ស្ថាបនិក Facebook របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នរណា​?

03-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​ទម្លាយ​ថា អ្នកបង្កើត Facebook ជូន​សម្តេច គឺជា​យុវជន​ម្នាក់​ដែលជា​និស្សិត​បញ្ចប់​ការសិក្សា មកពី​ប្រទេស​កាណាដា និង​អាមេរិក​។
​ការ​បង្ហើប​អំពី​ស្ថាបនិក Facebook «Samdech Hun Sen, Cambodian Prime Minister» នេះ​ពេលនេះ​បានធ្វើ​ឡើង​ស្រប​ពេលដែល​អ្នកគាំទ្រ (Like) នៅលើ​ទំព័រ Facebook ផ្ទាល់​របស់​សម្តេច​តេ​ជោ បាន​កើនឡើង​ជាង ២​លាន​នាក់ ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុងចំណោម​ទំព័រ Facebook អ្នកនយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ទោះបីយ៉ាងណា យុវជន​ដែលជា Founder Facebook Pages របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺអាច​និយាយបានថា ជា​យុវជន​ម្នាក់​ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ចំណេះដឹង​ខ្ពង់ខ្ពស់ ការងារ​ច្បាស់លាស់ ព្រោះថា​តាមរយៈ​សកម្មភាព​ការងារ និង​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅលើ​បណ្តាញ Facebook ហើយ​ជ្រួតជ្រាប​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ពេញលេញ​។​

«​ស្ថាបនិក Facebook របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នរណា​?»
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​អំពី​ប្រវត្តិ​ទំព័រ Facebook នេះ​ថា «​ដោយសារ​មើលឃើញ​អំពី​សារសំខាន់​បណ្តាញ Facebook នៅក្រៅ​ប្រទេស ដែលមាន​ការនិយម​ចូលចិត្ត​ពី​យុវវ័យ និង​និស្សិត​ជាច្រើន ហើយ​យុវជន​រូបនេះ​គិតថា នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវតែមាន​បណ្តាញ​សង្គម​បែបនេះ ដើម្បី​មាន​ទំនាក់ទំនង​ល្អ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រជាជន ជាពិសេស​យុវជន​»​។​

​សម្តេច​បាន​បន្ថែមថា «​ទើប​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១០ យុវជន​រូបនេះ​បានរៀបចំ​បង្កើត Facebook ដាក់ឈ្មោះ​ខ្ញុំ "Samdech Hun Sen, Cambodian Prime Minister" ។ យុវជន​រូបនេះ​បានរៀបចំ​បង្ហោះ​ជា​ព័ត៌មាន​អំពី​សកម្មភាព​ខ្ញុំ រួមទាំង​ព័ត៌មាន​សង្គម ព្រមទាំង​រូបថត និង​ព័ត៌មាន​ទាក់ទាញ​ទេសចរណ៍​កម្ពុជា​»​។​

