សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​បែងចែក​ប្រាក់​ពិន័យ​ពីបទ​ល្មើស​ចរាចរណ៍ ឲ្យ​បាន​ត្រឹមត្រូវ​

28-February-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ទៅកាន់​មន្ត្រី​ពាក់ព័ន្ធ​ឲ្យ​បែងចែក​ថវិកា ទទួលបាន​ពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ទៅ​មន្ត្រី​ថ្នាក់ក្រោម​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​បើក​គណនី​នៅ​ធនាគារ ដើម្បី​បើកប្រាក់​ទាំងអស់នេះ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងប្រាប់​ក្រុម​អ្នកព័ត៌មាន​នៅក្រោយ​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកុម្ភៈ​នេះ​ថា ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​ក្រឡាហោម ស ខេង បានកំណត់​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់​បើក​គណនី​ធនាគារ ដើម្បី​បើកប្រាក់​លើកទឹកចិត្ត ដែល​ទទួលបាន​ពី​ការផាកពិន័យ ហើយ​សម្តេច​បានបញ្ជាក់​ថា ការបើកប្រាក់​នេះ ត្រូវតែ​ធ្វើ​ឲ្យ​ត្រឹមត្រូវ​ទៅបាន​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។​

​សូមបញ្ជាក់ថា យោងតាម​ការសម្រេចរ​បស់​រាជរដ្ឋាភិបាល​នាពេល​កន្លងទៅ បាន​កំណត់ថា ប្រាក់​ផាកពិន័យ​ពីបទ​ល្មើសច្បាប់​ចរាចរណ៍ ៥​ភាគរយ ដាក់​ចូលទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​នៅសល់ ៩៥​ភាគរយ ត្រូវ​បែងចែក​ជូន​ដល់​កងកម្លាំង​នគរបាល​។ ក្នុងនោះ​នគរបាល​ចរាចរណ៍​ចុះ​ប្រចាំការ​តាម​ដងផ្លូវ​ទទួលបាន​៧០​ភាគរយ ជូន​អង្គភាព​ប្រតិបត្តិការ​របស់​កងក​ម្លាំ​ង ២៥​ភាគរយ​។​

​សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​មន្ត្រីនគរបាល ដែល​ចុះ​អនុវត្ត​ច្បាប់​លើ​ដង​វិថី​ជា​រៀងរាល់ថ្ងៃ ក៏ត្រូវ​បាន សម្តេច ស ខេង ឧបត្ថម្ភ​ម្នាក់ ៤,០០០​រៀល ជា​រៀងរាល់ថ្ងៃ​ផងដែរ​។​
​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រយៈពេល​ជិត ២​ខែ នៃ​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ ថវិកា​ជិត​៤​ពាន់​លាន​រៀល ត្រូវបាន​ផាកពិន័យ​ពី​អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​៕

ចំនួនអ្នកទស្សនា

    20619957

  • ថ្ងៃនេះ6691
  • ម្សិលមិញ9421
  • សប្តាហ៍នេះ62351
  • ខែនេះ177501
  • ឆ្នាំនេះ177501
  • សរុប20619957