បន្ទាយមានជ័យៈ ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើចំណតរថយន្តក្រុងសិរីសោភ័ណ មិនសប្បាយចិត្តនឹងសេចក្តីសម្រេចរបស់សាលាខេត្តដែលផ្លាស់ប្តូរ ចំណតរថយន្តក្រុងនេះទៅកាន់ទីតាំងផ្សេងដែលមានចម្ងាយពី ២០ គីឡូម៉ែត្រពីទីតាំងចាស់។
អ្នកនាង អ៊ួច ស្រីណុច អាយុ ២៩ ឆ្នាំបុគ្គលិកក្រុមហ៊ុនរថយន្តក្រុង GST Express ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរថយន្តក្រុងនានាបានថ្លែង ថាសាលាខេត្តបានសម្រេចផ្លាស់ប្តូរទីតាំងចំណតរថយន្តក្រុងសិរីសោភ័ណ កាលពីពេលថ្មីៗនេះជាហេតុធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូន និងអាជីវករមិនសប្បាយចិត្តហើយប្រឆាំងនឹងសេចក្តីសម្រេចនេះ។
អ្នកនាងបានបន្តថា «គ្មាននរណានឹងជ្រើសរើសជិះរថយន្តក្រុងទេពីព្រោះពួកគេត្រូវ ចំណាយទៅលើថ្លៃម៉ូតូឌុប ឬកង់បីដើម្បីទៅផ្ទះរបស់ខ្លួន»។
ចំណែកអ្នកស្រី រឿន ស្រីពៅ អាជីវករលក់បាយបានបន្ថែមថា «ប្រសិនបើខ្ញុំទៅកន្លែងចំណតថ្មីខ្ញុំនឹងត្រូវចំណាយមួយម៉ឺន រៀលសម្រាប់ធ្វើដំណើរទៅមកពីព្រោះវានៅឆ្ងាយតើខ្ញុំរស់នៅម៉េច ទៅបើខ្ញុំរកបានមួយថ្ងៃ ២ ម៉ឺនរៀលហ្នឹងខ្ញុំមិនចង់រើទៅទេ»។
បើតាមតំណាងក្រុមហ៊ុនវិនិយោគចំណតរថយន្តក្រុងសិរីសោភ័ណលោក សៀម សាម៉េត នៅចំណតរថយន្តនេះមានរថយន្តឈ្នួលប្រមាណ ២០០ គ្រឿងរថយន្តក្រុងប្រមាណ ៥០ គ្រឿង និងអ្នកលក់ដូរពី ២០០ ទៅ ៣០០ នាក់។
អភិបាលរងខេត្តបន្ទាយមានជ័យលោក លី សារី បានថ្លែងថាការសម្រេចផ្លាស់ប្តូរចំណតរថយន្តនេះដោយសារតែ ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងនោះបានដាក់ពាក្យប្តឹងដោយសារមាន សំឡេងថ្លង់ និងកកស្ទះចរាចរណ៍ហើយខាងខេត្តក៏ត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតំបន់នោះផងដែរ។
លោកបានបញ្ជាក់ថា «ខ្ញុំជឿថាមានប្រជាជនតិចតួចប៉ុណ្ណោះដែលមិនសប្បាយចិត្តចំពោះរឿងនេះ»៕