ក្រសួង​វប្បធម៌ អំពាវនាវ​ឲ្យ​រួមគ្នា ទប់ស្កាត់​សកម្មភាព​ខុសឆ្គង​រប​ស់​យុវវ័យ ក្នុង​ថ្ងៃ «​ទិវា នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ​»

14-February-2016 | ដោយ មែន កំសត់

​ភ្នំពេញ​៖​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អំពាវនាវ​ដល់​មាតាបិតា អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ជាពិសេស​យុវជន​តែម្តង ឲ្យ​ចូលរួម​ដាក់ចេញ​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ទង្វើ​ខុសឆ្គង​របស់​យុវជន ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​ថ្ងៃ «​ទិវា នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ​» ដែលជា​ការជាន់​ឈ្លី​ធ្ងន់ធ្ងរ​ដល់​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិខ្មែរ​។​

​ទិវា នៃ​ក្តី​ស្រឡាញ់ ដែលជា​ប្រពៃណី​របស់​គ្រិស្ត​សាសនិកជន នឹង​ឈានចូល​មកដល់​ទៀតហើយ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្អែក​នេះ​។ មានការ​មើលឃើញថា យុវវ័យ​ខ្មែរ​ជាច្រើន បាន​ជ្រើម​ជ្រួល​ខ្លាំង​ជាមួយ​ថ្ងៃ​១៤ កុម្ភៈ នេះ ហើយ​មាន​យុវវ័យ​ខ្លះ​បាន​យល់ច្រឡំ​ថា ថ្ងៃនេះ គឺជា​ថ្ងៃ​បង្ហាញ​សេចក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​គូសង្សារ រហូត​មាន​យុវវ័យ​ខ្លះ​ហ៊ាន​លះបង់​សព្វបែបយ៉ាង សូម្បីតែ​ខ្លួនប្រាណ​នៅក្នុង​ថ្ងៃមួយ​នេះ​។​
​នៅក្នុង​សេចក្តីអំពាវនាវ​របស់​ក្រសួង​វប្បធម៌ ដោយមាន​បង្កប់​សារ​ក្រើនរំលឹក «​រួមគ្នា ដើម្បី​ការពារ និង​អភិរក្ស​វប្បធម៌​ប្រពៃណីជាតិ ដ៏​ប្រពៃ​របស់​យើង​!» ដែល ទទួលបាន​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ក្រសួង​វប្បធម៌​បាន​ក្រើនរំលឹក​ទៅដល់​សាធារណជន ជាពិសេស​ក្រុម​យុវវ័យ​ថា «​វា​ជាការ​ចាំបាច់ ដែល​សង្គម​កម្ពុជា ជាពិសេស​ស្រទាប់​យុវជន ត្រូវ​ដឹង​ឲ្យ​ពិតប្រាកដ​ជាទីបំផុត នូវ​វប្បធម៌​ប្រពៃណី ដ៏​ថ្លៃថ្នូរ​ជា​មរតក​ញើស​ឈាម ដែល​បុព្វបុរស​បន្សល់ទុក​ឲ្យ ហើយក៏​ត្រូវ​ស្វែងយល់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ និង​ឥទ្ធិពល នៃ​ទំនៀមទម្លាប់ និង​វប្បធម៌​ពី​ក្រៅ ដើម្បី​បន្ស៊ី​ចូលទៅក្នុង​ឥរិយាបថ និង​បរិបទ នៃ​សង្គម​របស់ខ្លួន សំដៅ​រក្សា​នូវ​អត្ថិភាព​ជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ ដ៏​ចំណាស់​»​។​

​ក្រសួង​វប្បធម៌​បាន​លើកឡើងថា ទិវា នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា ក៏​ជា​ឱកាស នៃ​ការ​ចែកចាយ និង​ធានាថា ក្តី​ស្រឡាញ់ ដ៏​ទូលំទូលាយ​មួយ​ត្រូវបាន​ធ្វើឡើង​ក្នុង​សន្តាន​ចិត្ត​ដ៏​ស្មោះសរ ចំពោះ​មនុស្ស ដែល​នៅ​ជុំវិញខ្លួន មាន​ជាអាទិ៍ ក្រុមគ្រួសារ ឪពុកម្តាយ ប្តី​ប្រពន្ធ កូនចៅ និង​ចំពោះ​អ្នក​ដែល​នៅក្នុង​សង្គម​ជាមួយគ្នា ដូចជា​ជនពិការ កុមារកំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន​…៕

ចំនួនអ្នកទស្សនា

    20610397

  • ថ្ងៃនេះ6561
  • ម្សិលមិញ16391
  • សប្តាហ៍នេះ52791
  • ខែនេះ167941
  • ឆ្នាំនេះ167941
  • សរុប20610397