ក្រុម​អ្នកស្រាវជ្រាវ​រៀបចំ​ជា កា​តុ​ឡុ​ក នៃ​វាលពិឃាត

10-February-2016 | ដោយ មែន កំសត់

 ​ភ្នំពេញៈ មាន​សព​ប្រមាណ ៨៩៨៥ នាក់​ត្រូវ​រកឃើញ​នៅ «​វាលពិឃាត​» ជើងឯក​ដែលជា​កន្លែង​កប់ខ្មោច​ច្រើន​នាក់​ក្នុងចំណោម​កន្លែង​កប់ខ្មោច ជិត ២ ម៉ឺន​កន្លែង​ដែល​ជនរងគ្រោះ​នៃ​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ត្រូវបាន ទុកចោល​ឱ្យ​ស្អុយរលួយ​។ រយៈពេល​ជាង​បី​ទសវត្សរ៍​មកហើយ​សព​បានប្រែក្លាយ​ជា​ឆ្អឹង​។​
​គ្រោងឆ្អឹង​ទាំងនេះ​បាន​ពុកផុយ និង​បែកបាក់​ក្នុង​អាកាសធាតុ​ត្រូពិច​ដោយ​ឆ្អឹងភ្លៅ​បែក​ពី​ឆ្អឹង ត្រគាក​ម្រាមដៃ​បែក​ពី​ឆ្អឹង​ដៃ​លលាដ៍​បែក​ពី​ឆ្អឹង​កង​ខ្នង​។​

​រយៈពេល​ពីរ​ឆ្នាំ​មកហើយ​លោក វឿន វុទ្ធី អ្នក​បុរាណវត្ថុ និង​ក្រុម​ស្រាវជ្រាវ​របស់លោក​បាន​ពិនិត្យមើល​ឆ្អឹង​នៅ​ជើងឯក​ដើម្បី ស្វែងរក​ទិន្នន័យ​ដែល​ពួកគេ​អាច​ប្រើ​ដើម្បី​សន្មត​ពី​អាយុ ភេទ និង​របៀប​ស្លាប់​របស់​ជនរងគ្រោះ​។ ចំពោះ​គម្រោង​របស់​ពួកគេ​ដែល​បានបញ្ចប់​កាលពី​ខែធ្នូ​ក្រុម​របស់លោក វុទ្ធី បាន​ពិនិត្យ​លលាដ៍ក្បាល​ចំនួន ៦៤២៦ នាក់​នៅ​មន្ទីរពិសោធន៍​នៅនឹងកន្លែង​ដែល​ពួកគេ​ជាម​នុស្ស​ទី ១ ដែល​ធ្វើការ​ស្រាវជ្រាវ​ក្នុង​កម្រិត​ធំ​នេះ​។ ក្រុម​ដែល​អ្នកស្រាវជ្រាវ​គឺជា​ខ្មែរ​ទាំងអស់នេះ​បាន​ចងក្រង​ទិន្នន័យ រាប់ពាន់​ទំព័រ​។
​ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយថា សៀវភៅ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ស្រាវជ្រាវ​ពី​អំពើ​ប្រល័យពូជសាសន៍​។​
​លោក វុទ្ធី និង​ក្រុមការងារ​របស់លោក​បាន​រកឃើញ​វិធីសាស្ត្រ​នៃ​ការសម្លាប់​ចំនួន ១៧ នៅ​ជើងឯក​។ វិធីសាស្ត្រ​ទូទៅ​មួយ​គឺ​ការ​វាយ​នឹង​ដំបង​ដែក​នៅ​កញ្ចឹងក​ជនរងគ្រោះ​។ ពេលខ្លះ​គេ​ប្រើ​គល់​ឫស្សី​ជំនួស ឬ​យក​ចប​មក​វាយ​ចំ​ថ្ងាស​របស់​ជនរងគ្រោះ​។​

