សាកលវិទ្យាល័យ IIC រង​ការរិះគន់​ខ្លាំងៗ ក្រោយ​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ជូន ឧកញ៉ា ទ្រី ភាព

17-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ភាព​ភ្ញាក់ផ្អើល​ជាមួយ​ពាក្យពេចន៍​រិះគន់​ធ្ងន់ៗ បាន​លេចចេញ​ជា​ហូរហែ​នៅលើ​ទំព័រ Facebook ទៅលើ​សាកលវិទ្យាល័យ IIC បន្ទាប់ពី​សាកលវិទ្យាល័យ​មួយ​នេះ បានប្រគល់​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិយស​ផ្នែក​សេដ្ឋកិច្ច​ជូន ឧកញ៉ា ទ្រី ភាព ដែល​បាន​សាង​ភាពមានបាន​ជាមួយ​ជំនួញ​ឈើ​ប្រណីត តាមរយៈ​ការកាប់​ព្រៃឈើ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្រោមរូបភាព​ដី​សម្បទា​ន​សេដ្ឋកិច្ច​នោះ​។​
​សាកលវិទ្យាល័យ IIC កាលពី​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ បាន​បង្កើត​ក្រុមប្រឹក្សា​វាយតម្លៃ​ផ្តល់​សញ្ញាបត្រ​កិត្តិយស​ជូន ដោយមាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​បណ្ឌិត​ល្បីៗ ជាច្រើនរូប​រួមទាំង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ ដើម្បី​ពិនិត្យ​លក្ខណៈសម្បត្តិ​ប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​សេដ្ឋកិច្ច​ជូន ឧកញ៉ា ទ្រី ភាព​។ ដោយ​ការ​ពិនិត្យឃើញថា ឧកញ៉ា ទ្រី ភាព បាន​ខិតខំ​ស្រាវជ្រាវ និង​ចងក្រង​នូវ​សៀវភៅ ២​ក្បាល ដែល​ក្នុងនោះ ១​ក្បាលមាន​ចំណងជើង​ថា «​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​លើ​វិស័យសេដ្ឋកិច្ច​» និង ១​ក្បាល​ទៀត មាន​ចំណងជើង​ថា «​ក្រ អាច មាន​» និង​បាន​ពិនិត្យឃើញ​ឧកញ៉ា ទ្រី ភាព បាន​សាង​ភាពមានបាន​ពី​បាតដៃ​ទទេ នោះ​សាស្ត្រាចារ្យ​បណ្ឌិត​ចំនួន ១៥​រូប បានសម្រេច​ផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​សេដ្ឋកិច្ច​ជូន ឧកញ៉ា​ទ្រី ភាព តែម្តង​។​
​ឧកញ៉ា ទ្រី ភាព មាន​អតីតកាល​ជា​កូន​កសិករ ជា​អ្នក​ឡើងត្នោត​នៅក្នុង​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ហើយក៏​មិន​ទទួល​បានការ អប់រំ​ជ្រៅជ្រះ​នោះដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ និង​សាច់ញាតិ​របស់លោក​។​
​ឧកញ៉ា ទ្រី ភាព ធ្លាប់មាន​ជីវភាព​យ៉ាប់យ៉ឺន​ខ្លាំង រហូត​មានពេលខ្លះ​ដាច់បាយ ក៏មាន​កាលពី​អំឡុង​ឆ្នាំ​២០០០ តែ​ជីវិត​របស់លោក​ត្រូវបាន ប្រែក្លាយជា​ធូរធា និង​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ក្លាយជា​សេដ្ឋី​នៅក្នុង​រយៈពេល​ប្រមាណ​ជាង ១០​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​មាន​ការជួយជ្រោមជ្រែង ពី​មន្ត្រីជាន់ខ្ពស់​មួយរូប​។ ជីវិត​របស់​ឧកញ៉ា ទ្រី ភាព បាន​ក្លាយជា​រីកចម្រើន​ខ្លាំង បន្ទាប់ពី​រូបលោក​ទទួលបាន សិទ្ធិ​ពី​រាជរដ្ឋាភិបាល​ក្នុងការ​ស្តារ​ឈើ​ពី​បាត​អាង​វា​រី​អគ្គិសនី​អា​តៃ ក្នុង​ខេត្តពោធិ៍សាត់ ហើយក៏​ជា​ឱកាស ដែល​រូបលោក​ប្រមូល​ទិញ​ឈើ​ប្រណីត​ក្នុង​ខេត្ត​មួយ​នេះ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅ​លក់​ឲ្យ​ឈ្មួញ​។​
