ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​ថៅកែ​បក​ខ្សាច់​អត់​ច្បាប់ បានជា​មិន​បង្ក្រាប​

15-February-2016 | ដោយ មែន កំសត់


​ខេត្តកំពង់ស្ពឺ ៖ ការ​បក​យក​ខ្សាច់ ពុំមាន​ច្បាប់​អនុញ្ញាត កំពុងមាន​ភាពអនាធិបតេយ្យ កើតមាន​យ៉ាងច្រើន ក្នុង​ទឹកដី​ស្រុក​សំរោង​ទង តែ​បែរជា​លោក​ប៊ិ​ញ ជីវ​តុង ប្រធាន​មន្ទីរ មិន​ត្រឹមតែ​មិន​បង្ក្រាប​ទេ ថែមទាំង​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា ទីតាំង​នោះ​មានច្បាប់​ទៅវិញ ខណៈ​មន្ត្រី​របស់លោក​ប្រាប់ថា មិនមាន​ច្បាប់​ឡើយ គឺ​កំពុងតែ​រៀបចំ ។​
​ទីតាំង​បក​ខ្សាច់​នេះ ស្ថិត​ក្នុងភូមិ​រលាំងចក ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ថៅកែ​បក​ខ្សាច់​អត់​ច្បាប់​នេះ ត្រូវបាន​ស្គាល់​មានឈ្មោះ​ភឿង ប៊​ន អតីត​ជាម​ន្ត្រី​យោធា​កង​អង្គរក្ស បច្ចុប្បន្ន ជា​មន្ត្រី​យោធា​នៅ​ក្រសួងការពារជាតិ ។​

​តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​រ៉ែ​បានឱ្យដឹងថា លោក​ភឿង ប៊​ន នេះ ធ្វើការ​បក​ខ្សាច់​នៅ​ទីតាំង​ខាងលើ គឺ​មិនមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះទេ គឺ​គេ​យក​ច្បាប់​កន្លែង​ផ្សេង មក​កាយ​នៅ​កន្លែង​នេះ ។ ការដែល​ធ្វើទៅបាន គឺ​គាត់​មានការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក​ប៊ិ​ញ ជីវ​តុង ជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ទើប​អាច​យក​គ្រឿងចក្រ​ទៅ​ដាក់ ដើម្បី​កាយ​បក​យក​ខ្សាច់​នៅ​ទីនោះ បាន​បើ​មិន​មានការ​ត្រូវរ៉ូវ​គ្នា ជាមួយ​លោក​ប្រធាន​ទេ​កុំថាឡើយ​មួយថ្ងៃ សូម្បី​មួយ​នាទី ក៏​ដឹក​គ្រឿងចក្រ​ចេញ​មិនទាន់​ផង ។ មិនមាន​ប្រភព​ណាមួយ​អះអាង​ជាក់លាក់​ថា លោក​ភឿង ប៊​ន បាន​បង់លុយ​ក្រៅផ្លូវការ​ទៅឱ្យ​លោក​ប៊ិ​ញ ជីវ​តុង ប៉ុន្មាន​ឡើយ​ក្នុង​មួយខែៗ​ជា​ថ្នូរ​ទៅនឹង​ការដែល​មិនចាំបាច់​ធ្វើ អាជ្ញាប័ណ្ណ ដើម្បី​បង់​ចំណូល​ចូលរ​ដ្ឋ។​

​ប្រភព​បន្តថា នៅក្នុង​ខេត្តកំពង់ស្ពឺ​នេះ សំបូរ​កន្លែង​បក និង​បូម​ខ្សាច់​ច្រើន​កន្លែង​ណាស់ ក្នុងនោះ មួយ​ភាគ​ធំ គឺ​សុទ្ធតែ​មិនមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ឡើយ​។​
​ពាក់​ព័​ន្ឋ​នឹង​ការដែល​បណ្តែតបណ្តោយ​អោយ​មានការ​បូម​ខ្សាច់​ដោយ​គ្មាន អាជ្ញាប័ណ្ណ​នេះដែរ​លោក​ប៊ិ​ញ​ជីវ​តុង​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ទីតាំង​បក​ខ្សាច់​ខាងលើ មាន​ម្ចាស់​ឈ្មោះ​ហេង​ថា​នី ។ ប្រភព​បង្ហើប​ថា​អាជ្ញាប័ណ្ណ​ឈ្មោះ​ហេង​ថា​នី​នេះ គឺមាន​មែន​តែ​មិនមែន​កន្លែង​ដែល​អ្នកព័ត៌មាន​ថត​បាន​នេះ​ទេ ។ ចំណែក​រឿង​ទទួល​សំណូក​ក្រៅ​ប្រព័ន្ធ ក៏​មិនមាន​ពាក់ព័ន្ធ​នឹង​លោក​ដែរ (​យើង​មិនអាច​អនុញ្ញាតឱ្យ​មានការ​បក ឬ​កាយ​យក​ខ្សាច់​ដោយ​អនាធិបតេយ្យ​បានទេ បើ​មាន​យើង​នឹង​ចាត់​ការបិទ​បង្ក្រាប​ភ្លាម​)​។​

​លោក​ភឿង​ប៊​ន​បាន​ប្រាប់​តាម​ទុ​រ​ស័ព្ទ​ថា​កន្លែង​លោក​មាន​អាជ្ញាប័ណ្ណ​បើ​មិនមាន​ច្បា​ស់ចា​ត្រូវ​ចាប់​ឃាត់​មិន​ខាន​។ ចំណែក​លោក​ ប៊ិន ថេត ប្រធានការិយាល័យ​រ៉ែ និង​ថាមពល​បាន​ទទួលស្គាល់ថា ទីតាំង​ដែល​លោក​ភឿង ប៊​ន កំពុង​ធ្វើ​អាជីវកម្ម​បក​ខ្សាច់​នោះ​ពិតជា​មិនមាន​ច្បាប់​អនុញ្ញាត​ពិតមែន ពេលនេះ​ខាង​ជំនាញ​កំពុងតែ​ជំរុញ​អោយ​ភាគី​អ្នក​បក​ខ្សាច់​នោះ មក​រៀបចំ​ធ្វើឯកសារ​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ។ លោក​បន្តថា ច្បាប់​កន្លែង​ផ្សេង​មាន​មួយ​ហិកតា​តែ​មិនអាច​យកមក​ធ្វើ​អាជីវកម្ម​នៅ កន្លែង​ថ្មី​ជិត​នេះ​បានទេ​។​

ចំនួនអ្នកទស្សនា

    21299287

  • ថ្ងៃនេះ2801
  • ម្សិលមិញ5161
  • សប្តាហ៍នេះ28941
  • ខែនេះ72201
  • ឆ្នាំនេះ856831
  • សរុប21299287