ភ្នំពេញ៖ ក្រោយពីបញ្ចប់កិច្ចប្រជុំមុននេះបន្តិច នាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ សាលារាជធានីភ្នំពេញ និងក្រុមប្រឹក្សាសកម្មភាពជនពិការ បានឯកភាពសម្រេចមិនឲ្យបងប្អូនជនពិការ ប្រគុំតន្ត្រីរៃអង្គាសប្រាក់ នៅតាមភ្លើងស្តុបទៀតនោះទេ ដើម្បីរក្សាសណ្តាប់ធ្នាប់តាមទីសាធារណៈ ប៉ុន្តែនឹងជួយរៀបចំបណ្តុះបណ្តាល និងជួយរកការងារឲ្យបងប្អូនជាជនពិការធ្វើនៅតាមទីកន្លែងសមរម្យ ដើម្បីជីវភាពរស់នៅថ្លៃថ្នូរប្រសើរជាង នេះបើយោងតាមមន្ត្រី ដែលចូលរួមកិច្ចប្រជុំ នៅសាលារាជធានីភ្នំពេញ។
ការសម្រេចមិនអនុញ្ញាតឲ្យបងប្អូនជនពិការ ប្រគុំតន្ត្រីនៅតាមភ្លើងស្តុបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាង ឯកឧត្តមប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្ត្រីមួយចំនួនផងដែរ នៅសាលារាជធានីភ្នំពេញ៕