​នៅពេល​គេ​កាប់​ជនរងគ្រោះ​មាន​វិធី​ពីរបែប​។ គេ​យក​កំបិត​ផ្គាក់​កាប់​ក្បាល ឬ​យក​កាំបិត​ស្តើង​មក​អារ​បំពង់ក​។ ក្រុមការងារ​របស់លោក វុទ្ធី បានកំណត់​ឃើញ​ករណី​អារ​កមាន​ចំនួន ៦០០០​ករណី​។ លោក​បាន​ប្រាប់ថា​ឃាតករ​ត្រូវតែ​អា​រក​ជនរងគ្រោះ​ជារួម​បន្ទាប់ពី​មាន ការវាយដំ​ដើម្បី​ធានាថា​ជនរងគ្រោះ​ពិតជា​ស្លាប់​មែន​។​
​លោកស្រី Julie Fleischman បេក្ខជន​ថ្នាក់បណ្ឌិត​ផ្នែក​នរវិទ្យា​ភ័ស្តុតាង​នៅ​សាកលវិទ្យាល័យ​រដ្ឋ Michigan ដែល​បាន​នៅ​កម្ពុជា​រយៈពេល ១០ ខែ​ដោយ​ទទួលបាន​អាហារូបករណ៍ Fulbright ដែល​បាន​ចូលរួម​ជាមួយនឹង​ក្រុម​លោក វុទ្ធី រហូតដល់​ចប់​គម្រោង​ជើងឯក​ដែលជា​ផ្នែក​មួយ​នៃ​ការរៀបចំ​និក្ខេបបទ របស់ខ្លួន​នោះបាន​ថ្លែងថា​៖ «​គ្មាន​នរណាម្នាក់​បាន​បំបែក​នូវ​ទិន្នន័យ​ប្រជាសាស្ត្រ​ពីមុន​ទេ​»​។
​លោកស្រី​បន្តថា​៖«​ពួកគេ​ជាម​នុស្ស​តែមួយគត់​ក្នុងប្រទេស​ទាំងមូល ដែលមាន​ជំនាញ​វិភាគ​ឆ្អឹង​ផង និង​ការពារ​ឆ្អឹង​កុំ​ឲ្យ​ពុកផុយ​»​។​

