អគ្គស្នងការ​នគរបាល​ជាតិព្រមាន​ដក​មន្ត្រី​ដែល​បណ្តោយ​ឲ្យ​មាន​អំពើ​អសកម្ម ពុករលួយ បក្សពួកនិយម​

04-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន​ដកតំណែង​អគ្គ​ស្នងការរង ប្រធាន​នាយកដ្ឋាន និង​ស្នងការ​នគរបាល​នៅ​ទូទាំងប្រទេស ប្រសិនបើ​មានការ​ធ្វេសប្រហែស បណ្តាល​ឲ្យ​ករណី​មន្ត្រីនគរបាល​ពុករលួយ ពាក់ព័ន្ធ​នឹង​ការទិញ​លក់​តំណែង បក្សពួកនិយម ការ​តម្លើង​ឋានន្តរសក្តិ និង​ការបញ្ជូន​មន្ត្រី​ប៉ូលីស​ទៅ​បំពេញបេសកកម្ម​សិក្សា​ជំនាញ​នៅក្រៅ​ប្រទេស ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​របស់ ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯកគៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ​គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​កិច្ចប្រជុំ​បិទ​ទា្វរ​មួយ​រវាង នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សារឿន និង​អគ្គ​ស្នងការរង ប្រធាន​នាយកដ្ឋាន ព្រមទាំង​ស្នងការ​នគ​បាល​រាជធានី ខេត្ត​ទូទាំងប្រទេស នៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​២ ខែកុម្ភៈ​នេះ ថា ក្រោយពី​អគ្គស្នងការដ្ឋាន នគរបាលជាតិ​ទទួល​ព័ត៌មាន​អសកម្ម​មួយចំនួន ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​បញ្ជូន​មន្ត្រីនគរបាល​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ក្នុង​នាយកដ្ឋាន​បុគ្គលិក​នគរបាលជាតិ អគ្គស្នងការ​នគរបាល​ជាតិ​បាន​ពិនិត្យ និង​ណែនាំ​មន្ត្រីនគរបាល​ដែលមាន​ឋានៈ​ចាប់ពី​អគ្គ​ស្នង​រង​នគ​បាល រហូតដល់​ស្នងការ​នគរបាល​រាជធានី​ខេត្ត​ឲ្យ​ត្រួតពិនិត្យ​បញ្ហា​អសកម្ម​នានា ក្នុង​អង្គភាព​ខ្លួន ឡើងវិញ​។ ហើយ​ថា ប្រសិនបើ​ប្រធាន​ស្ថាប័ន​នគរបាលជាតិ នៅតែ​បណ្តែតបណ្តោយ​ឲ្យ​ករណី​អសកម្ម​ទាំងឡាយ​កើតមាន​នៅក្នុង​ស្ថាប័ន​ទៀត​នោះ ពួកគេ​នឹង​ប្រឈមមុខ​នឹង​ការដកតំណែង ពិន័យ​រដ្ឋបាល និង​អនុវត្តន៍​តាមច្បាប់​។​

​ឯកឧត្តម​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​គាត់​សង្កត់ធ្ងន់ថា រាល់​បាតុភាព​អសកម្ម​ទាំងអស់ មន្ត្រី​គ្រប់​ថ្នាក់​ដែលជា​អ្នកទទួលខុសត្រូវ រួមមាន ស្នងការ ប្រធាន​នាយកដ្ឋាន ប្រធាន​នាយកដ្ឋាន​កណ្តាល អគ្គស្នងការ​ង​ទាំងអស់​ត្រូវ​រួមគ្នា​ទទួលខុសត្រូវ លុបបំបាត់​ភាព​អសកម្ម​។ ប្រសិន បើ​មាន​ភាព​អសកម្ម​ទៀត ត្រូវ​យកមក​ពិនិត្យ​ហើយ​គិតគូរ​ទូទាត់​គ្នា​តាមច្បាប់ ត្រូវ​ពិន័យ​រដ្ឋបាល បញ្ជូនទៅ​តុលាការ និង​ដេញ​ចេញពី​តំណែង​»​។​
​លើសពីនេះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ថ្លែងថា​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ជំរុញ​មន្ត្រីនគរបាល ពាក់ព័ន្ធ​បន្ត​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​ចរាចរ ន៍​សាធារណៈ និង​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ ហើយ​ថា​ឯកឧត្តម នេ​ត សាវឿន ក៏បាន​ណែនាំ​មន្ត្រី​ឲ្យ​បន្ត​តាមដាន និង​ពិនិត្យ​មតិ​សាធារណៈជន លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ខ្លូន​ទៀត ដើម្បី​យក​មតិ​ទាំងនោះ មក​ពិនិត្យ និង​កែលំអ​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20601897

  • ថ្ងៃនេះ14461
  • ម្សិលមិញ11441
  • សប្តាហ៍នេះ44291
  • ខែនេះ159441
  • ឆ្នាំនេះ159441
  • សរុប20601897