ឯកឧត្តម គង់ វិបុល​៖ ការលុបបំបាត់​ពន្ធ​តាម​របប​ម៉ៅការ ផ្តល់​សមធម៌​ចំពោះ​អ្នក​ជាប់ពន្ធ​

26-February-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ បាន​ថ្លែង​ឲ្យ​ដឹងថា នៅ​ឆ្នាំ​២០១៦​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​លុបចោល ពន្ធ​តាម​របប​ម៉ៅការ ហើយ​ការលុបបំបាត់​នេះ បានផ្តល់​នូវ​សមធម៌​ចំពោះ​អ្នក​ជាប់ពន្ធ​។​

​ការ​ថ្លែង​បែបនេះ​របស់ ឯកឧត្តម គង់ វិបុល ធ្វើឡើង​ក្នុងឱកាស ដែល​លោក​អញ្ជើញ​បើក​សិក្ខាសាលា ស្តីពី​ការអនុវត្ត​កាតព្វកិច្ច​ពន្ធ និង​កាតព្វកិច្ច​របស់​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ នៅ​រសៀល​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សាលា​ជាតិ​ពន្ធដារ​។​

​ ឯកឧត្តម​បាន​លើកឡើងថា «​ការលុបចោល​ការបង់​ពន្ធ​តាម​របប​ម៉ៅការ មកជា​បង់​តាម​របប​ស្វ័យ​ប្រកាស គឺជា​ការបង់ពន្ធ​ប្រកបដោយ​សមធម៌​»​។​

 ​ ឯកឧត្តមគង់ វិបុល បាន​ថ្លែង​ក្នុង​សិក្ខាសាលា​នោះ​ថា នេះ​ជា​សិក្ខាសាលា​មួយ​មាន​សារៈសំខាន់ ដើម្បី​រួមចំណែក​ខ្ពស់ ក្នុងការ​ពង្រឹង​ការអនុវត្ត​កាតព្វកិច្ច​ពន្ធ និង​កាតព្វកិច្ច​របស់​ភ្នាក់ងារ សេវាកម្ម​ពន្ធដារ ហើយ​សិក្ខាកាម​ចូលរួម​ទាំងអស់​នឹង​ទទួល បាន​នូវ​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ស្តីពី​វិជ្ជាជីវៈ​ខាង​ផ្នែក​ផ្ដល់​សេវាកម្ម​ពន្ធដារ ជូន​ដល់​ក្រុមហ៊ុន​ដែលជា​អតិថិជន​របស់ខ្លួន​។​

​ជាមួយគ្នានេះ ​ ឯកឧត្តម គង់ វិបុល ក៏បាន​ថ្លែងអំណរគុណ​តំណាង​ក្រុមហ៊ុន​នានា ដែលមាន​វត្តមាន​ចូលរួម​នៅក្នុង អង្គសិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការយកចិត្តទុកដាក់ ខ្ពស់​ក្នុង​ការគោរព​ប្រតិបត្តិ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា​ស្តីពី​ពន្ធដារ​។ សិក្ខាសាលា​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោល បំណង​ផ្សព្វផ្សាយ​ដើម្បី​ពង្រឹង​សេវាកម្ម ផ្នែក​ពន្ធដារ​ឲ្យ​អនុវត្តបាន​ត្រឹមត្រូវ តាម​ក្រម​វិជ្ជាជីវៈ​នៃ​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​៕​

ចំនួនអ្នកទស្សនា

    20619357

  • ថ្ងៃនេះ6091
  • ម្សិលមិញ9421
  • សប្តាហ៍នេះ61751
  • ខែនេះ176901
  • ឆ្នាំនេះ176901
  • សរុប20619357