ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា កម្ពុជា មានឱកាសបានកំពុងបញ្ជូនកងកំលាំងថែរក្សាសន្តិភាពទៅបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN បាន គឺដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពនៅក្នុងប្រទេស ហើយការបញ្ជូនកងទ័ពចេញទៅក្រៅប្រទេសនោះមិនធ្វើឡើងដើម្បីទៅឈ្លានពានប្រទេសគេនោះទេ ។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរយៈពេល១០ឆ្នាំ នាព្រឹកថ្ងៃទី ០១ ខែមិនា ឆ្នាំ២០១៦នៅវិមានសន្តិភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីទៀ បាញ់ មានប្រសាសន៍ថា ការបញ្ជូនកងកំលាំងរក្សាសន្តិភាព គឺទាក់ទង នឹងបញ្ហាសន្តិភាព ដូចនេះកម្ពុជា ត្រូវតែរួមគ្នាខិតខំការពារឲ្យបាននូវសន្តិភាពនៅក្នុងប្រទេស មិនមែនការបញ្ជូនកំលាំងដើម្បីទៅជួយគេ ប៉ុន្តែនៅក្នុងប្រទេសខ្លួនឯង បែរជាកើតបញ្ហាជំលោះសង្គ្រាម គ្មានសុខសន្តិភាព ប្រការនោះគឺមិនអាចអនុញ្ញាតឲ្យកើតមានជាដាច់ខាត៕