ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងទទួលស្គាល់ថា មានគ្រូពេទ្យមួយចំនួនគ្មានក្រមសីលធម៌ គិត លុយជាធំ និងសម្តីអាក្រក់ ដាក់អ្នកជំងឺ តែក៏នៅមានគ្រូពេទ្យជាច្រើនទៀតមានសេចក្តីថ្លៃថ្នូរ។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីអញ្ជើញជាធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សម្តេចតេជោ បានថ្លែងថា «យើងត្រូវទទួលស្គាល់ថា គ្រូបពេទ្យយើងគឺនៅមានចំណុចខ្វះខាតខ្លះៗ ប៉ុន្តែទន្ទឹមនិងនេះគឺគ្រូពេទ្យយើង រវល់មមារញឹកត្រូវនៅប្រចាំការរាល់ថ្ងៃ ដែលមានការលះបង់ មានក្រមសីលធម៌ និងទទួលខុសត្រូវគួរឲ្យកោតសរសើរ។ ប៉ុន្តែមានគ្រូ ពេទ្យមួយចំនួនតូចគ្មានក្រមសីលធម៌ គិតតែពីលុយជាធំ។ ចឹងទេសូមអំពាវនាវចំពោះគ្រូពេទ្យទាំអស់អស់ មេត្តាជួយគ្នា មិនត្រូវជួយគ្នា កុំឲ្យគ្រូពេទ្យម្នាក់ ពីរនាក់ បំផ្លាញគ្រូពេទ្យទាំងមូល។ ត្រូវជួយដាស់តឿនអប់រំគ្នា ហើយត្រូវរក្សាភាពថ្លៃថ្នូរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យ។ សម្តេចបានបញ្ជាក់ថា ក្រុមគ្រូពេទ្យមិនខុសពីកងកម្លាំងប្រដាប់អាវុធនោះទេ រាល់ពេលមានកម្មវិធីសប្បាយ ក៏ជាពេលមានអ្នកជំងឺ មានអ្នកគ្រោះថ្នាក់ ដែលតម្រូវឲ្យក្រុមគ្រូពេទ្យ ត្រូវនៅយាមប្រចាំការ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ដែលពេលខ្លះមិនមានពេលជួបជុំសប្បាយជាមួយគ្រួសារនោះឡើយ។
បើតាមរបាយការណ៍ក្រសួងសុខាភិបាលបានលើកឡើងថា៖ នៅកម្ពុជា មានគ្រូពេទ្យជាង ២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រតិកម្មខ្លាំងចំពោះការលើកឡើងថា «គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ» ដោយសម្តេចចាត់ទុកការលើកឡើងនេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយទៅលើក្រុមគ្រូពេទ្យកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបន្តផងដែរថ្លែងថា៖ នៅក្នុងមួយរយៈពេលនេះ មានការរិះគន់ច្រើនទៅលើក្រុមគ្រូពេទ្យកម្ពុជា ពីសំណាក់ ប្រជាពលរដ្ឋ ហើយសម្តេច ក៏បានរំលឹកទៅដល់អ្នកដែលបានលើកឡើងថា «គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ»។
សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា នៅកម្ពុជាមានចំណុចខ្វះខាតក្នុងវិស័យសុខាភិបាល មានគ្រូពេទ្យខ្លះខ្វះក្រមសីលធម៌ មានគ្រូពេទ្យ គិតលុយជាធំ និងគ្រូពេទ្យប្រើសម្តីអាក្រក់ដាក់អ្នកជំងឺ តែក៏មានគ្រូពេទ្យជាច្រើនមានក្រមសីលធម៌ថ្លៃថ្នូរ និងបានជួយសង្គ្រោះជីវិតអ្នកជំងឺផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «យើងស្តាប់ឮ ឃើញមានសំឡេងត្អូញត្អែរ ពីសំណាក់ពលរដ្ឋរបស់យើងមួយចំនួន រហូតមានអ្នកធ្វើអត្ថាធិប្បាយ រហូតទៅដល់ប្រមាថ ម៉ាក់ងាយចំពោះគ្រូពេទ្យរបស់យើង។ ចំណុចនេះយើងត្រូវទទួលស្គាល់ថា នៅមានចំណុចខ្វះខាត ប៉ុន្តែមិនដល់ថ្នាក់ ១០០ ខូចអស់៩៩ នៅសល់តែមួយនោះទេ មិនដល់ថ្នាក់អីចឹងពេកទេ។ រហូតមានអ្នកខ្លះអំពាវនាវឲ្យធ្វើបដិវត្តន៍នៅក្នុងគ្រូពេទ្យ បើអីចឹងធ្វើបដិវត្តន៍មានយកគ្រូពេទ្យទៅវាយចោល»។
សម្តេចតេជោ បានបន្តថា «ខ្ញុំមិនយល់ស្របទេនូវការលើកឡើងថា គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ។ បើ ១០០ ខូច ៩៩ទៅហើយ សួរថា តើគ្រូពេទ្យហ្នឹងអាចដំណើរការទៅបានអត់។ ដល់ថ្នាក់ហ្នឹងពេក ខ្ញុំទទួលមិនបានទេ»។
គេនៅចាំបានថា អ្នកដែលបានលើកឡើងថា គ្រូពេទ្យ ១០០ ខូច ៩៩ភាគរយ នេះ គឺជាលោកវេជ្ជបណ្ឌិត គួច ម៉េងលី។ លោក គួច ម៉េងលី នៅក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះថា «ខ្ញុំអត់ដែលជួបពេទ្យណាអាក្រក់សែន អាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ។ គាត់គ្មានវិជ្ជាជីវៈគ្មានភាពទន់ភ្លន់ គ្មានមេត្តាធម៌ នេះខ្ញុំមិនមែននិយាយទាំងអស់ទេ ខ្ញុំនិយាយបើខ្ញុំបានជួប១០ មានអាក្រក់៩។ បើមានអាកប្បកិរិយាមារយាទអំនួត អឿ ឈ្លើយ ម៉ាបាវ តើកូនខ្មែរយើងអភ័ព្វយ៉ាងម៉េចទេ»។
ការលើកឡើងរបស់លោក គួច ម៉េងលី ក៏ត្រូវបានគណៈវេជ្ជាជីវៈសុខាភិបាលកម្ពុជា ស្នើឲ្យមានការសូមទោស រហូតមានការឆ្លើយឆ្លងលិខិតគ្នាជាច្រើនលើក ដោយលោក គួច ម៉េងលី មិនព្រមសុំទោសនូវអ្វី ដែលខ្លួនបានលើកឡើងនោះឡើយ។ ចុងក្រោយការឆ្លើយឆ្លងលិខិតរវាងលោក គួច ម៉េងលី និងគណៈវិជ្ជាជីវៈសុខាភិបាលកម្ពុជា ត្រូវបានបញ្ចប់ បន្ទាប់លោក គួច ម៉េងលី ព្រមទទួលស្គាល់ថា នៅកម្ពុជា ក៏មានគ្រូពេទ្យជាច្រើនមានក្រុមសីលធម៌វិជ្ជាជីវៈល្អ៕