បែកធ្លាយ​រឿងអាស្រូវ ស្រី្ត​អនុរក្ស​ពន្ធនាគារ ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ លួច​ទំនាក់ទំនង ជាមួយ​មេចោរ​ប្លន់

06-March-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ រឿងអាស្រូវ​ផ្លូវភេទ​មួយ បានកើត​ឡើង​ដែល​ស្រី្ត អនុរក្ស​ពន្ធនាគារ​ខេត្តកំពង់ចាម​-​ខេត្ត​ត្បូងឃ្មុំ ម្នាក់​ឈ្មោះ ស្រស់ ត្រូវបាន​គេ​ទម្លាយ​ឲ្យ​ដឹងថា ៖​លួច​មាន​ទំនាក់ទំនង​ជាមួយ មេចោរ​ប្លន់​ដ៏​ធំ​គឺ​ឈ្មោះ ផាន់ គឹម​យន់ ប្រែ​ឈ្មោះ​ដាក់ថា ហ៊ុល សុធី ហៅ​អា​ក្រៃ​ថោង ដែល​ត្រូវបាន​កម្លាំង នគរបាល​ខេត្តកំពង់ចាម​ចេញ បង្ក្រាបបាន​ជាមួយ​បក្ខពួក​ចំនួន​៥​នាក់​ទៀត នៅ​ថ្ងៃទី​៤-៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។​

​ប្រភពព័ត៌មាន​ច្បាស់​ការដែល​ផ្តល់ជូន បាន​ទម្លាយ​ថា ស្ត្រី​អនុរក្ស​ពន្ធនាគារ ខេត្តកំពង់ចាម​-​ខេត្ត​ត្បូងឃ្មុំ​រូបនេះ បាន​ផិត​ប្តី​របស់ខ្លួន​ហើយ​លួច​មាន​ទំនាក់ទំនង​ដោយ​សំងាត់ ជាមួយ​មេចោរ​ប្លន់​រូបនេះ រហូត​បាន​ដេក​ជាមួយគ្នា​ទៀតផង​។​រឿងអាស្រូវ​ផ្លូវភេទ​មួយ​នេះ បានធ្វើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ពិតជា​ពិបាក​ធ្វើការ​យ៉ាងខ្លាំង ក្នុងការ​តាម​ចាប់ និង​បង្ក្រាប​ជនសង្ស័យ​ជា​មេក្លោង​ធំ​អា​ក្រៃ​ថោង ពីព្រោះ​នៅពេល​បក្ខពួក​របស់​មេ​ចោរ​រូបនេះ ត្រូវ​ចាប់ខ្លួន និង​ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន នៅ​ពន្ធនាគារ​ស្ត្រី​អនុរក្ស​ខាងលើ​បាន​លួច​រាយការណ៍​ទៅ​សហាយស្មន់ ជា​មេចោរ​ប្លន់​ដើម្បី​បន្ត​រត់គេចខ្លួន​។​
​យោងតាម​ប្រភពព័ត៌មាន​ដដែល​ក៏ បាន​លួច​ទម្លាយ​ពី​ប្រវត្តិ​ខ្លះៗ របស់​មេចោរ​ប្លន់ អា​ក្រៃ​ថោង គឺ​កើត​នៅ​ឆ្នាំ​កំណើត​១៩៧៦ មាន​ស្រុកកំណើត​នៅ​ភូមិ​ជី​រោ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​ឃ្មុ​។ នៅ​ឆ្នាំ​២០១០​ជននេះ​បាន​ជាប់ពន្ធនាគារ​ខេត្តកំពង់ចាម លុះដល់​ឆ្នាំ​២០១៤ រូបគេ​បាន​រួច​ពី​ពន្ធនាគារ​។ ក្រោយ​ចេញពី​ពន្ធនាគារ​មានឈ្មោះ ហ៊ុល ភូ​រិ​ន (​ក្មួយ​ប្រសា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​) បាន​នាំ​មកលេង​ផ្ទះ ហើយ​សុំ​ម្តាយ​របស់ខ្លួន​ធ្វើជា​ម្តាយធម៌​។​

