សមត្ថកិច្ច​ជលផល​បើកដៃ​ឲ្យ​មានការ​ប្រព្រឹត្ត​នេសាទ​ខុសច្បាប់​

06-March-2016 | ដោយ មែន កំសត់


​ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋ​ទូទៅ​បានធ្វើ​ការរិះគន់​ចំៗ លើ​មន្ត្រីជលផល​ខេត្តពោធិសាត់​ថា​មាន​ភាព​អសកម្ម បណ្តែតបណ្តោយ​អោយ​កើតមាន​បត ល្មើស​នេសាទ​នៅក្នុង​ដែន​គ្រប់គ្រង​របស់ខ្លួន​ជា​រៀងរាល់​រដូវ ពិសេស​នៅក្នុង​រដូវ​ត្រី​ពង​កូន​នេះ ។​បើទោះជា​មាន​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​(​លេខ​០១)​របស់​ប្រមុខ​រាជរដ្ឋាភិបាល អោយធ្វើ​ការបញ្ឈប់​និង​រឹតបន្តឹង​ដាច់ខាត​ចំពោះ​បទល្មើស​នេសាទ នៅក្នុង​រដូវ​បិទ​នេសាទ​ដែលជា​រដូវ​ត្រី​ពង​កូន​នេះ អ្វីដែល​សំខាន់​គេ​នៅតែ​ឃើញ​បទល្មើស​នេសាទ​កើតមាន​ស្ទើរ​ពាសពេញ​ផ្ទៃ​បឹង​ទន្លេ​ដដែល គ្មាន​ការទប់ស្កាត់ ឬ​បង្ក្រាប​នោះឡើយ​។​

​បើតាម​ការអះអាង​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នៅតាម​ដង​ទន្លេ​បានអោយដឹងថា បទល្មើស​នេសាទ​ជាក់ស្តែង​បច្ចុប្បន្ន​កើតមាន​ច្រើនណាស់ នៅតាម​ដងព្រែក​ដៃទន្លេ​សំខាន់ៗ​ដែលជា​ផ្លូវ ត្រី​ធ្វើ​ចរាចរណ៍​ចុះឡើង​ត្រី​រក​កន្លែង​ពង​កូន ឥឡូវ​ត្រូវបាន​ក្រុម​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​ដាក់​រាយ​ឧបករណ៍​ស្បៃ​មុង​ក្រឡា​ញឹក ដែល​ត្រូវបាន​គេ​រាំង​ដាក់​ផ្ជិ​ត តាម​ដៃ​ព្រែក ដៃទន្លេ ដៃ​បឹង លំហូរ ជ្រលង ផ្សេងៗ ។​ល​។ ដែល​ធ្វើអោយ​ត្រី​មិន​អាចធ្វើ​ចរាចរណ៍​ចូល ព្រែក​ទាំងនោះ​មានដូចជា ១ ព្រែក​ស្ដេច​ក្មេង ២​ព្រែ​កកោះ​ទន្លា​ក្រៅ ៣ ព្រែក​តូច​ព្រែក​ធំ​អតីត​ហៅ​ព្រែក​តា​ម៉េង​៤ ព្រែក​ទន្លេ​ថ្កោល​៥ ព្រែក​ទន្លេ​កំពុង​លួង ៦ និង​នៅមាន​ដៃទន្លេ និង​ព្រែក​ជាច្រើន​ទៀត ក្នុង​ខេត្តពោធិសាត់ ដែល​រង​នូវ​ការដាក់​របាំង​ស្បៃ​មុង​ក្រឡា​ញឹក​ផ្ជិ​ត​ដើម្បី​ស្ទាក់ចាប់​ត្រី ពី​ក្រុម​ឈ្មួញ​រកស៊ី​ល្មើសច្បាប់​។​

​ប្រភព​ដដែល​បាន​បន្តថា ការប្រើ​ឧបករណ៍​នេសាទ​ត្រី​ខុសច្បាប់​នៅក្នុង​ខេត្តពោធិសាត់ គឺ​ជនល្មើស​គេ​ប្រើ​ឧបករណ៍​នេសាទ​ទំនើបៗ​ទៅតាម​រដូវ ដូចជា​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​គឺ​ភាគច្រើន​គេ​នេសាទ​ដោយ​ប្រើ​ឧបករណ៍ លប​លូ​ស្បៃ​មុង​ក្រឡា​ញឹក​ដែលមាន​ចំរុះ​ពណ៌ និង​ឧបករណ៍​ទំនើប​មួយទៀត​ដែលមាន​ឈ្មោះថា លប​ប្រើស​១០០ ឧបករណ៍​នេះ​គេ​ដាក់​លាតសន្ធឹង​នៅតាម លំហូរ ជ្រលង ព្រែក ដៃទន្លេ ដៃ​បឹង ឬក៏​ដាក់​កាត់​ទទឹង​ទន្លេ​តាម​មាត់ព្រៃ​លិច​ទឹក ដែលជា​កន្លែង​ត្រី​ឡើង​ពង​កូន ហើយ​ក្នុង​មួយ​របាំងៗ​មាន​ប្រវែង​ចាប់ពី​៣០០ ទៅ​ជាង​១០០០​ម៉ែត្រ​។​

