សម្តេច​តេ​ជោ​៖ ឪពុក​ជាម​ន្ត្រី​ប្រឆាំង​គ្រឿងញៀន បែរជា​កូន​ជក់​គ្រឿងញៀន

21-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​ថ្លែងថា ការអប់រំ​កូនចៅ​ឲ្យ​ប្រកបដោយ​គន្លង​ធម៌​មានការ​អប់រំ​ខ្ពស់ គឺជា​បំណង​ធំ​បំផុត​របស់​មាតាបិតា និង​អាណាព្យាបាល​គ្រប់រូប​។ តែ​សម្តេច​តេ​ជោ បានធ្វើការ​កត់សម្គាល់​ថា ឪពុក​ជាម​ន្ត្រី​ប្រឆាំង​គ្រឿងញៀន តែ​កូន​ខ្លួនឯង​បែរជា​ជក់​គ្រឿងញៀន ឪពុក​ជានគរ​បាលច​រាច​រណ៍ តែ​កូន​ខ្លួនឯង​រំលោភច្បាប់​ចរាចរណ៍​។​
​នៅលើ​ទំព័រ Facebook នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា​ការចែក​ទ្រព្យសម្បតិ្ត​ជា​មាស ប្រាក់ ជា​ចលនទ្រព្យ​ឬ​ជា​អចលនទ្រព្យ​ជា​រឿង​មួយ តែ​ការចែក​តម្រិះ​វិ​ជា្ជ​សំខាន់​ជាង​ចែក​ទ្រព្យសម្បតិ្ត​ទៅទៀត​។ លុយកាក់​អាច​ចាយវាយ​អស់ អាច​ភ្លើង​ឆេះ ឬ​បាត់បង់​។​ល​។ តែ​តម្រិះវិជ្ជា​មិន​អាចមាន​អ្នកណា​លួច​ប្លន់ ឬ​បំផ្លាញ​បានឡើយ​។ មាតាបិតា ឬ​អាណាព្យាបាល​មិន​ថា​មាន​ឬ​ក្រ​នៅ​ទីក្រុង ឬ​ជនបទ​ត្រូវខិតខំ​ជំរុញ​កូនចៅ​ឲ្យ​រៀនសូត្រ​។​
​ទន្ទឹមនេះ​សម្តេច​តេ​ជោ ក៏បាន​លើក​បង្ហាញ​ពី​កង្វល់​ក្នុងការ​អប់រំ​កូនចៅ​របស់​ពលរដ្ឋ​កម្ពុជា ដោយ​សម្តេច​លើកឡើងថា មាន​ឪពុក ម្តាយ​មួយចំនួន​បំផ្លាញ​កូនចៅ​ខ្លួនឯង ដោយសារ​សកម្ម​ភាពមិន​គប្បី ដែល​សង្គម​ស្អប់ខ្ពើម​។​
​សម្តេច​តេ​ជោ​ថ្លែង​បញ្ជាក់​ដូច្នេះ «​រឿង​ដែល​គួរឱយកត់សំគាល់​នូវពេលនេះ គឺ​ឪពុក​ជា​មន្ត្រី​ប្រឆាំង​គ្រឿងញៀន តែ​កូន​ខ្លួនឯង​បែរជា​ជក់​គ្រឿងញៀន ឪពុក​ជានគរ​បាលច​រា​ចរណ៍​តែ​កូន​ខ្លួនឯង​រំលោភច្បាប់​ចរាចរណ៍​។​ល​។ ហើយ​រឿង​ដែល​សំខាន់​ជាង​ទៀត គឺ​ឪពុក​ឬ​ម្តាយ​បំផ្លាញ​អនាគត​កូន​ខ្លួនឯង​តាមរយៈ​សកម្ម​ភាពមិន​គប្បី​ដែល​សង្គម ស្អប់​ខ្អើ​ម​ដូចជា​ល្បែងស៊ីសង លួច ប្លន់ ជួញដូរ​គ្រឿងញៀន ស្រី ញី ប្រុស​ឈ្មោល សហាយស្មន់​។​ល​។​ដែល​ធ្វើឱយ​កូនៗ​កំពុង​រៀន​បាក់​ទឹកចិត្ត​និង​ខ្មាស់អៀន​»​។​
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​អំពាវនាវ​ដល់​អាណាព្យាបាល​ខិតខំ​ទាំងអស់គ្នា​ដើម្បី​ជាតិ​រុងរឿង គ្រួសារ​មាន​សុភមង្គល កូនចៅ​មានចំណេះដឹង និង​មាន​គុណធម៌​ខ្ពស់​៕


ចំនួនអ្នកទស្សនា

    21308167

  • ថ្ងៃនេះ511
  • ម្សិលមិញ5691
  • សប្តាហ៍នេះ511
  • ខែនេះ81081
  • ឆ្នាំនេះ865711
  • សរុប21308167