បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរស្រុកម៉ាឡៃមន្ត្រីសុរិយោ ដី មន្ត្រីបរិស្ថានុរក្សតំបន់ជម្រកសត្វព្រៃរនាមដូនសំ និងកងកម្លាំងនគរបាលកងរាជអាវុធហត្ថ និងកងទ័ពបានចុះទៅទប់ស្កាត់ណែនាំធ្វើកិច្ចសន្យាមនុស្ស ដែលសំអាងថា ជាពលរដ្ឋរាប់សិបនាក់មកពីឃុំសំរោង ស្រុកអូរជ្រៅ ដែលអាណាធិបតេយ្យនាំគ្នាទៅព័ទ្ធចាប់យកដីព្រៃជម្រកសត្វព្រៃរនាមដូនសំ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោក អែម សុខា អភិបាលស្រុកម៉ាឡៃ បានណែនាំ និងធ្វើកំណត់ហេតុដាក់ឱសានវាទរយៈពេល៣ថ្ងៃ គឺនៅថ្ងៃទី១៥កុម្ភៈឆ្នាំ២០១៦ ត្រូវរុះរើដំបូលតង់ចង្ក្រានជើងឆ្នាំង និងមធ្យោបាយចាកចេញ ដោយគ្មានលក្ខខណ្ឌ។
លោក សុខ សឿន ,លោក ជឿង សុខុម និងលោកប៉ាតឆេង ពលរដ្ឋនិយាយថា ពួកខ្លួនមានគ្នា១៦៧គ្រួសារ រស់នៅភូមិ/ឃុំសំរោងស្រុកអូរជ្រៅ ហើយមានតំណាងឈ្មោះញ៉ឹកឈីភេទប្រុស និងឈ្មោះបៅយ៉ន។ ពួកខ្លួនមានទំនាស់ដីធ្លីរាំរ៉ៃតាំងពីឆ្នាំ១៩៩៦ រឿងដីស្រែ និងមន្ត្រីយោធាដែលយកដីស្រែពួកខ្លួនទំហំសរុប១.០៦៥ហិកតាលក់អោយ ពួកឈ្នួញ។ ពួកខ្លួនបានប្តឹងផ្តល់ទៅច្រើនកន្លែងក្នុងនោះ ចុងក្រោយត្រូវបានលោកឧត្តមសេនីយ៍ ស៊ិន ថារ័ត្ន នាយកទីចាត់ការអធិការកិច្ចក្រសួងការពារជាតិ បានផ្ទេរភារកិច្ចដោះស្រាយទំនាស់ដីស្រែនោះ អោយអាជ្ញាធរដែនដី និងជំនាញស៊ីវីលដោះស្រាយ។
លោកបន្តថានៅឆ្នាំ២០១៣ អាជ្ញាធរខេត្តមានលោក អ៊ុក កែវរតៈ អតីតនាយករងរដ្ឋបាលសាលាខេត្ត បានអោយយោបល់ និងស្នើសុំខេត្តអាចរកដីរដ្ឋនៅជម្រកសត្វព្រៃរនាមដូនសំស្រុកម៉ាឡៃ ទំហំ៨០៥ហិកតា ដើម្បីប្រគល់អោយពួកខ្លួនជាថ្នូរដីសម្បទានសង្គមកិច្ច។ ក្នុងនោះ បាននាំមន្ត្រីចម្រុះមកចុចនិយាមការ ត្រង់ចំណុចដែលខ្លួនមកតាំងទីដោយខុសច្បាប់នេះ។ គឺពួកខ្លួនមានមេខ្យល់នាំគ្នាមកចាប់ដីព្រៃបរិស្ថាននេះ ចំនួន៣ថ្ងៃហើយ។
ពលរដ្ឋនិយាយបន្តថា ពួកខ្លួនសូមអាជ្ញាធរ និងសម្តេចតេជោជួយដោះស្រាយរកដីជូនពួកខ្លួន ដើម្បីធ្វើស្រែ និងចម្ការចិញ្ចឹមជីវិត។ ពុំនោះទេ ពួកខ្លួនមិនថយពីការចូលមកចាប់ព័ទ្ធយកដីព្រៃបរិស្ថានរដ្ឋនេះទេ។
លោក អែម សុខា អភិបាលស្រុកម៉ាឡៃ និយាយណែនាំអោយពលរដ្ឋយល់ពីផ្លូវច្បាប់ ហើយចាកចេញពីទីនោះ ជាបន្ទាន់ពុំនោះទេ អាជ្ញាធរនិងជំនាញបរិស្ថាន នឹងចាត់វិធានការតាមផ្លូវច្បាប់។ លោក អែម សុខា និយាយបន្តថា ករណីបងប្អូនមានទំនាស់ដីស្រែនៅឃុំសំរោង ស្រុកអូរជ្រៅ សូមបងប្អូនទាក់ទងដោះស្រាយនឹងថ្នាក់ពាក់ព័ន្ធ ពុំមែនយករឿងនេះ ធ្វើចំណាប់ខ្មាំង ហើយនាំគ្នាប្រព្រឹត្តខុសច្បាប់មករំលោភយកដីដែនជម្រកសត្វព្រៃរនាម ដូនសំ នៅស្រុលម៉ាឡៃ ដូច្នេះនោះទេ។
លោកបន្តថា ចំពោះលិខិតស្នាមដែលពុំដឹងថា ពិតឬក្លែងក្លាយនោះ ក៏ពុំបានដាក់ថា អោយមកយកដីរដ្ឋនៅរនាមដូនសំនៅម៉ាឡៃនេះឡើយ។
លោក ភុំ សារ៉ុម នាយករងតំបន់ការពារបរិស្ថាន និងជាប្រធានជម្រកសត្វព្រៃរនាមដូនសំ និយាយថា ទីបំផុតពលរដ្ឋតវ៉ាដូចមានតំណាងខាងលើ បានផ្តិតមេដៃធ្វើកិច្ចសន្យាចាកចេញពីដីព្រៃរនាមដូនសំនោះ នៅថ្ងៃទី១៥កុម្ភៈ។ ពលរដ្ឋសន្យាថា ទី១-គោរពច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ ទី២-ខ្ញុំបាទយើង ខ្ញុំស្នាក់នៅតែ៣ថ្ងៃគិតពីថ្ងៃទី១២ដល់១៥កុម្ភៈ ឆ្នាំ២០១៦ ពួកខ្លួននឹងចាកចេញ៕