ថា៖«ដូចដឹងស្រាប់ហើយយើងអ្នកក្រកូនច្រើន ទៀតតើមានពេលឯណាសម្រាកបានពេញភ្នែកឬអង្គុយធ្វើដូចជំទាវនោះទេ? មានកំណើតកូនខ្លះបាន១០ថ្ងៃយូរពេកចេញធ្វើការងារផ្ទះសម្បែងកាប់ អុស យួរទឹក និយាយរួមធ្វើសឹងតែមួយចប់ដូចអ្នកមិនមានសរសៃខ្ចីដែរហ្នឹង»។ អ្នកមីង បន្ថែមថា៖«កូនខ្ញុំដើមឆ្នាំចុងឆ្នាំ ឲ្យតែដាក់មានៗ...តែសុខភាពខ្ញុំនៅធម្មតា ដូចកាលពីមិនទាន់កូនយ៉ាងម៉េច ពេលមានកូនក៏អ៊ីចឹង»។
ពេលសួរថា តើអ្នកមីងគិតឃើញយ៉ាងណាបានជាទុកឲ្យកូនកើតច្រើនដល់ជិត២ឡូត៍ បែបនេះ? មីង ផាន់ ទៀន បានតបថា៖ «ហ៊ឺ បើនិយាយពីការពិបាកចិញ្ចឹមនោះ វាពិបាកតាំងពីកូនទី២-៣ម្ល៉េះ មិនមែនទើបតែពិបាកដល់ពេលកូនច្រើនហ្នឹងទេព្រោះថា ជីវភាពយើងខ្វះខាតដែរហើយហ្នឹង តែកាលពីប្តីខ្ញុំនៅរស់ គាត់ប្រាប់ហើយប្រាប់ទៀតថា កុំទៅពន្យារ ឬរម្លូតកូនចេញឲ្យសោះ បើវាមកចាប់កំណើតជាមួយហើយទុកវាទៅ ចង់ប៉ុន្មានកើតទៅ»។ អ្នកមីងបន្តថា៖ «ប្តីខ្ញុំគាត់មិនមានជីវភាពអ្វីក្រៅពីឡើងត្នោតធ្វើទឹកត្នោត យួរ លក់ទេ តែកាលគាត់នៅរស់គាត់ស្រឡាញ់កូនៗណាស់មិនថាកូនធំឬកូនតូចទេចង់ អាណាធ្វើអ្វីធ្វើទៅគាត់មិនប្រើ ហើយគាត់មិនដែលចេះវាយកូនណាបានមួយដៃឬមួយរំពាត់ឡើយ»។
ផាន់ ទៀន បានបញ្ជាក់ថា៖ «កូនទី២១ហើយហ្នឹងកាលពីគាត់នៅរស់និងមិនទាន់ឈឺ គាត់ក៏ធ្លាប់និយាយប្រាប់ខ្ញុំថា ពេលហ្នឹងវ័យប៉ុណ្ណឹងបើមានកូនទៀតទុកទៀតមិនឲ្យម៉ែវាឯងយកចេញ ទេ ចង់យកឲ្យបានគ្រប់ពីរឡូត៍ ទៀតនោះ»។
ស្រដៀងនឹងការលើកឡើងរបស់កូន យាយ ទួម ដែលជាម្តាយនិងជាឆ្មបបង្កើតចៅទាំង២១នោះ ឲ្យដឹងថា៖«ខ្ញុំជាមនុស្សចាស់ ឲ្យតែកូនគេមានចៅនោះខ្ញុំទទួលស្គាល់ ខ្ញុំមិនដែលថាអ្វីទេ ព្រោះខ្ញុំមិនមែនជាអ្នករកស៊ីចិញ្ចឹមទេ ចង់គេមានកូនប៉ុន្មានមានទៅ ស្រេចតែគេ ហើយម្យ៉ាងកូនវាងាយកើតដូចគេឈឺពោះបត់ជើងហ្នឹង» ។ យាយ ទួម បន្តថា៖«កូនវាទាំង២១ហ្នឹង មិនដែលទៅរកឆ្មបមកពីណាទេ តែខ្ញុំបង្កើតហ្នឹង មានកំណើតកូនខ្លះកើតមិនមានឆ្មបផង។ សុខភាពទៀតក៏ល្អ តាំងពីកំណើតកូនទី១រហូតកូនទី២១នេះ ដូចមិនដែលឃើញវាឈឺរ៉ាំរ៉ៃយ៉ាងណាទេ សុខភាពល្អរហូតទាំងមិនដែលចាក់ថ្នាំវិទ្យាសាស្ត្រណាម្តងឡើយមានតែ ថ្នាំខ្មែរឫសឈើព្រៃដាំផឹក»។
ជាមួយការលើកឡើងនេះ ជីដូន និងជាឆ្មបក្រៅសាលា រូបនេះក៏បានបញ្ជាក់ថា៖«បើតាមខ្ញុំដឹងពីដូនតាមកពូជពង្សខ្ញុំ ដូចជាមិនមានអ្នកណាម្នាក់មានកូនច្រើនដូច មី ទៀន នេះទេ មានអស់ហើយ១០នាក់មានតែមី ទៀននេះមួយគត់។ ខ្ញុំក៏មិននឹកស្មានថា តែពោះកូន ទៀន មួយបង្កើតចៅឲ្យខ្ញុំបានដល់ទៅ២១នាក់យ៉ាងដូច្នេះសោះ»។
មេភូមិដែលគ្រប់គ្រងប្រជាជននៅក្នុងភូមិថ្នល់លេខ៣ លោក ស៊ូ ប៊ុនធឿន បានឲ្យដឹងថា៖«ប្អូន ផាន់ ទៀន និងប្តី ខាន់ ខួយ នេះពួកគេរៀបការការនៅឆ្នាំ១៩៨០ ពេលនោះប្អូន ខាន់ ខួយ គេនៅជាទាហាន គេមិនមានបងប្អូនណាទីពឹងពុំនាក់ខ្ញុំក៏ស្តីដណ្តឹងនាង ផាន់ ទៀន កូន យាយ ទួម ឲ្យរៀបការតាមប្រពៃណី»។ លោកបន្តថា៖«ការមិនបានប៉ុន្មានគេក៏មានកូនកូនទីមួយកូនទី២ កូនទី៣នោះខ្ញុំនៅមិនទាន់ថាអីទេ លុះដល់ឃើញគេកូនច្រើនឡើងៗហើយជីវភាពខ្វះខាតនោះខ្ញុំក៏ធ្លាប់ បានណែនាំដែរថា កុំឲ្យមានកូនច្រើនពេកល្មមៗពន្យារកំណើតខ្លះទៅតែប្តីគេមិន ស្តាប់ទេ»។
លោកបានបញ្ជាក់ថា៖ «ប្តី ប្អូន ខាន់ ខួយ នេះគេបានប្រាប់ប្រពន្ធគេមិនឲ្យប្រើមធ្យោបាយពន្យារកំណើតឡើយ មិនថាមធ្យោបាយណាមួយនោះទេ គឺអត់ ហើយគេបានប្រាប់ប្រពន្ធគេថា ឲ្យតែមានទុកវាទាំងអស់ចង់កើតប៉ុន្មានកើតទៅបានជាកើតដល់២១ នាក់ហ្នឹង»។ បន្ថែមលើនេះ មេភូមិ និងជាមេបា រៀបការឲ្យ បាននិយាយបែបលេងសើចថា៖ «នេះអាយុប្អូន ទៀន នៅមានសាច់ឈាមទ្រលុកទ្រលន់នៅឡើយបើកុំតែ ខួយ ស្លាប់ទៅថាមិនបានស្រួលមិនស្រួលគេអាចស្ទួយបានកូនច្រឡក់មួយទៀត ឬក៏លើសហ្នឹងបើដីវាមានជីជាតិល្អដាក់បានៗអ៊ីចឹង»៕
ប្រភព៖post khmer news