​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្តពោធិ៍សាត់​ទាំងអស់ ស្នើសុំ​ដល់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ពិសេស​លោក ​អេង ជា​សាន ​ប្រធាន​រដ្ឋបាល​ជលផល​កម្ពុជា និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ដែល​ទើប​ឡើង​ថ្មីៗ មេត្តា​ចាត់វិធានការ​អោយបាន​ហ្មឺ​ង​ម៉ាត់​ចំពោះ​បទល្មើស​នេសាទ​ខាងលើនេះ ព្រោះ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​បទល្មើស​នេសាទ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​នេះ​កើត​ច្រើន ក្នុងនោះ​ឧបករណ៍​នេសាទ​ចាប់យក​ត្រី​វិញ ក៏​កាន់តែ​ទំនើបៗ​និង​ផ្លែ​កៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​បើទោះជា​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម រយៈ​ការចុះ​ដល់ទី​កន្លែង​និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទៅ ដែលមាន​ទាំង​រូបភាព​បង្ហាញ​ពី​សកម្មភាព ស្តីពី​បទល្មើស​នេសាទ​យ៉ាង​ជាក់ស្តែង​យ៉ាងណាក៏ដោយ បទល្មើស​នេសាទ​នៅតែ​កើត​មានតែ​ដដែល មិនដែល​ឃើញ​មន្ត្រីជលផល​ចាត់វិធានការ​ណាមួយ​ដែល​លក្ខណៈ​ជា​ទ្រង់ទ្រាយ ធំ​នៃ​ការបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ម្តងណា​នោះឡើយ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មិនមាន​ទំនុកចិត្ត​លើ​មន្ត្រី​ជា​អ្នកអនុវត្ត​ច្បាប់​នោះ ផ្ទុយទៅវិញ​ពេល​បង្ក្រាប​ម្តងៗ គឺ​បង្ក្រាប​តែ​ឧបករណ៍​មង​របស់​ប្រជាពលរដ្ឋ​តូចតាច​ដែល​ពួកគាត់​រកស៊ី​នេសាទ​ជា លក្ខណៈ​គ្រួសារ​តែប៉ុណ្ណោះ​។​

​ជុំវិញ​ការប្រើ​ឧបករណ៍​នេសាទ​ដោយ​ខុសច្បាប់ និង​ខណៈដែល​បទល្មើស​នេសាទ ចេះតែ​កើតមាន​ជា​រៀងរាល់ឆ្នាំ​មិនឃើញ​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ច្បាប់​ខាងលើនេះ​មិន ដឹងថា មន្ត្រីជលផល​បាន​លាភសក្ការៈ​ពីបទ​ល្មើស​ទាំងនោះ​ឬ​យ៉ាងណា​នោះទេ តែ​គ្រាន់តែ​បានដឹងថា កន្លងមក​សម្តេចនាយក​រដ្ឋមន្ត្រី​លោក​តែង​បានដាក់​បទបញ្ជា​យ៉ាង​ហ្មឺ​ង​ម៉ាត់​តាំង ពី​អង្គភាព​ពាក់ព័ន្ធ​រហូត​ដល់​ថ្នាក់មូលដ្ឋាន​មាន​អាជ្ញាធរ​ភូមិ​ឃុំ ត្រូវតែ​អនុវត្ត​អោយខាងតែបាន​នូវ​សារាចរ​ណែនាំ​លេខ​០១ ចំពោះ​បទល្មើស​នេសាទ ប្រសិន​កើតមាន​នៅ​កន្លែង​ណា អាជ្ញាធរ​និង​មន្ត្រី​នៅ​ទីនោះ​ជា​អ្នកទទួលខុសត្រូវ​។​

​បញ្ហា​បទល្មើស​នេសាទ​ដែល​កើតមាន​ជាច្រើន​ក្នុង​ខេត្តកំពង់ឆ្នាំង​ខាងលើនេះ អ្នកយកព័ត៌មាន​យើង​ធ្លាប់បាន​សម្ភាសន៍​មន្ត្រីជលផល​ជា​រៀងរាល់ឆ្នាំ ឯ​ចម្លើយ​គឺ​តែងតែ​និយាយថា ខ្វះខាត​កម្លាំង​និង​មធ្យោបាយ​ធ្វើ​សកម្មភាព​រួម​និង​ថវិកា​សម្រាប់​ចុះទៅ​ធ្វើការ​បង្ក្រាប និង​មន្ត្រីជលផល​ខ្លះ​បាន​និយាយថា អ្នករកស៊ី នេសាទ​ល្មើ​សមាន​ច្រើនពេក​បង្ក្រាប​ពីមុខ​កើត​ខាងក្រោយ​តើ​អោយ​លោក​ធ្វើ​ដូចម្តេច​?​។ តែ​ទោះជា​យ៉ាងនេះ​ក្តី នេះ​គ្រាន់តែ​ជាការ​ឆ្លើយ​ដោះសា​យករួចខ្លួន​តែប៉ុណ្ណោះ ហេតុនេះ​សុំអោយ​ថ្នាក់ដឹកនាំ​ខាងលើៗ មេត្តាជួយ​ចាត់វិធានការ​អោយមាន​ប្រសិទ្ធភាព ចំពោះ​បទល្មើស​នេសាទ​នេះ​ជាបន្ទាន់​ព្រោះ​ខណៈ​នេះ​វា​ជា​រដូវ​ត្រី​ពង​កូន​៕

ចំនួនអ្នកទស្សនា

    20627497

  • ថ្ងៃនេះ3371
  • ម្សិលមិញ10851
  • សប្តាហ៍នេះ69891
  • ខែនេះ185041
  • ឆ្នាំនេះ185041
  • សរុប20627497