​ម្តាយ​របស់​ឈ្មោះ ហ៊ុល ភូ​រិ​ន ក៏បាន​បញ្ចូល​ឈ្មោះ ហ៊ុល សុធី ហៅ​អា​ក្រៃ​ថោង​នេះ ចូល​សៀវភៅ​គ្រួសារ រួច​ក៏​ថត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៅ​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បាន​តែម្តងទៅ​នៅ​ឆ្នាំ​២០១៥​។ នៅ​ខែកក្កដា ទៅ​ខែសីហា ឆ្នាំ​២០១៥​ឈ្មោះ ហ៊ុល ភូ​រិ​ន បាន​នាំ ហ៊ុល សុធី មក​ធ្វើ​បុណ្យសព​ឪពុក​ខ្លួន នៅឯ​ស្រុក​កញ្ជ្រៀច​។ សូមបញ្ជាក់ថា ឈ្មោះ ហ៊ុល ភូ​រិ​ន មានមុខ​ងារ​ជា​អនុប្រធាន​ពន្ធនាគា​ទន្លេ​បិទ ហើយ​ឈ្មោះ ហ៊ុល សុធី ហៅ​ក្រៃ​ថោង មិនមែនជា​ប្រជាពលរដ្ឋ​នៅ​ស្រុក​កញ្ជ្រៀច​ទេ​។​
​សូមបញ្ជាក់ថា មេចោរ​ប្លន់​លំដាប់​ទី​១​អា​ក្រៃ​ថោង និង​បក្ខពួក​៥​នាក់​ផ្សេងទៀត ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកំពង់ចាម បង្ក្រាប​បានជា​បន្តបន្ទាប់ ដែល​ម្នាក់​ចាប់ខ្លួន​នៅ​ស្រុក​ជើងព្រៃ​៤​នាក់​ចាប់ខ្លួន នៅ​ស្រុក​ស្ទឹងត្រង់ និង​ម្នាក់ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​ព្រៃឈរ នា​ថ្ងៃទី​៤-៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​មេចោរ​ប្លន់​ដែល​ត្រូវ​ចាប់ខ្លួន​នៅពេលនេះ ធ្លាប់​ប្លន់​ជាច្រើន​កន្លែង​ជាមួយ​បក្ខពួក នៅតាម​បណ្តា​រាជធានី​-​ខេត្ត ហើយ​ត្រូវបាន​តុលាការខេត្ត​កំពង់ចាម​កាត់ទោស ដាក់ពន្ធនាគារ ចំនួន​២​ឆ្នាំ តែ​ជាប់ពន្ធនាគារ បាន​ត្រឹម​៦​ខែ ក៏ត្រូវ​ព្រះរាជអាជ្ញារង​ខេត្តកំពង់ចាម លោក ជីវ ចាន់​តារា សម្រេច​ដោះលែង​ទៅវិញ ដែល​នាំ​ឲ្យ​មានការ​រិះគន់​ពី​សមត្ថកិច្ច​។ ប៉ុន្តែ​ចំពោះ​ការលើកឡើង​ខាងលើនេះ ត្រូវបាន​លោក ជីវ ចាន់​តារា បាន​ថ្លែងប្រាប់ Fresh News នៅ​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦​នេះ​ថា លោក​បានចេញ​ដី​ឲ្យ​មានការ​ដោះលែង​ជននេះ​ចេញពី​ពន្ធនាគារ​នោះ​ដោយយោង​ទៅតាម​សាលក្រម​ស្ថាពរ​តែប៉ុណ្ណោះ​។​

​យោងតាម​សាលក្រម​ស្ថាពរ​ដែលមាន​លោក នៅ យ៉ា​រ័ត្ន ជា​ប្រធាន​ចៅក្រម​ជំនុំជម្រះ និង​មាន​តំណាង​អយ្យកា​រលោក រៀល សុ​ភិន និង​ក្រឡាបញ្ជី ហេង សម្ផស្ស ចុះ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ បានសម្រេច​ផ្តន្ទាទោស​ឈ្មោះ ហ៊ុត ហាន ដាក់ពន្ធនាគារ​២​ឆ្នាំ តែ​អនុវត្ត​ទោ​ត្រឹម​៦​ខែ​គិតពី​ថ្ងៃ​ចាប់ខ្លួន​គឺ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៤ ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​ធម្មតា​។​
​មេចោរ​ប្លន់​រូបនេះ​ក៏ត្រូវ​បាន​គេ​លួច​ទម្លាយ​ផងដែរ​ថា ត្រូវជា​ប្អូនធម៌​របស់​ប្រធាន​ពន្ធនាគារ​ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ លោក យន់ ពៅ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​នេះ​បាន​ចេញមក​បដិសេធ​ភ្លាមៗ​ថា មិន​ជាប់​ពាក់ព័ន្ធ​នោះឡើយ ពោល​លោក យន់ ពៅ ទើប​មកកាន់​ជា​ប្រធាន​ពន្ធនាគារ​ជិត​៤​ខែ​នេះ​ប៉ុណ្ណោះ ក្រោយ​ពេលដែល​ប្រធាន​ចាស់​លោក មួង សំអាត បានទទួល​មរណភាព​។​

សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​បាន​ថ្លែងថា ក្រុមចោរប្លន់ ដែល​បានធ្វើ​សកម្មភាព​ប្លន់​ដ៏​កក្រើក ក្នុង​មួយរយៈ​ពេល​ចុងក្រោយ​នេះ គឺមាន​មុខ​ដដែលៗ ហើយ​ការដោះលែង​ក្រុមចោរ​ទាំងនោះ ហាក់​មាន​ភាពសេរី និង ធូរ​លុង​ថែម​ទៀតផង​។​
​សម្តេច​បាន​បញ្ជា​ឲ្យ​ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​មេ​ពន្ធនាគារ​ត្រូវ​ពិនិត្យឡើងវិញ ទៅលើ​ការដោះលែង​ក្រុមចោរ និង​ក្រុម​ជួញដូរ​គ្រឿងញៀន​។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ របស់​ក្រសួងមហាផ្ទៃ​នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មានការ​ស្រាវជ្រាវ​រក​ឃើញ​យ៉ាងច្បាស់​ថា ក្រុមចោរប្លន់​មួយរយៈ​ចុងក្រោយ​នេះ គឺមាន​មុខ​ដដែល​។ សម្តេច​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ «​រយៈពេល​ចុងក្រោយ​នេះ យើង​បាន​ស្រាវជ្រាវ​ពិតប្រាកដ​ណាស់​ថា អា​មុខ​ចោរ​ដដែល​។ រឿង​វា​ងើបឡើង​លើក​ទី​៣​ហើយ មុខ​ចោរ​ដដែលៗ គឺ​អាចោរ​ជាប់គុក មិនដែល​ចេះ​ជាប់គុក​បានយូរ​ទេ​[...]​។ [...] អា​អ្នក​ប្លន់​ហ្នឹង គឺថា​ចេញ​តែ​ពី​គុក ចឹ​ង​សូម​មើល​ឡើងវិញ​។ ឥឡូវ​ឲ្យ​តែ​ពួកចោរ និង​គ្រឿងញៀន វា​ចេញពី​គុក​ដូច​ស្រួល​ពេក​តា​ហ្មង ហើយ​អាហ្នឹង​ចេញមក​បង្ករឿង ពីមុន​វា​ប្លន់​ត្រឹម​ប្លន់​ទេ អត់​ទាន់​ហ៊ាន​សម្លាប់​មនុស្ស​ទេ តែ​វា​ចេញ​លើក​ក្រោយនេះ វា​ហ៊ាន​សម្លាប់​មនុស្ស​»​។ ដើម្បី​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ចំពោះ​ការដោះលែង​ទណ្ឌិត នៅពេល​មាន​សំណើ​ឲ្យ​លើកលែងទោស​ក្នុង​ពិធីបុណ្យ​ជាតិ​ធំៗ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​មន្ត្រី​ពន្ធនាគារ​ធ្វើលិខិត ដោយ​បញ្ជាក់ និង​បែងចែក​ឲ្យ​បានច្បាស់លាស់​រវាង​ទណ្ឌិត​ធម្មតា និង​ទណ្ឌិត ជា​ចោរប្លន់ ឬ​ទណ្ឌិត​គ្រឿងញៀន​។​
​សម្តេច​តេ​ជោបានមានប្រសាសន៍​ថា៖ សម្តេច​នឹង​ចំណាយពេល​មើល​ឲ្យ​បាន​ល្អិតល្អន់ មុន​ស្នើ​ឲ្យ​មានការ​លើកលែង ទោស​។ ដើម្បី​បង្ក្រាប និង ទប់ស្កាត់​ការ​សកម្មភាព​ប្លន់​ដ៏​ក្រើ​ក​ក្នុង មួយរយៈ​ពេល​ចុង​ក្រោយនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​មានការ​គ្រប់គ្រង​អាវុធ​របស់​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ឲ្យ​បាន​ម៉ត​ចត់ ហើយ​ត្រូវ​បើក​ប្រតិបត្តិ​ការបង្ក្រាប​ឲ្យ​បាន​ទូលំទូលាយ និង ស្នើ​ឲ្យ ឲ្យ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​

ចំនួនអ្នកទស្សនា

    20627247

  • ថ្ងៃនេះ3121
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69641
  • ខែនេះ184791
  • ឆ្នាំនេះ184791
  • សរុប20627247