​ជា​បន្ត​បន្ទាប់មកទៀត ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ក៏​ពង្រីក​ខ្លួន​ទៅ​កាប់​ឈើ​នៅតាម​បណ្តា​ខេត្ត​ជាច្រើន​ទៀត ដូចជា​នៅ​រតនគិរី មណ្ឌលគិរី និង ព្រះវិហារ ក្រោមរូបភាព​ដី​សម្បទា​ន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​។ និយាយ​ជារួម​មក​ជីវិត​របស់​ឧកញ៉ា​ដ៏​ល្បាញ​ល្បី រូបនេះ បាន​រីកចម្រើន​រហូតដល់​ក្លាយជា​សេដ្ឋី​មាន​លុយ​រាប់រយ​លាន​ដុល្លារ គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅ​ជំនួញ​ព្រៃឈើ​។​
​ដោយ​មើលឃើញ​ពី​ការ​វិវឌ្ឍន៍ នៃ​ជីវិត​របស់​ឧកញ៉ា ទ្រី ភាព ពី​អ្នកក្រ​ក្លាយជា​សេដ្ឋី​យ៉ាង​ឆាប់រហ័ស​នេះហើយ ទើប​សកល​វិទ្យាល័យ IIC ប្រគល់​សញ្ញាបត្រ​បណ្ឌិត កិត្តិយស​ជូន​លោក​ឧកញ៉ា កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ម្សិលមិញ​នេះ​។ ការផ្តល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នេះ នាំ​ឲ្យ​ផ្ទុះ​ការរិះគន់​យ៉ាងខ្លាំង ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅលើ​បណ្តាញ​សង្គម Facebook​។​
​អ្នកលេង Facebook ម្នាក់​បានសរសេរថា «​ចូលរួម​អបអរសាទរ បណ្ឌិត​បំផ្លាញ​ព្រៃឈើ ជា​ធនធាន​កម្ពុជា ហើយ​កូន​ខ្មែរ​ទាំងអស់​ចាំ​ថា សកលវិទ្យា​ល័យ IIC ក៏បាន​រួមចំណែក​បំផ្លាញ​ធនធានធម្មជាតិ​ព្រៃឈើ ដែលជា​សម្បត្តិ ដ៏​មានតម្លៃ​របស់​ខ្មែរ​ដែរ​។ ខ្ញុំ​និង​ប្រាប់​បងប្អូន កូនក្មួយ និង​សាច់ញាតិ ៧​សន្តាន របស់ខ្ញុំ មិន​ឲ្យ​ចូល​សិក្សា​សកលវិទ្យា​ល័យ IIC​នេះ​ដាច់ខាត​»​។​
​អ្នកលេង Facebook ម្នាក់ទៀត​បានលើកឡើង​ថា «​មិនគួរ​សោះ​ដែល​លើក​ដំកើង​ជន​ដែល​បំផ្លាញ​ធនធានធម្មជាតិ ស្ទើរតែ​អស់​ព្រៃឈើ​នៅក្នុង​ស្រុក​ខ្មែរ​ទៅហើយនោះ មិនថាតែ​ព្រៃឈើ​នៅ​ខាង​ស្រុក​ខ្ញុំ​ទេ គឺ​វាល​ដោយសារ​ស្នាដៃ​គាត់ និង​គូកន​កូនចៅ​គាត់​នឹង​រលីង​ហើយ នៅមាន​មុខជា​បណ្ឌិត​ទៀត​ហ្ន៎​»​។​
​អ្នកខ្លះ​បានលើកឡើង​បែប​បញ្ឆិតបញ្ឆៀង​ថា ចង់​ប្តូរ​អាជីព​ទៅ​កាប់​ឈើ​ថែម​ទៀតផង ដើម្បី​បាន​បណ្ឌិត​ហ្នឹង​គេ «​ហាស ហាស ហាស ... បណ្ឌិត ។ ស្អែក​ចង់​ដូរ​អាជីព​អ្នក​កាប់​ឈើ បំផ្លាញ​ជាតិ និង​គេ​ដែរ​ហើយ ក្រែង​ឡើង​បណ្ឌិត​ហ្នឹង​គេ ។ ចាំ​ឈ្មោះ​សាកលវិទ្យាល័យ​នេះ​ទុក​សម្រាប់​កូនចៅ​យើង​»​។​
​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ទៀត បាន​និយាយ​ដោយ​បង្ហាញ​ភាព​សោកស្តាយ​របស់ខ្លួន​ថា «​ភាព​ពិតជា​ការបន្លំ​ភ្នែក​, ឡប់ឡែ ឬ​ជាការ​ភូតកុហក មហាជន ដើម្បី​ឲ្យ​ទ្រី​ភាព​រស់នៅ​សាង​អំពើ​បំផ្លាញ​បន្តទៀត​។ ទ្រី ភាព ជាប់​ឈ្មោះ​ជា​អ្នក​បំផ្លាញ​ព្រៃឈើ​ខ្មែរ ធើ្វ​មានបាន និង​ការលើកតម្កើង ទ្រី ភាព ជាទី​ប្រឹក្សា និង​ទទួលបាន​សញ្ញាបត្រ​កិ​តិ្ត​យស ក៏​ព្រោះ​ចង់​បញ្ជាក់ថា ទ្រី ភាព ជាម​នុស្ស ដែល​បាន​កសាង​សេដ្ឋកិច្ច នៃ​ប្រទេស​នេះ​»​។​
​សូមបញ្ជាក់ថា ការរិះគន់​នេះ នៅមាន​ជាច្រើន​ទៀត តែ Fresh News សូម​ដកស្រង់​នូវ​ការរិះគន់​តែមួយ​ចំនួន​ប៉ុណ្ណោះ​, ខាងក្រោម​នេះ​ជា Comment របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅលើ Facebook៕

ចំនួនអ្នកទស្សនា

    20612377

  • ថ្ងៃនេះ8541
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54771
  • ខែនេះ169921
  • ឆ្នាំនេះ169921
  • សរុប20612377