សម្តេច​តេ​ជោ ហ៊ុន សែន «​ម្ចាស់​សំណង់​ត្រូវគោរព​ច្បាប់ និង​កុំ​សង់​រំលោភ​ចំណី​ដី​សាធារណៈ បើ​មិន​ចង់​រុះរើ

26-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​ថ្លែងថា មាន​សំណង់​តូចធំ​មួយចំនួន នៅតែ​ចូលចិត្ត​សង់​រំលោភ យក​ចំណី​ដី​សាធារណៈ សម្តេច​បានស្នើ​ដល់​ម្ចាស់​សំណង់​ចំណង់​ទាំងនោះ ត្រូវ​បញ្ឈប់​ការសង់​រំលោភ​ផ្លូវ​សាធារណៈ ហើយ​ត្រូវតែ គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ប្រសិន​បើក​ពួកគេ​មិន​ចង់​ឲ្យ​មានការ​រុះរើ​សំណង់​ពេល​កំពុង​សាងសង់ ឬ​ទទួលទោស​ពិន័យ​ផ្សេងៗ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​នៅលើ Facebook របស់​សម្តេច​នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយ​រំលេច​ជាមួយ​រូបភាព នៃ​ការដ្ឋាន​សំណង់​របស់​អគារ ណាហ្គា​ជាច្រើន​សន្លឹក​ថា ការវិនិយោគ​ផ្នែក​សំណង់ ទូទៅ​រួមទាំង Hotel, Condo, Apartment, សាលារៀន ផ្សារ​ទំនើប Malls និង​ក្លឹប​កម្សាន្ត​នានា​នៅ​ទូទាំង​រាជធានី​ភ្នំពេញ កំពុង​រីក ដុះដាល​ស្ទើរ​គ្រប់​ទីកន្លែង​។​

​ទន្ទឹម​ការរីកដុះដាល​ការសាងសង់​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ ទោះបី​តូច ឬ​ធំ ត្រូវ​យកចិត្តទុកដាក់ លើ​សុវត្ថិ​ភាពជា​ចម្បង ហើយ​រាល់​ការសាងសង់ គឺ​ត្រូវតែ​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ហើយ​គោរព​តាម​គោលការណ៍​សំណង់ និង មាន គុណភាព ដែល​ជាទី​ទុកចិត្ត​របស់​ពលរដ្ឋ​។​
​តែ​សម្តេច​បាន​ថ្លែង​គូសបញ្ជាក់ថា សំណង់​មួយចំនួន​នៅតែ​ចូលចិត្ត​បំពាន​យក​ចំណី​ដី​ផ្លូវ​សាធារណៈ «​នៅក្នុង​រាជធានី​ភ្នំពេញ យើង សង្កេតឃើញ​មាន​សំណង់​តូចធំ​មួយចំនួន គឺ​ធ្វើ​ចូលចិត្ត​តែ​រីក​លយ​ចេញមក​ខាងក្រៅ​លើ​ចំណី​ដី​សាធារណៈ ហើយ​គិតថា​នឹង​បាន​រួច ពី​សំណាញ់​ច្បាប់​។ ដើម្បី​ចៀសវាង​ការរុះ​រើចេញ​នៅក្នុងពេល​ពាក់កណ្តាល​សាងសង់​អាគារ គឺ​សូម​បណ្តា​ក្រុមហ៊ុន​នានា​យកចិត្ត​ទុក  ដាក់ កុំ​បំពារបំពាន ឬ​កេងចំណេញ​យក​ចំណីផ្លូវ​សាធារណៈ​ធ្វើជា​របស់​ផង​ខ្លួន​។ នាំគ្នា​គោរព​ច្បាប់​ឲ្យ​បានល្អ​ត្រឹម​ន​ត្រូវ បើទោះបី ពេលមុន ឬ​ពេលនេះ បាន​រួច​ផុតពី​សំណាញ់​ច្បាប់ តែ​នៅពេល​មួយ​នោះ​នឹង​ទទួល​ទោសពិន័យ​ធ្ងន់ធ្ងរ​ថែមទៀត​»​។​

​សូមបញ្ជាក់ថា កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅនេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ធ្លាប់បាន​បញ្ជា​ឲ្យ​រុះរើ​ម្តង​រួច មកហើយ​នូវ​សំណង់​អគារ​របស់​ណាហ្គា​វើ​ល បន្ទាប់ពី​សម្តេច​ពិនិត្យឃើញថា សំណង់​នេះ សង់​រំលោភ​លើដី​សាធារណៈ​។ បន្ទាប់ពី  នោះ​សម្តេច​តេ​ជោ បាន​ព្រមាន​ឲ្យ​រុះរើ​ចោល​ទាំងអស់​រាល់​សំណង់​ទាំងឡាយណា ដែល​សង់​រំលោភ​លើផ្លូវ​សាធារណៈ​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ព្រមាន​ផងដែរ​ទៅដល់​មន្ត្រី ដោយ​សម្តេច​បញ្ជាក់ថា មន្ត្រី​នៅតាម​មូលដ្ឋាន​ត្រូវតែ​ទទួលខុសត្រូវ​នៅ  លើ​ទឹកដី​របស់ខ្លួន​ពេល​មាន​សំណង់​ខុសច្បាប់ ឬ​រំលោភ​ចំណី​ដី​សាធារណៈ​កើតមានឡើង​៕

ចំនួនអ្នកទស្សនា

    20619057

  • ថ្ងៃនេះ5791
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61451
  • ខែនេះ176601
  • ឆ្នាំនេះ176601
  • សរុប20619057