សម្តេច សាយ ឈុំ អនុញ្ញាតអោយ ឯកឧត្តម​ឯកអគ្គរដ្ឋទូត នៃ​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចួ​ល​ជួប​សម្តែង​ការគួរសម

04-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ នៅ​វិមាន​ព្រឹទ្ធសភា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាតអោយ ឯកឧត្តម William-A-Heidt ឯកអគ្គរដ្ឋទូត វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចួ​ល​ជួប​សម្តែង​ការគួរសម កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​
​ព្រមជាមួយ​ប្រសាសន៍​ស្វាគមន៍​យ៉ាង​ស្និទ​ស្នាល ចំពោះ​ឯកឧត្តម ឯកអគ្គរដ្ឋទូត​នាពេលនោះ សម្តេច​ភក្តី បានបញ្ជាក់​ពី​ជំនឿ​មុតមាំ ចំពោះ​បេសកកម្ម​ការទូត​របស់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត នៅ​កម្ពុជា ដែល​ពិតជា​នឹង​រួមចំណែក​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ក្នុង​ពង្រឹងពង្រីក នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​យើង​ទាំង​២​។​

​សម្តេច​ប្រធាន បាន​ថ្លែង​អបអរសាទរ​ចំពោះ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក នាពេល​ថ្មីៗ​នេះ ដែល​ទទួលលទ្ធផល​ផ្លែផ្កា​ល្អ សម្រាប់​ការ​រឹតចំណង មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស និង​ប្រជាជន​យើង​ទាំង​២​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដែល​កន្លងមក បានផ្តល់​ដល់​កម្ពុជា នូវ​ជំនួយ​បន្តបន្ទាប់​សម្រាប់​ការអភិវឌ្ឍន៍ សម្រាប់​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ខាង​ផ្នែក​យោធា​ផងដែរ​។​
   

 ​សម្តេច​ប្រធាន ក៏បាន​ជម្រាបជូន​ពី​សភាពការណ៍ រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​សភាពការណ៍​ន​យោ​បាយ នៅ​កម្ពុជា ដែលមាន​លក្ខណៈ​ល្អប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ជាក់ស្តែង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងសង្គម កាន់តែ​ត្រូវបាន​លើកកម្ពស់ ដោយ​ដើរ​ទន្ទឹមនឹង​ការពង្រឹង​នីតិរដ្ឋ​។​
​មានប្រសាសន៍​ឆ្លើយតប​វិញ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ ជ្រាលជ្រៅ​បំផុត​ចំពោះ​ការជួយ ការសម្របសម្រួល និង​ការសហការ​ល្អ​របស់​អា​ជ្ញា​ធរ និង​រាជរដ្ឋាភិបាល ចំពោះ​បេសកកម្ម​ការទូត​របស់ ឯកឧត្តម​នៅ​កម្ពុជា​កន្លងមក​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​សម្តែង​ការចាប់អារម្មណ៍ របស់​ឯកឧត្តម​ចំពោះ​ការអភិវឌ្ឍន៍​រីកចម្រើន​ឆាប់រហ័ស របស់​កម្ពុជា ដែលមាន​សន្ទុះ​គួរអោយកត់សម្គាល់​។ តាមរយៈ​ការចុះ​បំពេញការងារ​នៅតាម​បណ្តា​ខេត្ត​នានា​កន្លងមក ឯកឧត្តម​បានឃើញ និង​វាយតម្លៃ​ខ្ពស់​ពី​ការខិតខំ និង​ពី​លទ្ធផល​នៃ​កំណែទម្រង់ លើ​គ្រប់​វិស័យ​របស់​រាជរដ្ឋាភិបាល ជាពិសេស គឺ​លទ្ធផល​នៃ​កិច្ចព្រមព្រៀង ដំណោះស្រាយ​នយោបាយ និង​វប្បធម៌​សន្ទនា ដែល​ធ្វើអោយមាន​សុខសន្តិភាព ស្ថិរភាព យ៉ាង​ឆាប់រហ័ស​។​

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​ជម្រាបជូន​សម្តេច​ប្រធានព្រឹទ្ធសភា អំពី​ព័ត៌មាន​សំខាន់​ខ្លះៗ ដែល​ពាក់ព័ន្ធ​ដល់​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​ត្រូវ​អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក នៅ​សហរដ្ឋអាមេរិក នាពេលខាងមុខ​។

​មុននឹង​បញ្ចប់​សម្តេច​ប្រធានព្រឹទ្ធសភា បាន​ជម្រាបជូន ឯកឧត្តម​ឯកអគ្គរដ្ឋទូត សូម​បន្ត​ជួយ​ជម្រុញ​ថែមទៀត រាល់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដែលមាន​ស្រាប់ និង​បង្កើន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២ ដោយ​សូមជួយ​ជំរុញ​អ្នកទេសចរ អាមេរិក អោយបាន​ច្រើន​ថែមទៀត ព្រមជាមួយ​នេះដែរ សម្តេច​ក៏បាន​ស្នើសុំ​ជួយ​ជំរុញ​ការ​ផ្តល់ជំនួយ​ផ្នែក​សុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និង​ផ្នែក​យោធា​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20601977

  • ថ្ងៃនេះ14541
  • ម្សិលមិញ11441
  • សប្តាហ៍នេះ44371
  • ខែនេះ159521
  • ឆ្នាំនេះ159521
  • សរុប20601977