​ជាមួយនឹង​ការប្រមូលផ្តុំ​នូវ​ទិន្នន័យ​កោសល្យវិច័យ​លោក វុទ្ធី និង​ក្រុម​របស់លោក​បានធ្វើការ​ដើម្បី​ការពារ​ឆ្អឹង​ទុក​សម្រាប់​អ្នក ជំនាន់​ក្រោយ​ដោយ​ប្រើ​សារធាតុ​ប៉ូ​លី​មែរ​ដែល​ផលិត​ដោយ​អាមេរិក​ដើម្បី ពង្រឹង និង​ការពារ​ឆ្អឺ​ង​កុំ​ឲ្យ​ពុកផុយ​។​
​ការដែល​នៅមាន​ឆ្អឹង​គឺជា​រឿង​មិនធម្មតា​។ បន្ទាប់ពី​បាន​ឈ្លានពាន​កម្ពុជា និង​ផ្តួលរំលំ​របប​ខ្មែរក្រហម​វៀតណាម​បាន​រក្សាទុក​ឆ្អឹង​មិន​ត្រឹមតែ ដើម្បី​ជា​ភ័ស្តុតាង​នៃ​អំពើ​ប្រល័យពូជសាសន៍​នោះទេ​ប៉ុន្តែ​ដើម្បី​ធ្វើ ជាហេតុ​ផល​នៃ​ការកាន់កាប់​របស់​ពួកគេ​មកលើ​កម្ពុជា​ផងដែរ​។​
​ប៉ុន្តែ​កាលពីដើមឆ្នាំ ២០០១ ព្រះបាទ​នរោត្តម សីហនុ នៅក្នុង​លិខិត​មួយ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​យក​ឆ្អឹង​នៅ​ជើងឯក​ចេញពី​ចេ​តី​យ​រំឭក​វិញ្ញាណក្ខន្ធ របស់​ពួកគេ និង «​បូជា​តាមបែប​ព្រះពុទ្ធសាសនា​»​។ ពីរ​បី​ខែក្រោយ​មក​លោក ហ៊ុន សែន បាន​បដិសេធ​សំណើ​របស់​ព្រះមហាក្សត្រ​ហើយ​បានសម្រេច​ថា​ឆ្អឹង​ទាំងនោះ​គួរ រក្សា​ទុកជា «​ភ័ស្តុតាង​នៃ​ឧក្រិដ្ឋកម្ម​ប្រវត្តិសាស្ត្រ​ទាំងនេះ​»​។​
​លោក វុទ្ធី បានចាត់ទុក​ឆ្អឹង​ទាំងនោះ និង​ទិន្នន័យ​លក្ខណៈ​វិទ្យាសាស្ត្រ​របស់​ពួកគេ​ស្រដៀង​នឹង​លោកនាយក រដ្ឋមន្ត្រី​ថា​ជាការ​រំឭក​អំពី​ការឈឺចាប់​អំពី​អតីត​កាលដែល​ខុសឆ្គង ខ្លាំងណាស់​ហើយ​វា​សំខាន់​ណាស់​ដែល​ត្រូវ​រក្សាទុក​។​
​ទោះយ៉ាងណា​ក្តី​លោក​ខិតខំ​អស់ពី​សមត្ថភាព​ក្នុងការ​ចៀស​ពី​ការ ពាក់ព័ន្ធ​នយោបាយ​។ លោក​បាន​សង្កត់ធ្ងន់​ជា​ច្រើនដង​ក្នុងអំឡុង​បទ​សម្ភាស​មួយ​កាលពី​សប្តាហ៍ មុន​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ដែល​លោក​មាន​ឋានៈ​ជា​ប្រធាន​ផ្នែក​បុរាណវិទ្យា​ថា​៖ «​ខ្ញុំ​គ្រាន់តែ​ជា​អ្នកវិទ្យាសាស្ត្រ​» «​យើង​គ្រាន់តែ​ចង់បាន​ការពិត​»​។​
​ដើម្បី​បំពេញការងារ​វិទ្យាសាស្ត្រ​នេះ​លោក វុទ្ធី បានធ្វើ​ការសម្ភាស​ឃាតករ​មួយចំនួន​នៅក្នុង​ចំណោម​ឃាតករ​នៅ​ជើងឯក​ហើយ រូបថត​នឹងត្រូវ​ចេញ​បង្ហាញ​នៅក្នុង​ភាពយន្ត​មួយនា​ឆ្នាំក្រោយ​។ មួយ​ក្នុងចំណោម​ពួកគេ​គឺ ហ៊ីម ហ៊ុយ មេ​សន្តិសុខ​ដែល​ទទួលបន្ទុក​លើ​ការសម្លាប់​នៅ​ទីនោះ​។
​លោក ហ៊ុយ ដែលមាន​វ័យ​ចំណាស់​ដែល​មិន​ត្រូវបាន​កាត់ទោស​ចំពោះ​បទឧក្រិដ្ឋ​កម្ម របស់គាត់​គឺមាន​លក្ខណៈ​ភ័យខ្លាច​ក្នុងការ​បើកចំហ​ក្នុងអំឡុង​ការ សម្ភាស​រយៈពេល​ពីរ​ម៉ោង​របស់គាត់​។
​លោក វុទ្ធី បាន​ថ្លែងថា​៖ «​គាត់​បាន​ប្រាប់​យើង​អ្វីៗ​គ្រប់យ៉ាង​»​។​

​លោក ហ៊ុយ បានបញ្ជាក់​អំពី​វិធីសាស្ត្រ​ឃាតកម្ម​ភាគច្រើនបំផុត​ដែល​លោក វុទ្ធី និង​ក្រុម​របស់លោក​សន្និដ្ឋាន​ប៉ុន្តែ​បាន​បន្ថែម​សេចក្តីលម្អិត​។ លោក ហ៊ុយ ថ្លែងថា​ភាគច្រើនបំផុត​ការសម្លាប់​ចាប់ផ្តើម​ចាប់ពី​ម៉ោង ៦ ល្ងាច និង​បន្ត​រហូតដល់​ពាក់កណ្តាល​យប់​។ ពួកគេ​មិនដែល​សម្លាប់​នៅពេល​ថ្ងៃ​ទេ​។ ឆ្នាំ​ដែល​បង្ហូរឈាម​បំផុត​គឺ​ឆ្នាំ ១៩៧៨ ។ នេះ​បើតាម​លោក ហ៊ុយ​។​

