ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងកោតសរសើររដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ថាជារដ្ឋមន្ត្រីដំបូងគេបង្អស់ក្នុងរាជរដ្ឋាភិបាលកម្ពុជាជាង៣០ ឆ្នាំមកនេះ ដែលបានធ្វើសំណើប្រគល់តួនាទីទៅឲ្យក្រសួងដទៃ មិនស្រវ៉ាឱបការងារដូចរដ្ឋមន្ត្រីមួយចំនួននិងបានឆ្លៀតហែកកេរ្តិ៍ លោក ម៉ុក ម៉ារ៉េត ដែលបច្ចុប្បន្នជាសមាជិករដ្ឋសភានោះ ថាតែងតែទាមទារអំណាចទៅដាក់ក្នុងក្រសួងរបស់ខ្លួនកាលពីរូបលោកនៅ ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកសន្និបាត និងបើកសម្ពោធដាក់ឲ្យប្រើប្រាស់ អគារក្រសួងបរិស្ថានថ្មីនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៦នេះថា "ជាដំបូងខ្ញុំកោតសរសើរ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលនេះជាលើកទី១ ក្នុងរយៈពេលជាង ៣០ឆ្នាំនៃការគ្រប់គ្រងរដ្ឋាភិបាល គឺទើបមានរដ្ឋមន្ត្រីម្នាក់គត់ ដែលបានស្នើសុំប្រគល់តួនាទីទៅឲ្យស្ថាប័នផ្សេង។ ខ្ញុំមិនទាន់ជួបប្រទះរដ្ឋមន្ត្រីណាមួយ ដែលមុននេះតែងស្រវ៉ាឱប ទាញយកនូវអំណាចមកទុកក្នុងក្រសួងរបស់ខ្លួន តែរដ្ឋមន្ត្រីរូបនេះ បែរជាធ្វើផ្ទុយពីនេះ បានន័យថា ចង់បែងចែកមុខងារឲ្យដាច់នេះជាកំណែទម្រង់ដែលខ្ញុំចង់បាន ខ្ញុំសូមកោតសរសើរ ហើយសង្ឃឹមថា រដ្ឋមន្ត្រីនានា នឹងមិនឱបការងារនេះទៀតទេ" ។
សម្ដេចតេជោ បានថ្លែងថា ឯកឧត្តមគាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីជំរុញឲ្យដំណើរការកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ស្ថាប័ន អភិរក្ស និងស្ថាប័ន អភិវឌ្ឍឲ្យទៅប្រព្រឹត្តទៅដោយរលូន និងអាចសម្រេចបានលទ្ធផលជាវិជ្ជមាន។
សម្តេចបញ្ជាក់ថា “ខ្ញុំសូមឲ្យក្រុមការងារ ចាប់ផ្តើមធ្វើការកែទម្រង់ស្ថានប័ន២ គឺក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ដោយក្រសួងបរិស្ថានត្រូវផ្ទេរ រាល់គម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្ម ឲ្យទៅក្រសួងកសិកម្មជាអ្នកគ្រប់គ្រងបន្ត”។
សម្តេចបន្តថា ដោយឡែកក្រសួងកសិកម្មវិញ ក៏ត្រូវផ្ទេរតំបន់អភិរក្ស តំបន់ការពារ និងតំបន់បំរុងទុក ទាំងអស់ឲ្យទៅក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងវិញផងដែរ..។
សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា “អានេះ វាអត់ត្រូវការទៅកែច្បាប់ឯណា យ៉ាងច្រើនកែត្រឹមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ ក្រសួងតែប៉ុណ្នឹងទេ ។គ្រាន់តែអនុក្រឹត្យកែមួយឃ្លា ដាក់ថាក្រោមការគ្រប់គ្រងក្រសួងកសិកម្មកែតែមួយឃ្លាដាក់ក្រោម ការគ្រប់គ្រងក្រសួងបរិស្ថានវាចប់បាត់ទៅហើយ មានស្អីទៀត”៕