ភ្នំពេញ៖ក្នុងករណីអគ្គីភ័យមួយបានកើតឡើង កាលពីវេលារំលងអាធ្រាតឈានចូលថ្ងៃទី២៥ខែ កុម្ភៈ ២០១៦នៅម្តុំផ្លូវបំបែកសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលផ្តើមឆេះចេញពីផ្ទះកណ្តាលរាលទៅផ្ទះសងខាងយ៉ាងសន្ធោរសន្ធៅ បណ្តាលឱ្យស្ត្រីចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ទៀតត្រូវអណ្តាតភ្លើងហ៊ុមព័ទ្ធចេញមិនរួច ។ ឆេះផ្ទះស្តុកអេតចាយក្បែរសាលាជម្ពូវ័ន្តទាំងកណ្តាលអធ្រាត្រ របួសមនុស្ស៣នាក់។
ពេលនោះ កម្លាំងអាវុធហត្ថដែលចូលរួមជាមួយក្រុមចម្រុះពន្លត់អគ្គិភ័យ ក្នុងនោះមាន3នាក់បានរត់ឡើងទៅលើដំបូលផ្ទះ ដែលកំពុងឆាបឆេះទម្លុះចុះទៅជាន់ផ្ទាល់ដី ដើម្បីជួយសង្គ្រោះស្ត្រីចំណាស់ និងក្មេងស្រីដែលកំពុងរងនូវចំហាយអណ្តាតភ្លើង កំពុងចាប់ផ្តើមរលាក និងថប់ដង្ហើមដោយសារផ្សែង។
ដោយភាពអង់អាចក្លាហានរបស់កម្លាំងកងរាជអាវុធហត្ថបានលើកបីបញ្ជូនបន្តៗឡើងមកលើ រួចដាក់ចុះចេញមកក្រៅ ដាក់ចូលរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ហើយបញ្ជូនបន្តទៅមន្ទីរពេទ្យព្រះកុសមៈ ។
លុះព្រឹកឡើង បន្ទាប់ពីទទួលនេះ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារឱ្យចុះទៅសួរសុខទុក្ខស្ត្រីចំណាស់ និងក្មេងស្រីរងគ្រោះ ដែលសម្រាកនៅមន្ទីរពេទ្យព្រះកុសមៈ ដោយនាំយកអំណោយទៅជូនពួកគាត់ ក្នុងម្នាក់ៗទទួលបានប្រាក់៥០ម៉ឺនរៀល, ទឹកក្រូច១កេស ទឹកសុទ្ធ២កេស ព្រមទាំងផ្តាំសួរសុខទុក្ខពួកគាត់ទាំង២ពីចម្ងាយ ដោយលោកជូនពរឱ្យពួកគាត់ទាំង២ឆាប់ជាសះស្បើយ ។
ស្ត្រីចំណាស់ដែលរងគ្រោះនោះឈ្មោះថា តាំងហ្គិច អាយុ៦២ឆ្នាំ (ជាចុងភៅ) រីឯក្មេងស្រីម្នាក់ទៀតឈ្មោះថា ស្រីណែត អាយុ១០ឆ្នាំ ជាក្មេងកំព្រា រស់នៅជាមួយគេបានថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានប្តូរជីវិតចូលទៅជួយសង្គ្រោះពួកគាត់ចេញពីក្នុងភ្នក់ភ្លើង បើកុំតែបានកងរាជអាវុធហត្ថ ម្លេះជីវិតពួកគាត់ច្បាស់ជាត្រូវស្លាប់ក្នុងភ្នក់ភ្លើងបាត់ទៅហើយ ហើយក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ដែលបានយកចិត្តទុកដាក់ ដល់សុខទុករបស់ពួកគាត់។
ទន្ទឹមគ្នានោះដែរ លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង បានសំដែងការកោតសរសើរ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះកម្លាំង អាវុធហត្ថក្រោមឱវាទរបស់លោកទាំង៣រូប ដែលបានពុះពារហ៊ានចូលទៅរំដោះយកជនរងគ្រោះពីក្នុងភ្នក់ភ្លើង ដែលកំពុងឆាបឆេះដោយមិនគិតពីអាយុជីវិតខ្លួនឯង ។
ដើម្បីជាការលើកទឹកចិត្តចំពោះសកម្មភាពជាគំរូវីរភាពសម្រាប់អាវុធហត្ថរាជធានីភ្នំពេញ លោកបានផ្តល់រង្វាន់ជាថវិការដល់ អាវុធហត្ថទាំង៣រូប គឺ
១-លោកអនុសេនីយ៍ឯក សើន កែវវណ្ណធី
២-លោកព្រិន្ទបាលឯក ធូ ប៊ុណ្ណា
៣-លោកព្រិន្ទបាលឯកទឹម ប៊ុណ្ណា
ដោយក្នុងម្នាក់ៗទទួលបានថវិការ១លានរៀល ហើយអង្គភាពធ្វើការកត់ត្រាពីស្នាដៃជាគំរូវីរភាពនេះ ទុកសម្រាប់ឲ្យអាវុធហត្ថ រាជធានីភ្នំពេញដទៃទៀត ៕