​ជាច្រើន​ថ្ងៃ​នៅក្នុង​ឆ្នាំ​នោះ​ឡាន​ដឹក​ជនរងគ្រោះ​ចំនួន​បី​ត្រូវបាន ដឹក​មកពី​គុក​ទួលស្លែង​ដែលមាន​ចម្ងាយ ១៦ គីឡូម៉ែត្រ​មក​ជើងឯក​។ ប្រសិនបើ​ពួកគេ​មិនអាច​បញ្ចប់​ការសម្លាប់​មុន​ពេលដេក​កម្មាភិបាល​នឹង ឃុំ​ជនរងគ្រោះ​ទាំងនោះ​នៅក្នុង​ពន្ធនាគារ​តូច​មួយ​នៅ​កន្លែង​នោះ​។ «​ប៉ុន្តែ​វា​គ្រាន់តែ​ជា​លក្ខណៈ​បណ្តោះអាសន្ន​គ្រាន់តែ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​»​។​
​លោក វុទ្ធី និង​ក្រុម​របស់លោក​គ្រោង​បន្តការងារ​របស់ខ្លួន​នៅ​តំបន់​ផ្នូរខ្មោច ថ្មី​ឈ្មោះ ក្រាំង​តា​ចាន់ ក្នុង​ខេត្តតាកែវ​ដែល​សាកសព​ជាង ១០០០០ នាក់​ត្រូវបាន​កប់​នៅ​ទីនោះ​។​
​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ Fleischman ក្រុម​របស់លោក វុទ្ធី បានទទួល​ជំនួយឥតសំណង​ពី​រាជបណ្ឌិត្យសភា​វិទ្យាសាស្ត្រ​អាមេរិក​នូវ ថវិកា​ចំនួន ២០ ០០០ ដុល្លារ​សម្រាប់​គម្រោង​នេះ​ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ​។​
​ក្រុម​របស់លោក វុទ្ធី បាន​គណនា​ថា​ពួកគេ​ត្រូវការ ៤៥០០ ដុល្លារ​ទៀត​ដើម្បី​ចំណាយ​លើ​ប្រាក់ខែ​ព្រមទាំង​ដើម្បី​ជួសជុល​ចេតិយ​នៅ ទីនោះ និង​បោះពុម្ព​លទ្ធផល​ដែល​រកឃើញ​។​
​ដើម្បី​ទទួលបាន​ប្រាក់​បន្ថែម Fleischman បាន​បង្កើត​យុទ្ធនាការ​ស្វែងរក​ថវិកា​តាម​អន​ឡាញ​ដែល​បានចាប់ផ្តើម​កាលពី ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​។ រហូតមកដល់​ពេលនេះ​វា​មិនទាន់មាន​ថវិកា​គ្រប់គ្រាន់​ទេ​ប៉ុន្តែ​លោក វុទ្ធី ហាក់បីដូចជា​មិន​ព្រួយបារម្ភ​ទេ​។

​លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​បាន​សួរ​ខ្ញុំ​ថា​មាន​ផ្នូរ​ជាង ២០ ០០០ ទៀត​តើ​អ្នក​អាចធ្វើ​ដូចម្តេច​?» «​ខ្ញុំ​បាន​ថា «​ធ្វើ​មួយៗ​»៕

ចំនួនអ្នកទស្សនា

    20607537

  • ថ្ងៃនេះ3701
  • ម្សិលមិញ16391
  • សប្តាហ៍នេះ49931
  • ខែនេះ165081
  • ឆ្នាំនេះ165081
  • សរុប20607537