សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួងការបរទេស ការពារ​អាជីវករ​ខ្មែរ​២​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​នៅ​ផ្សារ​រ៉ុង​ក្លឿ​

06-February-2016 | ដោយ មែន កំសត់

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឱ្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ការពារ​ដល់​អាជីវករ​ខ្មែរ​២​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់ខ្លួន​ក្នុង​ហេតុ​ការប៉ះទង្គិច​គ្នា​រវាង​អាជីវករ​ខ្មែរ និង​នគរបាល​ថៃ នៅ​ផ្សារ​រ៉ុង​ក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាលពី​២​ថ្ងៃមុន​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍ របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​។​

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា «​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាន​ណែនាំ​បន្ទាន់​ភ្លាម​ឲ្យ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ប្រទេស​ថៃ រក​មេធាវី​ដើម្បី​ការពារ​ពលរដ្ឋ​ខ្មែរ យើង​ទោះជា​ក្នុងករណី​ណាក៏ដោយ ដូច​អ្វីដែល​យើង​ធ្លាប់​បានធ្វើ កន្លងមក​» ។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ មានការ​ប៉ះទង្គិច​គ្នា រវាង​ក្រុមអាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ ជាមួយ​ក្រុម​សើ​ប​អង្កេត​ពិសេស​ថៃ​មកពី​ទីក្រុង​បាងកក ដែល​ចុះមក​ត្រួតពិនិត្យ​កម្មសិទ្ធិបញ្ញា​លើ​ទំនិញ​នៅ​ផ្សារ​រ៉ុង​ក្លឿ ។ នៅពេល​មានការ​ប៉ះទង្គិច​រវាង​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុង​ក្លឿ ជា មួយ​នគរបាល​ថៃ​នោះ បានកើត​មានការ​វាយតប់ និង​គប់​ដំ​ថ្ម​ទៅ លើ​នគរបាល​ថៃ នាំ​ឲ្យ​ខូចខាត​រថយន្ត​នគរបាល អស់​ចំនួន ២​គ្រឿង​។​នគរបាល​ថៃ​បាន​ចាប់​អាជីវករ​ខ្មែរ ២ នាក់ ដែល​គេ​ថតរូប​ភាព បាន​ក្នុង​វីដេអូ​របស់​នគរបាល ។​

​នៅ​ថ្ងៃទី​៤ ខែ កុម្ភៈ តុលាការ​ថៃ​បាន​កាត់ទោស អាជីវករ​ខ្មែរ​ទាំង ២​នាក់​នេះ ឲ្យ​ជាប់ពន្ធនាគារ​ចំនួន ៣​ខែ ។ នគរបាល​ថៃ ក៏បាន​បញ្ជូន​វីដេអូ​អាជីវករ ២ នាក់​នេះ​មក​ឲ្យ ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក មើល​ផងដែរ ។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍ របស់​ក្រសួងការបរទេស​កម្ពុ​ជា​៕

ចំនួនអ្នកទស្សនា

    20603737

  • ថ្ងៃនេះ16301
  • ម្សិលមិញ11441
  • សប្តាហ៍នេះ46131
  • ខែនេះ161281
  • ឆ្នាំនេះ161281
  • សរុប20603737