រតនគិរី/ស្ទឹងត្រែងៈ សាច់ និងសត្វព្រៃរស់ជិត ២០០ គីឡូក្រាមត្រូវបានចាប់រឹបអូស និងសង្គ្រោះពីឈ្មួញលួចលាក់រកស៊ីខុសច្បាប់នៅតាមផ្ទះ និងផ្សារក្នុងក្រុងស្ទឹងត្រែង និងរតនគិរីប៉ុន្តែពួកឈ្មួញបានបដិសេធមិនព្រមបង់ប្រាក់ផាកពិន័យ ជាង ២ ពាន់ដុល្លា។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានឆ្មក់បង្ក្រាបបទល្មើស លក់សត្វព្រៃនៅផ្សារស្ទឹងត្រែងដែលរឹបអូសបានសាច់ និងសត្វព្រៃរស់ជាង ៥០ គីឡូក្រាមកាលពីថ្ងៃទី០៧ខែកុម្ភៈ។ នេះបើយោងតាមនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តលោក ឈាង តុលា ដែលបានចុះបង្ក្រាបផ្ទាល់។
លោកបានឲ្យដឹងកាលពីម្សិលមិញថាសាច់ទាំងនោះរួមមានសាច់ជ្រូកព្រៃ ឈ្លូស រញី ឆ្មា និងត្រកួតរស់ ១ ក្បាលទម្ងន់ ២ គីឡូក្រាមផងដែរ។ ទោះយ៉ាងណាអ្នកលក់ដែលសុទ្ធជាស្ត្រីភេទនោះបានរត់រួច។
លោក តុលា បញ្ជាក់ថា៖ «សត្វព្រៃហ្នឹងគឺចម្រុះ។ អ្នកលក់មិននៅឲ្យយើងចាប់ស្រួលៗទេ។ គេរត់យើងដេញពេញផ្សារហ្នឹង»។ លោកបន្តថា សាច់សត្វព្រៃត្រូវបានយកទៅដុតកម្ទេចចោលនៅថ្ងៃដដែលនោះផងដែរ។
ចំណែកក្នុងក្រុងបានលុង ខេត្តរតនគិរីឯនោះវិញក្រុមបង្ក្រាបសត្វព្រៃចល័តដែលរួមមាន កម្លាំងរដ្ឋបាលព្រៃឈើ និងអាវុធហត្ថលើផ្ទៃប្រទេសដែលគាំទ្រដោយអង្គការសម្ព័ន្ធភាពសត្វព្រៃ (Wildlife Alliance) បានចុះចាប់ឈ្មួញជួញដូរសត្វព្រៃពីរនាក់ប្តីប្រពន្ធនៅហ្នឹង ផ្ទះរបស់ពួកគេហើយបានរឹបអូសបានសាច់សត្វព្រៃ ត្រកួត និងសំពោចរស់បានជាង ១០០ គីឡូក្រាមកាលពីសប្តាហ៍មុន។
មន្ត្រីដែលចូលរួមបង្ក្រាប និងអង្គការសម្ព័ន្ធភាពសត្វព្រៃបានឲ្យដឹងថាសត្វឈ្លូស ៦ ក្បាល និងជ្រូកព្រៃ ២ ក្បាលគឺនៅទាំងមូលមិនទាន់ត្រូវបានគេកាប់ជាបំណែកៗនោះទេ។ រីឯសត្វត្រកួត ៥ ក្បាល និងសំពោច ១ ក្បាលគឺនៅរស់ហើយត្រូវបានដោះលែងទៅក្នុងជម្រកធម្មជាតិវិញរួច ហើយផងដែរ។
មន្ត្រីរូបនោះបញ្ជាក់ថា៖ «មុនបង្ក្រាបយើងបានស្រាវជ្រាវរឿងនេះជាយូរជាមួយនឹងមុខសញ្ញាផ្សេង ទៀតដែរ។ សត្វទាំងនោះគឺជាប្រភេទមានដោយបង្គួរហើយម្ចាស់ត្រូវបានផាកពិន័យ តាមច្បាប់ជាង ៨ លានរៀលប៉ុន្តែគេថាអត់លុយ»។ លោកថាដោយសារតែជនល្មើសមិនព្រមបង់ប្រាក់ពិន័យសំណុំរឿងនោះត្រូវ បានបញ្ជូនទៅតុលាការដើម្បីចាត់វិធានការបន្តទៀត៕