មណ្ឌលគិរី៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់វិធានការឲ្យមន្ត្រីពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី ជាពិសេសអភិបាលខេត្តដែលទើបឡើងកើនតំណែងថ្មីត្រូវអនុវត្ត ។ ដោយសម្ដេចក្រឡាហោមបានលើកឡើងថា បច្ចុប្បន្ននេះបញ្ហាបទល្មើសព្រៃឈើ និងបញ្ហាទំនាស់ដីធ្លីនៅតែជាបញ្ហាក្ដៅគគុកក្នុងខេត្តមណ្ឌលគិរី ដែលមិនអាចដោះស្រាយបាន ដូច្នេះសម្ដេចបានស្នើឲ្យសមត្ថកិច្ចដែលពាក់ព័ន្ធជាមួយបទល្មើស ទាំងនេះត្រូវដកខ្លួនចេញឲ្យឆ្ងាយ ទើបអាចបង្ក្រាបបទល្មើសទាំងនេះបាន។
សម្ដេចក្រឡាហោម ស ខេង ថ្លែងបែបនេះក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងតំណែងអភិបាល នៃគណៈ អភិបាលខេត្តមណ្ឌលគិរីដោយអតីតអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម អេង ប៊ុនហ៊ាងត្រូវផ្ទេរភារកិច្ចទៅបម្រើការងារផ្សេងនៅក្រសួងមហាផ្ទៃ ជំនួសវិញដោយឯកឧត្តមស្វាយ សំអ៊ាង អតីតអភិបាលរងខេត្តមណ្ឌលគិរីដោយពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង។
សម្ដេចក្រឡាហោម បានលើកឡើងទៀតថាបញ្ហាជាច្រើនចំណុចទៀតដែលអាជ្ញាធរជាពិសេស អភិបាលខេត្តមណ្ឌលគិរីត្រូវរួមគ្នាដោះស្រាយនោះដូចជា បញ្ហាសន្តិសុខសង្គម គ្រឿងញៀន និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសម្ដេចបានជំរុញឲ្យសមត្ថកិច្ច ពាក់ព័ន្ធត្រូវបង្ក្រាបទប់ស្កាត់កុំឲ្យមានអំពើប្លន់កើតឡើងខណៈដែល ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាកំពុងកើតមានអំពើប្លន់ជា បន្តបន្ទាប់ចំពោះបញ្ហាគ្រឿងញៀនសម្ដេចក្រឡាហោមបានជំរុញឲ្យ សមត្ថកិច្ចជំនាញត្រូវរួមគ្នាបង្ក្រាបឲ្យមានប្រសិទ្ធភាពចំណែកបញ្ហា ចុងក្រោយគឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែមានការកើនឡើងគួរឲ្យ ព្រួយបារម្ភ ក្នុងប្រទេសកម្ពុជា ដូច្នេះសម្ដេចបានស្នើឲ្យអាជ្ញាធរខេត្តត្រូវបង្កើនការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានទូលំទូលាយគ្រប់ទីកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋជាពិសេសក្រុមយុវជនបានយល់ដឹង។
ក្នុងឱកាសនោះដែរឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីថ្មីបានធ្វើការប្ដេជ្ញាថានឹង ពង្រឹងការដឹកនាំឲ្យប្រកបដោយប្រសិទ្ធភាពតម្លាភាព បន្តកិច្ចសហប្រតិបត្តិការជាមួយក្រុមការរងាគណៈកម្មការអន្តរក្រសួង ក្នុងការអនុវត្តភារកិច្ចពិនិត្យផ្ទៀងផ្ទាត់ វាស់ឈើនៅតាមបណ្តាក្រុមហ៊ុនដែលទទួលសិទ្ធប្រមូលឈើនៅតាមទីតាំងដី សម្បទានសេដ្ឋកិច្ចដើម្បីរាយការណ៍ជូនគណៈកម្មការ អន្តរក្រសួង ពិនិត្យសម្រេចនិងអនុវត្តទៅតាមនីតិវិធីច្បាប់ ។ ព្រមទាំងជម្រុញចាត់វិធានការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់ នានា និងការចូលកាន់កាប់ទន្ទ្រានហ៊ុំព័ទ្ធដីរដ្ឋធ្វើកម្មសិទ្ធិ ខុសច្បាប់ឲ្យទាល់តែបាន៕