ឯកឧត្តម​វង សូត​៖ រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ក្នុងការ​ធ្វើ សមាហរណកម្ម​ជនពិការ​ទៅក្នុង​សង្គម​

17-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖​ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្ត ទុកដាក់​ខ្ពស់​ក្នុង​ការជំរុញ​ការធ្វើ សមាហរណកម្ម​ជនពិការ​ទៅក្នុង​សង្គម ដោយ​មិន​ឲ្យ​ជនពិការ​រស់នៅ​ឯកោ​ឃ្លាតឆ្ងាយ​ពី​សង្គម នោះឡើយ ជាពិសេស​បាន​ព្យាយាម​ជំរុញ​លើកកម្ពស់ ជីវភាព​របស់​ពួកគេ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​។​
​ឯកឧត្តម វង សូត ដែលមាន​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​ផងដែរ​នោះ លើកឡើង​ដូច្នេះ​នៅក្នុង មហាសន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​ទិសដៅ​ឆ្នាំ​២០១៦ របស់​គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ នា​ទីស្តីការក្រសួង​។​
​ឯកឧត្តម វង សូត បាន​ថ្លែងថា គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា គឺជា​ចលនា​កីឡា ដែល​បម្រើឱ្យ​ជនពិការ​ដោយ​ផ្តោត សំខាន់​ទៅលើ ការហ្វឹកហាត់ និង ការប្រកួត​កីឡា​ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ឲ្យ​បងប្អូន​ជនពិការ បាន​ចូលរួម​សកម្មភាព​កីឡា ទាំង​កាយសម្បទា បញ្ញា​សម្បទា និង សីលធម៌ ព្រមទាំង​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ចែករំលែក​បទពិសោធន៍ រវាង​កីឡាករ កីឡាការិនី ដទៃទៀត នៅក្នុង​សហគមន៍ រួមទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​ផងដែរ​។​
​ឯកឧត្តម រដ្ឋមន្ត្រី​បន្តថា កីឡា​ពុំ​ត្រឹម​នាំមក​នូវ​សុខភាព និង​ធ្វើ​ឲ្យ​កាយសម្បទា​រឹងមាំ​ប៉ុណ្ណោះ​ទេ តែ​កីឡា​អាច​ផ្តល់​សាមគ្គីភាព យ៉ាង​ទូលំទូលាយ ជាមួយ​មនុស្ស​ទូទៅ មិន​ថា​ពូជសាសន៍​ណាក៏ដោយ ពិសេស​ផ្តល់​ក្តីសង្ឃឹម​សម្រាប់​ជីវិត​រស់នៅ​ដែល​បងប្អូន​ជនពិការ អាច​យល់ថា ជនពិការ ក៏​អាចមាន​លទ្ធភាព​ដូច​ជន​ដទៃទៀត​ដែរ​។​
​ពាក់ព័ន្ធ​ពិការភាព​នេះ​ឯកឧត្តម វង សូត បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការធ្វើសមាហរណកម្ម ជនពិការ​ទៅក្នុង​សង្គម ដោយ​មិន​ឲ្យ​ពួកគេ​រស់នៅ​ដាច់ដោយឡែក ឬ​ឃ្លាតឆ្ងាយ​ពី​សង្គម​នោះឡើយ​។ លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ « រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ជម្រុញ​ការធ្វើសមាហរណកម្ម​ជនពិការ​ទៅក្នុង​សង្គម ដោយ​បង្ក​ឱកាស​ឲ្យ​បងប្អូន​ជនពិការ កាន់តែ​ទទួលបាន​ត​ម្រូ​ង​ការចាំបាច់​នានា​ដូចជា​មនុស្ស​ទូទៅ​ដែរ​។ ជាពិសេស​ធានា​ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​បងប្អូន​ពិការ ដូចជា​សិទ្ធិ​រស់រានមានជីវិត សិទ្ធិ​ទទួលបាន​ការអប់រំ សិទ្ធិ​ធ្វើ​ការងារ និង​សិទ្ធិ​ចេញចូល​តាម​ទីសាធារណៈ​នានា​។​ល​។ គឺ​ផ្តល់ឱកាស​ឲ្យ​បងប្អូន​ពិការ​បាន​ចូលរួម​ពេញលេញ និង​ស្មើភាព​នៅក្នុង​សង្គម សំដៅ​កសាង​សង្គម​មួយ​សម្រាប់​ទាំងអស់គ្នា សង្គម​មួយ​គ្មាន​ឧបសគ្គ គ្មាន​ការរើសអើង សង្គម​មួយ​ដែល​ផ្អែកលើ​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​»​។​
​ឯកឧត្តម​វង សូត បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ចាប់តាំងពី​ឆ្នាំ​២០១៣ រហូតដល់ ឆ្នាំ​២០១៥ កីឡាករ កីឡាការិនី ពិការ​សតិបញ្ញា ជ័យលាភី​កម្ពុជា បាន​ចូលរួម​ប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក ជា​លក្ខណៈ​អន្តរជាតិ ចំនួន ០៥​លើក ទទួលបាន​មេដាយ​សរុប​ចំនួន ២៥ គ្រឿង ហើយ​ទទួលបាន​រង្វាន់​ជ័យលាភី និង​គ្រឿង​ឥស្សរិយយស​ពី សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងនោះ​រួមមាន ៖ មេដាយមាស ចំនួន ០៣ គ្រឿង​, ប្រាក់ ចំនួន ១៨ គ្រឿង និង​សំរិទ្ធ ចំនួន ០៤ គ្រឿង​។​
​ប្រធាន​គណៈកម្មាធិការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ថា សម្រាប់​ជនពិការ​សតិបញ្ញា ក៏ដូចជា​ជនពិការ​កាយសម្បទា ដទៃទៀត ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ជាក់ស្តែង​ថ្មីៗ​នេះ អនុក្រឹត្យ ស្តីពី​ការផ្តល់​ប្រាក់រង្វាន់​ចំពោះ​ជ័យលាភី​ជនពិការ ក្នុងការ​ប្រកួតប្រជែង​មុខជំនាញ ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូបង្វឹក គ្រូបង្វឹក​ជំនួយ​បានដាក់​ចេញ ឲ្យ​ប្រើប្រាស់ ដើម្បី​លើកទឹកចិត្ត​ដល់​ជ័យលាភី​ជា​ជនពិការ​គ្រប់រូប​៕

ចំនួនអ្នកទស្សនា

    20612077

  • ថ្ងៃនេះ8241
  • ម្សិលមិញ16391
  • សប្តាហ៍នេះ54471
  • ខែនេះ169621
  • ឆ្នាំនេះ169621
  • សរុប20612077