សម្តេច​តេ​ជោ ហ៊ុន សែន ស្រក់​ទឹកភ្នែក​ពេល​មិត្ត​រួម​ជំនាន់​តស៊ូ ទទួលមរណភាព

03-March-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​សម្រក់​ទឹកភ្នែក​នៅពេល​យុទ្ធ​មិត្ត​តស៊ូ​ផ្តួលរំលំ​របប​ប៉ុលពត​ម្នាក់ ទៀត បានទទួល​មរណភាព​។ នេះ​បើ​យោងតាម​ទំព័រ Facebook របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ដែល​បង្ហោះ​នៅ​យប់​ថ្ងៃទី​០២ ខែមីនា  ឆ្នាំ​២០១៦​នេះ រួម​និង​សារ​រំលែក​មរណទុក្ខ​របស់​សម្ដេច​តេ​ជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។​

​គួរបញ្ជាក់​ផងដែរ មិត្ត​រួម​ជំនាន់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ឃ្លា​តទៅ​ឆ្ងាយ​នាពេលនេះ គឺ​អតីត​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉េង ប៉ាត់ សមាជិក​ព្រឹទ្ធ  សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវជា​ស្វាមី​របស់លោក​ស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋ សភា ព្រឹទ្ធសភា និង អធិការកិច្ច​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉េង ប៉ាត់ បានទទួល​មរណភាព កាលពី​វេលា​ម៉ោង​ប្រមាណ ១​និង ៣៥​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០២ ខែមីនា ឆ្នាំ ២០១៦​នេះ ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៦៦​ឆ្នាំ​។ ពេលនេះ​សព​របស់លោក​កំពុង​តម្កល់​ក្នុង​ភូមិគ្រឹះ​លេខ​៣ ផ្លូវ​លេខ​៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ខាងជើង​ក្រសួងមហាផ្ទៃ​)​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖ «​មុននេះ​មិនយូរប៉ុន្មាន មិត្ត​រួម​ជំនាន់​របស់ខ្ញុំ​ម្នាក់​គឺ នាយ​ឧ​ត្ត​ម​សេនីយ៍ ញឹក ហួន បាន លាចាក​លោក​យើង​នេះ​។ ថ្ងៃនេះ​មិត្ត​រួម​ជំនាន់​ម្នាក់ទៀត ដែល​ធ្លាប់​រួមសុខ​រួមទុក្ខ​ជាមួយគ្នា​ធ្វើការ​តស៊ូ​ប្រឆាំង​របប​ប្រល័យ​ពូជ​សាស ន៍ ប៉ុល ពត គឺ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉េង ប៉ាត់ សមាជិក​ព្រឹទ្ធសភា បាន​លាចាក​ប្រព​ន្ឋ កូន ចៅ មិត្តភក្តិ​ទៀតហើយ​»​។​
​សម្តេច​បាន​បន្ថែមទៀត​ថា «​ខ្ញុំ​ពុំមាន​អ្វី​ក្រៅពី​ទឹកភ្នែក​ជូន​ដំណើរ​មិត្ត​ជាទី​ស្រឡាញ់ និង បួងសួង​សុំឱ្យ​វិញ្ញាណក្ខន្ធ​យុ​ទ្ឋ​មិត្ត ប៉េង ប៉ាត់ ទៅកាន់​សុគតិភព​នោះឡើយ​»៕

ចំនួនអ្នកទស្សនា

    20624767

  • ថ្ងៃនេះ641
  • ម្សិលមិញ10851
  • សប្តាហ៍នេះ67161
  • ខែនេះ182311
  • ឆ្នាំនេះ182311
  • សរុប20624767