​ទាហាន​ថៃ​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​លើដី​នៅ​ជាយដែន​នា​ខេត្ត​ប៉ៃលិន​

13-February-2016 | ដោយ មែន កំសត់


​ប៉ៃលិន​៖​ទាហាន​ថៃ ប្រមាណ ២០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ ឆ្នាំ២០១៦ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើដី​របស់គាត់​នៅ​សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន​។ អ្នកស្រុក​អះអាងថា ទាហាន​ថៃ ឃាត់​ពួកគាត់​មិន​ឲ្យ​ដាំ​ដុះ ដោយ​លើក​ហេតុផល​ថា ដី​នោះ​ស្ថិតក្នុង​តំបន់ស មិនទាន់​ដោះស្រាយ​ឲ្យ​ទៅខាង​ភាគី​ណា​នៅឡើយ​។​
​ប្រជាពលរដ្ឋ​ម្ចាស់​ដី​នៅ​ក្រុងប៉ៃលិន ប្រតិកម្ម​ភ្លាមៗ​ទៅនឹង​ការហាមឃាត់​ពី​សំណាក់​ទាហាន​ឈុតខ្មៅ​របស់​ថៃ នេះ ថា​ជាការ​រំលោភបំពាន​លើ​ដែនដី​របស់​ខ្មែរ​។​
​ពលរដ្ឋ​រស់នៅ​សង្កាត់​ប​រយ៉ា​ខា លោកស្រី ហ៊ាន សុខុម ថ្លែងថា ទាហាន​ឈុតខ្មៅ​របស់​ថៃ ប្រមាណ ២០​នាក់ បាន​ហាមឃាត់​លោកស្រី​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើដី​របស់គាត់​ប្រមាណ ៣​ហិកតា នៅ​ចំណុច​ភូមិបរ​ហ៊ុយ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន នោះទេ​។ លោកស្រី​អះអាងថា ដី​នោះ​លោកស្រី​បាន​ដាំដំឡូង​មី និង​ពោត​តាំងពី​ឆ្នាំ​២០០៨ រហូតមក ពុំមាន​បញ្ហា​អ្វី​នោះទេ ដោយពេល​ខ្លះ ទាហាន​ថៃ ថែមទាំង​បាន​ជួយ​ដាំដំឡូង​លោកស្រី​នៅលើ​ដី​នោះ​ទៀតផង​។ លោកស្រី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​ដី​ទំនាស់​នោះ​ឲ្យ​បាន​ឆាប់ ដើម្បី​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​៖ «​ខ្ញុំ​បាន​ប្រាប់​ទៅ​ទាហាន​ថៃ ថា ខ្ញុំ​នៅតែ​ដាំ​ដំណាំ​នៅលើ​ដី​នោះ ប៉ុន្តែ​ទាហាន​ថៃ គេ​ហាមឃាត់​ខ្ញុំ ដោយ​ថា​ខ្ញុំ​ដាំ​ដុះ​នៅ​លើដី​របស់គេ​សុខ​ច្បាប់​»​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ នាយសេនាធិការ​ទាហាន​វរ​៥០៧ ប្រចាំការ​ជាយដែន​ខេត្ត​ប៉ៃលិន លោក ស៊ឹម រុន មានប្រសាសន៍ថា ទាហាន​ថៃ ពិតជា​បាន​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ដាំ​ដុះ​នៅ​លើដី​ទំនាស់​នោះ​ប្រាកដ មែន​។ ទោះជា​យ៉ាងណាក៏ដោយ លោក​ថា ទាហាន​ខ្មែរ និង​ទាហាន​ថៃ បាន​ជួប​ពិភាក្សាគ្នា​លើ​បញ្ហា​នេះ​នៅ​តំបន់​ដី​ទំនាស់ ប៉ុន្តែ​លោក​ពុំបាន​បញ្ជាក់​អំពី​លទ្ធផល​ពី​ការជួបគ្នា​នោះទេ​៖ «​ខ្ញុំ អត់​មែន​ជា​អ្នកដោះស្រាយ​រឿង​ដីធ្លី​ជាមួយ​ថៃ នៅ​ព្រំដែន​នោះទេ ព្រោះ​រឿងនេះ​ជា​រឿង​របស់​ថ្នាក់ដឹកនាំ​ប្រទេស​។ ចំពោះ​ខ្ញុំ គឺ​គ្រាន់តែ​បាន​ដឹងឮ​តាម​ដែល​ទាហាន​ថៃ គេ​និយាយថា​ចូល​ដី​គេ​តែប៉ុណ្ណោះ​ទេ​»​។​

​ចំណែក​អភិបាលខេត្ត​ប៉ៃលិន លោក កើត សុធា មានប្រសាសន៍ថា លោក​ពុំទាន់​ទទួលបាន​ព័ត៌មាន​ជុំវិញ​បញ្ហា​នេះ​នៅឡើយ​។ ទោះយ៉ាងណា លោក​អះអាងថា ទាហាន​ថៃ ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​បង្កបង្កើនផល​នេះ ដោយសារ​ពួកគាត់​ទៅ​ដាំ​ដុះ​លើដី​ទំនាស់​មិនទាន់​ដោះស្រាយ​ចប់សព្វគ្រប់ នៅឡើយ​៖ «​ជាធម្មតា​នៅ​តំបន់​មាន​បញ្ហា​អ៊ីចឹង យើង​បាន​ណែនាំ​ឲ្យ​ពួកគាត់​ផ្អាក​ដាំ​ដុះ​ទៅ កុំ​មាន​រឿងរ៉ាវ​ជាមួយ​ប្រទេសជិតខាង ព្រោះ​រឿងនេះ សមត្ថកិច្ច​របស់​ប្រទេស​ទាំងពីរ​បាន​តាមដាន និង​ធ្វើ​ការងារ​រួម​ទៅហើយ​»​។​
​មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ប៉ៃលិន អ្នកស្រី ប្រាក់ សុ​ភិ​ម៉ា កត់សម្គាល់ថា បើទោះជា​ដី​ជម្លោះ​នោះ​មិនទាន់​ដោះស្រាយ​រួចរាល់​ក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ទៅ​ដាំ​ដុះ​នៅលើ​ដី​នោះ​ជាច្រើន​ឆ្នាំ​មកហើយ​។ អ្នកស្រី​ថា បញ្ហា​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ដោះស្រាយ​ជាមួយ​ភាគី​ថៃ ឲ្យ​បានច្បាស់លាស់ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​
​កាលពី​ថ្ងៃទី​៤ កុម្ភៈ កន្លងទៅ ទាហាន​ថៃ ប្រមាណ ១៥​នាក់ បាន​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​ផលដំណាំ​នៅ​លើដី​តំបន់​នោះ ម្ដង​រួចមកហើយ​។ ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​បាន​តវ៉ា​ប្រឆាំងនឹង​ការរារាំង​របស់​សមត្ថ​កិច្ច​ថៃ នោះ តែ​ពុំ​ទទួលបាន​លទ្ធផល​។ ក្រោយមក​ទើប​មាន​ទាហាន​ខ្មែរ និង​ថៃ បាន​ណាត់​ជួបគ្នា​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​សាជាថ្មី​នៅ​ថ្ងៃទី​៩ កុម្ភៈ​៕
 

ចំនួនអ្នកទស្សនា

    20607657

  • ថ្ងៃនេះ3821
  • ម្សិលមិញ16391
  • សប្តាហ៍នេះ50051
  • ខែនេះ165201
  • ឆ្នាំនេះ165201
  • សរុប20607657