ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធក្រើនរំឭកជាថ្មីដល់អ្នកប្រើប្រាស់យានយន្តដែលពាក់ស្លាកលេខ Press នោះអាចនឹងជាប់ពន្ធនាគារតែម្តងខណៈដែលក្រសួងនេះអះអាងជាថ្មីថា ពុំមានគោលការណ៍ផ្តល់ស្លាកលេខ Press ដល់យានយន្តណាមួយឡើយ។
ការរំឭកជាថ្មីនេះបន្ទាប់ពីសង្កេតឃើញប្រជាពលរដ្ឋមួយចំនួននៅតែ ប្រើប្រាស់ស្លាកលេខ Press ដែលជាស្លាកលេខខុសច្បាប់ព្រោះគ្មានស្ថាប័នណាចេញស្លាកនេះដល់ បុគ្គលិករបស់ខ្លួន ឬបុគ្គលិកសាធារណៈឡើយ។ ស្លាក Press នេះក៏បានធ្វើឲ្យសាធារណជនមួយចំនួនមានការភាន់ច្រឡំថាចេញដោយ ក្រសួងព័ត៌មានផងដែរ។
កាលពីពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដែលជាសាររំឭក ឬក៏ជាការព្រមានដល់បុគ្គលដែលនៅតែប្រើប្រាស់ស្លាកលេខ Press។
ឯកឧត្តមបានសរសេរថា «រំឭកថាអ្នកស្រឡាញ់ស្លាកលេខ Press ថាបើនគរបាលចាប់មិនមែនពិន័យទេតែគឺគុក»។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក អ៊ុក គឹមសេង ប្រាប់ បន្ថែមថាក្រសួងព័ត៌មានពុំមានគោលការណ៍ចេញ ស្លាកលេខ Press ដល់ម្ចាស់យានយន្តណាមួយឡើយព្រោះជាសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។
លោកថា៖ «សម្រាប់ខ្ញុំកុំឲ្យគេមើលមកឃើញថាក្រសួងព័ត៌មានទៅគ្រប់គ្រង ស្លាកលេខឡានមិនមែនទេខុសហើយអ៊ីចឹងសូមពន្យល់ឲ្យច្បាស់ថាបើគាត់ មិនប្រើស្លាកលេខរបស់ស្ថាប័នមានសមត្ថកិច្ចដែលកំណត់ឲ្យប្រើមាន ន័យថាខុសច្បាប់ហើយ»។ «ហើយកុំចង្អុលមកក្រសួងព្រោះក្រសួងអត់មានសិទ្ធិអនុញ្ញាតផ្តល់ ស្លាកលេខ Press អ៊ីចឹងទេ»។
យ៉ាងនេះក្តីលោកថានគរបាលមានសមត្ថកិច្ចគួររឹតបន្តឹងអ្នក ប្រើប្រាស់ស្លាកលេខ Press ឲ្យខ្លាំងមែនទែនដោយចាត់ទុកថាព្រោះជារឿងដដែលៗ និងកើតមានយូរណាស់មកហើយ។
ប្រធាននាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃលោក រុន រ័ត្នវាសនា ប្រាប់ឲ្យដឹង ថាកន្លងមកនេះនៅពេលដែលសមត្ថកិច្ចអនុវត្ត ចុះឃាត់យានយន្តដែលពាក់ស្លាកខុសច្បាប់ពុំដែលប្រទះឃើញអ្នកពាក់ ស្លាកលេខ press ទេ ឃើញតែគេបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកតៗគ្នា។ តែលោកព្រមានថានៅពេលជួបនូវបញ្ហានេះសមត្ថកិច្ចនឹងមិនលើកលែងឡើយ ហើយនឹងចាប់ដាក់ពន្ធនាគារពីបទក្លែងឯកសារ។
លោកបញ្ជាក់ថា៖ «ហេតុអីបានមិនលើកលែងព្រោះអីគាត់មិនមែនជាស្ថាប័នដែលចេញស្លាក លេខនេះខណៈគាត់ពាក់ស្លាកលេខខ្លួនឯងហើយនៅក្នុងច្បាប់ចរាចរណ៍ មាត្រា ៧៨ និង ៧៩ ចែងពីបទក្លែងឯកសារ។ បើក្លែងឯកសារផ្តន្ទាទោសពី ២ ទៅ ៥ ឆ្នាំ តែដឹងថាខ្លួនឯងក្លែងឯកសារហើយនៅប្រព្រឹត្តគឺបទឧក្រិដ្ឋប្រឈម នឹងទោសពី ៥ ឆ្នាំទៅ ១០ ឆ្នាំ»។
យោងតាមមាត្រា ៧៩ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចែងថាជនណាក្លែងប័ណ្ណបើកបរ ប័ណ្ណសម្គាស់យានយន្ត ស្លាកលេខសម្គាល់យានយន្ត ឬលិខិតអនុញ្ញាតផ្សេងៗដែលចេញដោយរាជការសាធារណៈត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំតាមបញ្ញត្តិមាត្រា ៦២៩ (បទក្លែងបន្លំឯកសារសាធារណៈ) នៃក្រមព្រហ្មទណ្ឌ។
ប្រធានសមាគមកម្ពុជាការពារអ្នកកាសែតលោក អ៊ុំ សារិន ថ្លែងថាកន្លងមកពិតជាមានអ្នកពាក់ស្លាកលេខ Press មួយចំនួនបានទៅស្ទាក់អ្នកដឹកឈើដើម្បីយកលុយដែលករណីនេះលោកថា ក្រសួងត្រូវមានវិធានការខ្លាំងបំផុតចៀសវាងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ អ្នកកាសែតស្លូតត្រង់។
ប្រធានក្លិបអ្នកកាសែតកម្ពុជាលោក ប៉ែន បូណា សម្តែងការគាំទ្រចំពោះចំណាត់ការរបស់មន្ត្រីនគរបាល និងការរំឭកជាថ្មីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលមានវិធានការ តឹងរ៉ឹងលើអ្នកប្រើប្រាស់ស្លាកលេខ Press។
លោកសង្កត់ធ្ងន់ថា អ្នកប្រើប្រាស់ស្លាកលេខ Press គឺដើម្បីផលប្រយោជន៍ពួកគេតែជាក់ស្តែងប៉ះពាល់ដល់អ្នកសារព័ត៌មានដទៃ ទៀតដែលកំពុងធ្វើការងារផ្នែកនេះ។
លោកថា៖ «ខ្ញុំមើលទៅអ្នកពាក់ស្លាកលេខ Press ហ្នឹងមានប្រយោជន៍សម្រាប់គាត់ព្រោះគាត់គិតថាអាចមានឥទ្ធិពលទៅលើ សមត្ថកិច្ចពេលឃើញ Press អ៊ីចឹងគាត់មិនសូវហ៊ានចាប់។ តែធ្វើអ៊ីចឹងប៉ះពាល់ដល់អ្នកសារព័ត៌មានព្រោះគេមើលមកថាអ្នក សារព័ត៌មានអត់គោរពច្បាប់»៕