សម្តេច​បាន​បន្ថែមថា «​ខ្ញុំ​បាន​តាមដាន​មើល​ព័ត៌មាន​អំពី Facebook ដែលមាន​ឈ្មោះ​ខ្ញុំ​ជាប្រចាំ ទន្ទឹមនឹងនោះ​គឺមាន​អ្នកបង្កើត Facebook ដែល​បានដាក់​ឈ្មោះ​ខ្ញុំ​ជាច្រើន​ផ្សេងទៀត​។ ខុទ្ទកាល័យ​ខ្ញុំ​ក៏បាន​ចេញ​លិខិត​បដិសេធ​ពីមុន​ថា នាយករដ្ឋមន្ត្រី​ពុំទាន់​មាន Facebook ផ្ទាល់ខ្លួន​នៅឡើយ​ទេ​នៅពេលនោះ​។ ខាង​គណបក្សប្រឆាំង​បានប្រកាសថា មេដឹកនាំ​គណបក្ស​គេ​គឺ​ឈ្នះ​ដាច់​បក្ស​កាន់អំណាច​សព្វថ្ងៃ ដែល​នៅពេលនោះ​គឺ​ខ្ញុំ​ពុំទាន់​មាន Facebook ផ្លូវការ​នៅឡើយ គឺ​គេ​ប្រកួត​តែ​ជាមួយ​ខ្លួនឯង​។ ចំពោះ​យុវជន​ដែល​បានរៀបចំ​បង្កើត Facebook ខ្ញុំ នៅតែ​បន្ត​ផ្សាយ​ព័ត៌មាន​ជាធម្មតា ទោះបី​ពុំទាន់​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ក៏ដោយ​»​។​
​សម្តេច​បាន​បន្ថែមទៀត​ថា «​ខ្ញុំ​បន្ត​តាមដាន​ពិនិត្យ​ទៅលើ Facebook ទាំងអស់​ដែល​ប្រើប្រាស់​ឈ្មោះ​ខ្ញុំ ហើយ​ប្រៀបធៀប​គុណភាព​ការផ្សាយ និង​ការទទួលខុសត្រូវ ដែល​ខ្ញុំ​សម្រេច​ថា​នឹងត្រូវ​ជ្រើស​រើសយក​មួយ​ជា​ផ្លូវការ​។ នៅពេលដែល​គេហទំព័រ​យុវជន​រូបនេះ​ទទួលបាន​អ្នកគាំទ្រ ១​លាន​៥​ម៉ឺន​នាក់ នៅក្នុង​ខែកញ្ញា ឆ្នាំ​២០១៥ គឺ​ខ្ញុំ​បាន​ប្រាប់​កូនប្រុស​របស់ខ្ញុំ អោយ​ស្វែងរក​យុវជន​រូបនេះ ហើយ​បន្ទាប់មក​ក៏បាន​ទទួលស្គាល់ Facebook នេះ​ជា​ផ្លូវការ​របស់ខ្ញុំ​តែម្តង នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៥»​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បានលើកឡើង​ទៀតថា «​ក្រោយពី​ខ្ញុំ​បានប្រកាស​ទទួលស្គាល់ Page នេះ​ជា​ផ្លូវការ​របស់ខ្ញុំ និង​បានបញ្ជាក់​ទៅ​ក្រុមហ៊ុន Facebook ដើម្បី (Verify) បញ្ជាក់ថា​ជា Page របស់ខ្ញុំ គឺ​ខ្ញុំ​សង្កេតឃើញ​កំណើន​ចំនួន​អ្នកគាំទ្រ និង Likes បាន​កើនឡើង​យ៉ាងខ្លាំង​។ តាមពិតទៅ​ខ្ញុំ​ទើប​ចាប់​កាន់កាប់ Page ផ្ទាល់ខ្លួន​របស់ខ្ញុំ ចាប់ពី​ខែ​២០ ខែកញ្ញា ឆ្នាំំ​២០១៥ មកទល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ (​ជាង​៤​ខែ​) គឺ​បានទទួល​ការគាំទ្រ​និង Likes (2,099,740)​។ ខ្ញុំ​ប្រើប្រាស់ Facebook គឺ​ដើម្បី​ប្រយោជន៍​សង្គម និង​បានដឹង​អំពី​សុខទុក្ខ​ពលរដ្ឋ ព្រមទាំង​ផ្តល់ឱកាស​អោយ​ពលរដ្ឋ បាន​នៅ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ​។ កន្លងមក​ថ្មីៗ​នេះ ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​សង្គមជាតិ និង​ជួយ​ពលរដ្ឋ​កម្ពុជា បាន​ច្រើន​តាមរយៈ​បណ្តាញ​សង្គម​នេះ​។ ខ្ញុំ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ មិន​ទៅ​ប្រកួតប្រជែង​ជាមួយ អ្នកណាម្នាក់​ឡើយ​»៕




ចំនួនអ្នកទស្សនា

    19630957

  • ថ្ងៃនេះ2301
  • ម្សិលមិញ2891
  • សប្តាហ៍នេះ21151
  • ខែនេះ67251
  • ឆ្នាំនេះ403511
  • សរុប19630957