រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ ផាកពិន័យ ចំពោះ ការជក់បារី

05-March-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖  បើតាម ​ប្រសាសន៍ ​របស់ ឯកឧត្តម ផៃ ស៊ី​ផាន ​អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រី  សេចក្តីព្រាង​អនុក្រឹត្យ​ស្ដីពី​ការហាម​ជក់បារី នេះ​មាន គោលបំណង​ចូលរួម​ក្នុងការ​ការពារ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ការពារ​និង​ទប់ស្កាត់​ការរង​ផ្សែង​ផលិតផល​ថ្នាំជក់​ដែល​បង្ក​ឲ្យ មាន​ហានិភ័យ​សុខភាព​ដល់​អ្នក​នៅ​ជុំវិញ​និង​បរិស្ថាន​និង កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​។​
 
​ឯកឧត្តម ផៃ ស៊ី​ផាន បន្តថា ៖ ​នៅក្នុង​សេចក្តីព្រាង​អនុក្រឹត្យ​នេះ ក៏មាន​ចែង​អំពី​ការផាកពិន័យ​កម្រិត​ស្រាល​ដល់ បុគ្គល​ដែល​ប្រព្រឹត្តល្មើស​គឺ ២​ម៉ឺន​រៀល​ចំពោះ​អ្នក​ជក់បារី​ នៅ​កន្លែង​ហាមឃាត់​និង​៥​ម៉ឺន​រៀល​ចំពោះ​ម្ចាស់ កន្លែង​ដែល​មិន​ព្រម​បិទ​សញ្ញា​ហាម​ជក់បារី​ឬ​នៅតែ​បន្ត​ដាក់​បង្ហាញ​ចាន​គោះ​បារី​។ លោក​ឲ្យ​ដឹងថា នៅ​ប្រទេស​ម៉ាឡេស៊ី មានការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​៣,០៣០​ដុល្លា ​សម្រាប់​អ្នក​បំពាន ប្រទេស​ឥណ្ឌូនេស៊ី​៥,៥៨៧​ដុល្លា ប្រទេស​ប្រ៊ុយណេ ចំនួន​៧៩០​ដុល្លា ប្រទេស​សិង្ហ​បុរី​ចំនួន​៧៥៦​ដុល្លា ប្រទេស​មី​យ៉ាន់​ម៉ា ចំនួន​១៥៧ ទៅ ៧៨០​ដុល្លា ប្រទេស​ហ្វីលីពីន ចំនួន​១១​ទៅ ២៥៧​ដុល្លា  ប្រទេស​ថៃ​៦​ទៅ​៦៥​ដុល្លា និង ប្រទេស​វៀតណាម​៤​ទៅ​១៤  ដុល្លា ចំពោះ​ការប្រព្រឹត្ត​លើ្ម​ស​។​
 
 ​កន្លែង​សាធារណៈ​ដែល​ត្រូវ​ហាម​ការជក់បារី​មានដូចជា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា កន្លែង​សាធារណៈ គ្រឹះស្ថាន​សាសនា សួន​កុមារ សារៈមន្ទីរ និង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​ជាដើម​។​
 ​ឯកឧត្តម ផៃ ស៊ី​ផាន បាន​លើក​ពី​របាយការណ៍​របស់​ក្រសួងផែនការ ឆ្នាំ​២០១៤​ថា ៖​អ្នក​មិន​ជក់បារី ៦០​ភាគរយ កំពុង​ស្រូប​ផ្សែង​បារី​ពី​គេ​។ ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ស្រូប​ផ្សែង​បារី​ពី​គេ​ខ្ពស់​ជាងគេ​គឺ​នៅ​ភោជនីយដ្ឋាន​/​អាហា​រដ្ឋា​ន​(៧៦​ភាគរយ​) នៅក្នុង​អគារ​ធ្វើការ​របស់​រដ្ឋ​(៤៩​ភាគរយ​) និង នៅពេល​ធ្វើដំណើរ​ការ​តាម​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​(៣៤​ភាគរយ )៕

ចំនួនអ្នកទស្សនា

    20627747

  • ថ្ងៃនេះ3621
  • ម្សិលមិញ10851
  • សប្តាហ៍នេះ70141
  • ខែនេះ185291
  • ឆ្នាំនេះ185291
  • សរុប20627747